(កំពង់ស្ពឺ)៖ ថៅកែរោងចក្រម្នាក់ ត្រូវបានប្រជាពលរដ្ឋលួចបង្ហើបថា បានលួចសាងសង់សំណង់រឹងមាំមួយកន្លែង ដោយរំលោភមកលើដីចំណីផ្លូវជាតិលេខ៤១ ក្នុងចំណុចភូមិព្រៃគោ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប៉ុន្តែពេលនេះមន្រ្តីពាក់ព័ន្ធ ក៏ដូចជាមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មិនទាន់ចុះត្រួតពិនិត្យចំពោះបញ្ហានេះនៅឡើយទេ។

ប្រជាពលរដ្ឋរស់នៅក្បែរនោះបានលួចប្រាប់ Fresh News ថា សំណង់ទាំងនេះ បាននិងកំពុងសាងសង់ ជាបន្ទប់ផ្ទះជួល និងហាងសម្រាប់ជួលរបស់ម្ចាស់រោងចក្រ។ សំណង់នេះ គឺជាសំណង់មានសភាពរឹងមាំ ដែលតាមបទដ្ឋានគតិយុទ្ធ គឺត្រូវមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ចំពោះការសង់នោះវិញត្រូវបានគេសង្កេតឃើញថា បានសង់មកលើដីចំណីផ្លូវ១០០ភាគរយទៅហើយ ដែលការសាងសង់នេះទៀតសោត អាចប៉ះពាល់ទាំងការចរាចរណ៍ និងប៉ះពាល់ដល់បរិស្ថានថែមទៀត ពីព្រោះបរិស្ថានអាចកើតបាននៅពេលដែលមានការប្រមូលមនុស្សរស់នៅច្រើន។ បើតាមប្រជាពលរដ្ឋ សំណង់ដែលគេកំពុងសាងសង់នេះ ហាក់ធ្វើដោយរលូនមិនមានមន្ទីរណាមួយ ចុះមកអើតមើលសោះ គឺរង់ចាំសាងសង់ហើយ គេមកយកលាភតែម្តង ឬយ៉ាងណា?

លោក ស៊ឹម រតនៈ អភិបាលស្រុកសំរោងទង បានប្រាប់ភ្នាក់ងារ Fresh News ថា លោកបានបញ្ជាកម្លាំង ឱ្យចុះត្រួតពិនិត្យហើយ តែមិនទាន់មានរបាយការណ៍ត្រឡប់មកវិញទេ។ ដោយឡែក លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ និងជាសាម៉ីមន្ទីរ ក៏មិនអាចសុំការបំភ្លឺបានទេ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៦នេះ ដោយទូរសព្ទ័លោកបានបិទ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី