ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាពិធីបុណ្យ ដ៏ធំមួយនៅកម្ពុជា ក្នុងចំណោម បុណ្យប្រពៃណីជាតិធំៗ ចំនួន៣ ដែលរួមមាន៖ បុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូក បណ្តែតប្រទីព សំពះព្រះខែ អកអំបុក ដែលពិធីទាំងនេះ ជាបុណ្យទំនៀមទម្លាប់ ប្រពៃណីខ្មែរ មានតាំងពីបុរាណកាលមក ដែលពិធីបុណ្យទាំងនេះ ត្រូវបានប្រជាជនខ្មែរ ប្រកាន់ខ្ជាប់ខ្ជួន និងធ្វើការប្រារព្ធឡើង ជារៀងរាល់ឆ្នាំ មិនដែលខកខានទេ។ ប៉ុន្តែក្នុងចំណោម បុណ្យធំៗទាំងបីនេះ មានតែបុណ្យចូលខ្មែរទេ ដែលជាបុណ្យធំជាងគេ ព្រោះជាឱកាស ដែលប្រជាពលរដ្ឋកម្ពុជា ប្រមូលផលស្រូវ ព្រមទាំងបានបញ្ចប់ ការបង្កបង្កើនផលទាំងឡាយ ជាពិសេសផ្លាស់ឆ្នាំចាស់ ឆ្លងចូលឆ្នាំថ្មី។

បុណ្យចូលឆ្នាំមានរយៈពេល ៣ថ្ងៃ គឺថ្ងៃទី១ ជាថ្ងៃមហាសង្ក្រាន្ត ដែលត្រូវជាថ្ងៃ ប្រជាជនគ្រប់រូបសែនព្រេន ដើម្បីទទួលទេវតាឆ្នាំថ្មី ហើយថ្ងៃទី២ ជាថ្ងៃវ័នប័ត និងថ្ងៃទី៣ ជាថ្ងៃឡើងស័ក ហើយក្នុងរយៈពេលបីថ្ងៃនេះ មានការលេងល្បែង ប្រជាប្រិយគ្រប់យ៉ាង ហើយក៏មានកម្មវិធីកំសាន្ត ជាច្រើនផ្សេងទៀត ដូចជាមានការរាំកំសាន្ត នៅតាមភូមិស្រុក នានាទូទាំងប្រទេសកម្ពុជា។

សម្រាប់ឆ្នាំថ្មី ឆ្នាំ២០១៥នេះ ចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៤-១៥ និង ១៦ ខែមេសា ហើយចូលនៅវេលាម៉ោង ២៖០២នាទី រសៀលថ្ងៃអង្គារទី១៤ ខែមេសា ឆ្នាំ២០១៥។

តើបុណ្យចូលឆ្នាំខ្មែរនេះ មានប្រវត្តិ និងដំណើរការដូចម្តេច? ខាងក្រោមនេះ គឺជាការបង្ហាញខ្លះៗ អំពីបុណ្យចូលឆ្នាំខ្មែរ ៖

មានរឿងនិទានមួយបានតំណាលថា កាលពីព្រេងនាយ មានបុត្រា របស់សេដ្ឋី ដែលជាកុមារម្នាក់ ឈ្មោះធម្មបាលកុមារ ជាអ្នកមានចំណេះវិជ្ជាជ្រៅជ្រះ និងមានបញ្ញាវៀងវៃ ចេះចប់នូវគម្ពីរត្រៃវេទតាំងពីអាយុបាន ៧ឆ្នាំ។ សេដ្ឋីបិតា បានកសាងប្រាសាទ ឲ្យនៅទៀបដើមជ្រៃមួយធំ នៅឆេ្នរទនេ្ល ជាទីលំនៅនៃបក្សីទាំងឡាយ ធម្មបាលកុមារនោះ ចេះស្តាប់ភាសាបក្សី ទាំងឡាយទាំងពួងផង ហើយបានក្លាយជាអាចារ្យ សមែ្តងមង្គលផេ្សងៗ ដល់មនុស្ស ដែលធ្វើឱ្យមនុស្សលោក កោតសរសើរដល់ធម្មបាលកុមារ ថាជាអ្នកប្រាជ្ញ និងជាអ្នកមានបុណ្យផង។

ដំណឹងនេះ ក៏បានលេចឮដល់ កបិលមហាព្រហ្ម ដែលជាអ្នកមានអំណាច នៅក្នុងចក្រវាឡទាំងមូល។ ព្រះព្រហ្ម ចង់ដឹងយ៉ាងខ្លាំង ពីប្រាជ្ញារបស់ធម្មបាលកុមារ ទ្រង់ក៏ចុះពីឋានសួគ៌មក ដើម្បីល្បងប្រាជ្ញា ជាមួយធម្មបាលកុមារ ពេលនោះកបិលមហាព្រហ្ម បានដាក់ប្រសា្ន ៣ «ខ» ដល់ធម្មបាលកុមារ ដោយសន្យាទុកថា បើដោះប្រស្នាបាន នឹងកាត់ក្បាលបូជា ដល់ធម្មបាលកុមារ តែបើដោះមិនរួច នឹងកាត់ក្បាល ធម្មបាលកុមារវិញ។ ធម្មបាលកុមារសុំ ឲ្យពន្យារពេលចំនួន ៧ថៃ្ងសិន ដើម្បីគិតដោះស្រាយប្រស្នា។

លុះកន្លងទៅ ៦ថៃ្ងហើយក៏នៅតែគិតមិនឃើញ ដឹងខ្លួនថាព្រឹកនេះ ខ្លួននឹងត្រូវស្លាប់ ដោយអាជ្ញាកបិល មហាព្រហ្មជាប្រាកដហើយ។ ដូចេ្នះ គួរតែរត់ទៅលាក់ខ្លួន ពួនអាត្មាឲ្យស្លាប់ ដោយខ្លួនឯងប្រសើរជាង ទើបចុះពីប្រាសាទទៅដេកពួន នៅក្រោមដើមត្នោតមួយគូ។ ដើមត្នោត នោះសត្វឥន្រី្ទញីឈ្មោលធ្វើសំបុក អាស្រ័យនៅ វេលាយប់ឥន្រី្ទញី សួរឥន្រ្ទីឈ្មោលថា ព្រឹកនេះយើងបាន អាហារពីណាស៊ី? ឥន្រី្ទឈ្មោលឆ្លើយថា យើងនឹងស៊ីសាច់ ធម្មបាលកុមារ ដែលត្រូវកបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច។ ឥន្រី្ទញីសួរថា ប្រស្នានោះដូចមេ្តច ? ឥន្រី្ទឈ្មោលឆ្លើយថា : វេលាព្រឹកសិរីសួសី្តស្ថិតនៅទីណា ? ត្រូវឆ្លើយថា នៅមុខ ហេតុនេះទើបមនុស្ស ទាំងឡាយត្រូវយកទឹកលប់មុខ ខ១, ថៃ្ងត្រង់សិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅទ្រូង ហេតុនោះទើបមនុស្ស ត្រូវយកទឹកលាងទ្រូង ខ២, វេលាល្ងាចសិរីស្ថិតនៅទីណា ? ត្រូវឆ្លើយថា នៅជើង ហេតុនេះ ទើបមនុស្សទាំងឡាយ ត្រូវយកទឹកលាងជើង ខ៣។ ធម្មបាលកុមារបានឮដូចេ្នះ ក៏ត្រឡប់ទៅប្រាសាទវិញ។

ព្រឹកឡើងកបិលមហាព្រហ្ម ក៏មកសួរប្រស្នា ពីធម្មបាលកុមារ ហើយក៏ឆ្លើយដោះស្រាយ តាមដែលបានឮមក កបិលមហាព្រហ្ម ហៅទេពធីតាទាំង ៧នាក់ ដែលជាបាទបរិចាវិកាព្រះឥន្រ្ទ មកប្រាប់ថា ឥឡូវបិតាត្រូវកាត់ក្បាល បូជាធម្មបាលកុមារ តែបើដាក់ក្បាលនោះ លើផែនដី ក៏នឹងកើតជាភ្លើងឆេះ ទាំងលោកធាតុ បើបោះទៅលើអាកាសភ្លៀងក៏រាំង បើចោលក្នុងមហាសមុទ្រ ទឹកក៏រីងស្ងួតហួតអស់ ដូចេ្នះសូមឲ្យកូនទាំង ៧នាក់ យកពានមកទទួលក្បាល។ ថាហើយក៏កាត់ក្បាល ហុចទៅឲ្យ នាងទុង្សាជាកូនច្បង នាងទុង្សាក៏យកពាន ទៅទទួលក្បាលបិតា ហើយហែប្រទក្សិណ ភំ្នព្រះសុមេរុ ៦០នាទីហើយក៏ អញ្ជើញទៅប្រតិស្ឋានទុក ក្នុងមណ្ឌលនៅក្នុង គុហាគន្ធមាលី ភំ្នកៃលាស បូជាគឿ្រងទិព្វផេ្សងៗ ព្រះ វិស្សកម្មទេវបុត្រ ក៏និមិត្តរោងទព្វដ៏ ហើយដោយកែវ ៧ប្រការ ឈ្មោះថា "ភគវតីសភា" ឲ្យជាទីប្រជុំនៃទេវតា លុះដល់គម្រប់ ១ឆ្នាំជាសង្រ្កាន្ត នាងទេពធីតាទាំង ៧ ក៏ផ្លាស់វេនគ្នាមកអញ្ជើញ ក្បាលកបិលមហាព្រហ្ម ចេញមកហែប្រទក្សិណ ភំ្នព្រះសុមេរុរាល់ៗឆ្នាំហើយ ត្រឡប់ទៅស្ថានទេវលោកវិញ។

ឈ្មោះទេពធីតាមហាសង្រ្កាន្ត និង គឿ្រងអាភរណៈ ថ្ងៃ ទេពធីតាមហាសង្រ្កាន គ្រឿងអាភរណៈ

ថ្ងៃអាទិត្យ ទុង្សាទេវី សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ អាវុធស្តាំកងចក្រ ឆ្វេងសង្ខ័ពាហានៈគ្រុឌ។

ថ្ងៃច័ន្ទ គោរាគទេវី សៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់មុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន អាវុធឆ្វេង ឈើច្រត់ ពាហនៈ ខ្លា។

ថ្ងៃអង្គារ រាគ្យសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរ៉ា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ អាវុធ ឆេ្វងធ្នូ ពាហនៈ អស្សតរ។

ថ្ងៃពុធ មណ្ឌាទេវី សៀតផ្កាចំប៉ា គ្រឿងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសប្បិ អាវុធស្តាំម្ជុល អាវុធឆ្វេងឈើច្រត់ ពាហនៈ លា។

ថ្ងៃព្រហស្បតិ៍ កិរិណីទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្តែក ល្ង អាវុធស្តាំកង្វេរ អាវុធឆ្វេងកាំភ្លើង ពាហនៈដំរី ។

ថ្ងៃសុក្រ កិមិរាទេវី សៀតផ្កាចង្កុលណី គ្រឿងប្រដាប់ បុស្សរាគ័ម ភក្សាហារចេកណាំវ៉ា អាវុធស្តាំ ព្រះខ័ន ឆេ្វងពិណ ពាហនៈ ក្របី។

ថ្ងៃសៅរ៍ មហោទរា សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលរត័ន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំ កងចក្រ ឆេ្វងត្រីសូល៍ ពាហនៈក្ងោក។

ទំនៀមចូលឆ្នាំ៖ ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន ៣ថ្ងៃ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត ថ្ងៃទី២ ជាថ្ងៃវ័នបត ថ្ងៃទី៣ ជាថ្ងៃឡើងស័ក។ ឯការកំណត់ខែ ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេព្តាឆ្នាំថ្មីត្រូវ ចុះមកទទួលតំណែងពី ទេព្តាឆ្នាំចាស់នោះ គេអាចដឹងបានយ៉ាងទៀងទាត់ ដោយអាស្រ័យតាមក្បួន ហោរាសាស្ត្របែបបុរាណ គឺក្បួនមហាសង្ក្រាន្ត នេះឯង។

តើថ្ងៃចូលឆ្នាំថ្មីរបស់ខ្មែរយើងត្រូវលើខែណា ? ថ្ងៃណា ? ចាប់ពីត្រឹមសម័យក្រុងនគរធំ ឡើងទៅខ្មែរយើងប្រើចន្ទគតិ (ដំណើរព្រះចន្ទ) ទើបកំណត់យក ខែមិគសិរជាខែចូលឆ្នាំ ហើយជាខែទី១ ខែកត្តិក ជាខែទី១២។ លុះក្រោយមកទើបគេនិយមប្រើសុរិយគតិ (ដំណើរព្រះអាទិត្យ) ជាសំខាន់វិញ ហើយ កំណត់ចូលឆ្នាំក្នុងខែចែត្រ (ខែទី៥) ដែលជាឆ្នាំកំណត់ព្រះអាទិត្យ ចូលកាន់មេរាសី ហើយថ្ងៃចូលឆ្នាំ រមែងត្រូវលើថ្ងៃទី១៣ នៃខែមេសា (ចេត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែយូរៗទៅមានភ្លាត់ម្តងៗ ចូលឆ្នាំក្នុងថ្ងៃទី១៤ ក៏មានខ្លះដែរ ដូចជាឆ្នាំសកល២០១៤នេះជាដើម។ មហាសង្ក្រាន្ត ដែលប្រើរបៀបគន់គូរ តាមសុរិយគតិមានឈ្មោះថា «សាមញ្ញសង្ក្រាន្ត» (ព្រះអាទិត្យដើរត្រង់ ពីលើក្បាលជាសង្ក្រាន្ត)។ មហាសង្ក្រាន្ត ដែលប្រើរបៀបគន់គូរ តាមចន្ទគតិហៅថា «អាយន្តសង្ក្រាន្ត» (ពេលដែលព្រះអាទិត្យ ដើរបញ្ឈៀងមិនត្រង់ពីលើ)។ គេនៅប្រើចន្ទគតិអែបគ្នា នឹងសុរិយគតិដែរ ព្រោះចន្ទគតិមានទំនាក់ទំនង នឹងពុទ្ធប្បញ្ញត្តិច្រើន។ ចំណែកឯថ្ងៃចូលឆ្នាំតាមចន្ទគតិ មិនបានទៀងទាត់ជាថ្ងៃណាមួយទេ ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត ជួនកាលទៀតក្នុងវេលារនោចទៅវិញ។ ប៉ុន្តែនៅក្នុងរវាង១ខែ គឺមិនមុនថ្ងៃ ៤កើត ខែចេត្រ និងមិនហួសថ្ងៃ ៤កើត ខែពិសាខទេ ដូចនេះសង្ក្រាន្ត ខ្លះធ្លាក់ទៅក្នុងខែពិសាខក៏មាន។

ការរៀបចំបុណ្យចូលឆ្នាំ៖ ចំពោះពិធីផ្សេងៗ ខ្មែរយើងមានរៀបចំ តាមប្រពៃណីដូចតទៅ នៅពេលមុនចូលឆ្នាំ គេនាំគ្នាប្រុងប្រៀប រកស្បៀងអាហារសំអាតផ្ទះសម្បែង រែកទឹកដាក់ពាង រកអុសទុក កាត់សំលៀកបំពាក់ថ្មីៗជាដើម ។ ថ្ងៃចូលឆ្នាំមកដល់ គេរៀបគ្រឿងសក្ការៈបូជា សម្រាប់ទទួលទេវតាថ្មី មាន បាយសីមួយគូ, ស្លាធម៌១គូ ធូប៥, ទៀន៥, ទឹកអប់១គូ, ផ្កាភ្ញី, លាជ, ទឹកមួយផ្តិល និងភេសជ្ជៈនំនែក ផ្លែឈើគ្រប់មុខ។ ចំណែកផ្ទះសម្បែងគេ តុបតែងរំលេច ដោយអំពូលអគ្គីសនីខ្សែតូចៗ ចំរុះពណ៌ ឬចង្កៀងគោមគ្រប់ពណ៌ សម្រាប់ទទួលទេវតាថ្មី។ លុះដល់វេលាកំណត់ ទេវតាថ្មីចុះមកហើយ គេនាំកូនចៅអង្គុយជុំគ្នា នៅជិតកន្លែងរៀបគ្រឿងសក្ការៈនោះ ហើយអុជទៀន ធូបបាញ់ទឹកអប់ បន់ស្រន់សុំសេចក្តីសុខចំរើន គ្រប់ប្រការពីទេវតាថ្មី។ ចំពោះគ្រឿងសក្ការៈ និងក្រយាស្ងោយ ដាក់ថ្វាយទេព្តោនោះ គេនិយមតំរូវតាមចិត្តទេវតា ដែលនឹងត្រូវចុះ ក្នុងឆ្នាំនីមួយៗ។ ឧទាហរណ៍ : បើទេវតា ដែលត្រូវចុះមកនោះសោយល្ង សណ្តែក គេដាក់សណ្តែក ល្ង ថ្វាយ...ឯពិធី ៣ថ្ងៃនៃថ្ងៃចូលឆ្នាំនោះគឺ :

· ថ្ងៃទី១ : គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត ។ ពេលល្ងាចគេនាំគ្នា ជញ្ជូនខ្សាច់សាងវាលុកចេតិយ នៅជុំវិញព្រះវិហារ ឬនៅជុំវិញដើមពោធិ៍ ណាមួយនៅក្នុងវត្តនោះ។ នៅពេលព្រលប់គេ ប្រគេនភេសជ្ជៈ ដល់ព្រះសង្ឃ និមន្តលោកចំរើនព្រះបរិត្ត និងសំដែងធម្មទេសនា។

· ថ្ងៃទី២ : កូនចៅជូនសំលៀកបំពាក់ នំចំណី លុយកាក់ដល់អ្នកមានគុណ ឪពុកម្តាយ ជីដូនជីតាជាដើម។ ជួនកាលគេធ្វើទាន ដល់មនុស្សបំរើ ឬអ្នកក្រីក្រទៀតផង។ ពេលរសៀលគេនាំគ្នា ទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ ដែលគេសន្មត់ទុកដូចជា ចូឡាមណីចេតិយ ហើយនិមន្តព្រះសង្ឃ បង្សុកូលចេតិយបញ្ជូន មគ្គផលដល់វិញ្ញាណក្ខន្ធបង ឬ ប្អូនដែលបានស្លាប់ទៅ។

· ថ្ងៃទី៣ : ពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់។ ពេលល្ងាចនិមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប (តាមការនិយមនៃស្រុកខ្លះ)។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយ កំសាន្ដសប្បាយជាច្រើន ដូចជាលេង បោះអង្គញ់, ចោលឈូង, ទាញព្រ័ត្រ, លាក់កន្សែង, ចាប់កូនខ្លែងជាដើម និងមានរបាំត្រុដិ (ច្រើនមាននៅខេត្តបាត់ដំបង សៀមរាប និងសព្វថ្ងៃមាននៅភ្នំពេញខ្លះ) ជាពិសេសទៀត គឺរាំវង់តែអាស្រ័យទៅតាមការ និយមចូលចិត្តរបស់មនុស្សម្នាក់ៗ គឺខ្លះនិយមនាំគ្នា ដើរកំសាន្ដបន្ត ខ្លះនិយមធ្វើបុណ្យទាន តាមវត្តអារាម។

វាលុកចេតិយ ពាក្យសាមញ្ញហៅថា «ពូនភ្នំខ្សាច់»។ ការពូនភ្នំនេះ គេយកខ្សាច់សុទ្ធមកចាក់នៅកណ្តាលទីធ្លា ដែលគេបានកំណត់ រួចពូនឱ្យចេញជារាង ចេតិយបែរមុខទៅទិសខាងកើត ហើយគេសន្មត់ហៅថា «វាលុកចេតិយ» គឺតំណាងឱ្យ ព្រះចូឡាមណីចេតិយ ដែលសាងសម្រាប់ បញ្ចុះព្រះកេសា និងព្រះចង្កូមកែវ នៃព្រះពុទ្ធបរមគ្រូ។ ការពូនភ្នំនេះ បច្ចុប្បន្នតំបន់ខ្លះ គេនិយមពូនភ្នំអង្ករនៅសាលាឆាន់ ឬ ក្នុងព្រះវិហារផងដែរ។ ភ្នំខ្សាច់ដែលគេពូនមិនមានកំណត់ថា ត្រូវមានខ្នាតតូចខ្ពស់ទាបប៉ុណ្ណាទេ គឺប្រព្រឹត្តទៅតាមការពេញចិត្ត របស់អ្នកស្អាង។ ប៉ុន្តែចាំបាច់ត្រូវ មានភ្នំមួយនៅកណ្តាល ហើយត្រូវមានភ្នំតូចៗ ៤ ព័ទ្ធជុំវិញគ្រប់ទិសតូចទាំង ៤ ។ នៅជុំវិញភ្នំ គេមានធ្វើរាជវ័ត តុបតែងលំអស្លឹកដូង ស្លឹករំសែជាបួនជ្រុងមាន ទ្វារចេញចូល តាមទិសធំទាំង ៤ ។នៅជុំវិញរាជវ័តគេមាន រៀបរានទេវតាគ្រប់ទិសទាំង ៨។ នៅលើរានទេវតានីមួយៗគេរៀបស្លាធម៌មួយគូ,បាយសីមួយថ្នាក់មួយគូ, ទៀន៥, ធូប៥, ផ្កាភ្ញី និងអុជទៀនធូបថ្វាយ។ នៅពីមុខភ្នំខ្សាច់ក្រៅរាជវ័ត គេរៀបរានធំៗបីទៀត សំរាប់ថ្វាយព្រះយមរាជ ស្ថិតនៅកណ្តាលខាងឆ្វេងរានព្រះយមរាជ គឺរានព្រះពុទ្ធគុណ និងខាងស្តាំគឺរានព្រះពិស្ណុការ រានធំទាំងបីនេះ គឺគេរៀបគ្រឿងសក្ការៈបូជា ដូចរានទេវតាដែរ តែបាយសីខ្ពស់រហូតដល់ ៩ថ្នាក់ និងមានដាក់សំលៀកបំពាក់ឆ្វេងស្តាំ ហើយមានដាក់ ក្រយាថ្វាយសោយទៀតផង។

រួមអានិសង្ស

ព្រះបរមសាស្តាទ្រង់បានសំដែងអំពី អានិសង្ស ដែលបានកសាងបុណ្យកុសល ក្នុងឱកាសដាច់ ឆ្នាំចាស់ ចូលឆ្នាំថ្មី ដោយពិស្តារអ្នកដែលបានផ្ងូត (ងួត) ទឹកឱ្យមាតាបិតា គ្រូឧបជ្ឈាយ៍ អាចារ្យ ឬព្រះសង្ឃក្នុងឱកាស សង្ក្រាន្តនោះ រមែងជាស្តេចម្ចាស់ផែនដីមាន រិទ្ធិដ៏មហិមាសំបូរដោយ រតនៈ៧ប្រការ ដេរដាសដោយពពួកនាងនារី សឹងមានរូបឆោមដ៏ល្អ និងសំបូរ ដោយចតុរង្គសេនា ជាអ្នកបាននូវ សេចក្តីសុខគ្រប់យ៉ាង៕

<object width="495" height="424" data="http://www.youtube.com/v/mmEttGrkx2I&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/mmEttGrkx2I&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល