(កណ្តាល)៖ មានហេតុការណ៍លិចទូកដ នៅកំពង់ចម្លងកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះ បណ្តាលឲ្យបាត់ខ្លួនមនុស្សចំនួន២នាក់ និងម៉ូតូ៣គ្រឿង ក្នុងចំណោមអ្នកជិះនៅលើទូកដ១០នាក់។

អធិការនគរបាលស្រុកល្វាឯម លោក ជា ថុល បានប្រាប់អង្គភាព Fresh News ថា ហេតុការណ៍នេះបានកើតឡើង ដោយសារតែ មានភ្លៀងធ្លាក់ខ្លាំង និងមានរលកធំជាងដំបូលផ្ទះទៅទៀត។

លោកថា ទូកដនេះពេលចេញពីកំពង់ចម្លងកោះកែវ នៅស្រុកល្វាឯម ឆ្ពោះទៅស្រុកកៀនស្វាយ បានប្រមាណ៥០ម៉ែត្រប៉ុណ្ណោះ ស្រាប់តែមានភ្លៀងធ្លាក់ខ្លាំង និងមារលកធំទើបធ្វើឲ្យលិចតែម្តង ពេលនោះព័ត៌មានជំហានដំបូងថា មានមនុស្ស១០នាក់បាត់ខ្លួន បន្ទាប់មក៨នាក់ បន្ទាប់មក៦នាក់ តែចុងក្រោយមានតែ២នាក់ប៉ុណ្ណោះ ដែលបាត់ខ្លួន អមដោយម៉ូតូចំនួន៣គ្រឿង រកមិនទាន់ឃើញនៅឡើយទេ ដោយសារតែទឹកមានជំរៅ រហូតដល់៤០ម៉ែត្រឯណោះ។

លោកអធិការបានបញ្ជាក់ថា តាមពិតភ្លៀងខ្លាំង គេមិនឲ្យទៅដែរតែម្ចាស់កំពង់ដរ ថា មិនអីទើបចេញទូកដស្រាប់តែជួបហេតុការណ៍នេះតែម្តង។ នៅពេលកម្លាំងសមត្ថកិច្ច បានចុះទៅជួយអន្តរាគមន៍ស្វែងរកជនរងគ្រោះ ទាំង២នាក់ ដែលសង្ស័យបានស្លាប់ទៅហើយនោះ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី