(អាមេរិក)៖ លោក Steve Jobs ត្រូវបានគេប្រសិទ្ធិនាមឲ្យថា ជាបិតាស្ថាបនាក្រុមហ៊ុន Apple និងជាបុគ្គលដ៏អស្ចារ្យមួយរូបនៅក្នុងពិភពលោក ប៉ុន្តែគួរឲ្យស្លាប់ លោកបានលាចាកលោកបាត់ទៅហើយ។

ខាងក្រោមនេះគឺជាសំដីចុងក្រោយរបស់លោក Steve Jobs ដ៏មានតម្លៃបំផុត ដែលធ្វើឲ្យមនុស្សគ្រប់គ្នាកែប្រែចិត្តគំនិតក្រោយពេលអាចរួច។

នេះជាពាក្យចុងក្រោយរបស់ Steve Jobs៖ ខ្ញុំបានឈានមកដល់ចំណុចកំពូលនៃភាពជោគជ័យក្នុងពិភពជំនួញ។ នៅក្នុងក្រសែភ្នែកអ្នកដទៃ ជីវិតរបស់ខ្ញុំ ជាគំរូមួយនៃភាពជោគជ័យ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រៅពីជីវិតការងារ ខ្ញុំមានសេចក្តីសុខតិចតួចប៉ុណ្ណោះនៅក្នុងជីវិត។ ហើយនៅទីបញ្ចប់ ទ្រព្យសម្បត្តិគឺគ្រាន់តែជាការពិតមួយនៃជីវិត ដែលខ្ញុំបានកំណត់ទុករហូតមក។

ក្នុងខណៈពេលនេះ ខ្ញុំកំពុងទម្រេតខ្លួននៅលើគ្រែអ្នកជំងឺ ហើយរំឮកពីជីវិតរបស់ខ្ញុំទាំងមូលឡើងវិញ។ ខ្ញុំភ្ញាក់រឮកថា រាល់ភាពទទួលស្គាល់ពីអ្នកដទៃ និងទ្រព្យសម្បត្តិទាំងអស់ ដែលខ្ញុំតែងមានមោទនភាពខ្លាំងបំផុតកន្លងមក បានសាបរលាបបន្តិចម្តងៗ ហើយប្រែជាខ្សោះអស់ន័យ នៅចំពោះមុខសេចក្តីមរណៈ ដែលកំពុងតែកើតមានឡើងខាងមុខនេះ។

នៅក្នុងស្បៃអន្ធការដ៏ខ្មៅងងឹត ភ្នែកទាំងគូរបស់ខ្ញុំ សម្លឹងមើលទៅកាន់ភ្លើងពណ៌បៃតងពីជ្រុងម្ខាងនៃម៉ាស៊ីនទ្រាំទ្រ ជីវិត ហើយឮស្នូររហ៊ឹមៗនៃរលកសំឡេងមេកានិច។ ខ្ញុំមានអារម្មណ៍ថា ដង្ហើមនៃយមរាជកាន់តែខិតមកជិតដល់ហើយ…។ ឥឡូវនេះទើបខ្ញុំដឹងថា នៅពេលដែលយើងរកបានទ្រព្យសម្បត្ដិសមល្មមនឹងបន្តជីវិតរស់នៅហើយនោះ យើងគួរតែបន្តស្វះស្វែងរករបស់ផ្សេងទៀត ដែលមិនទាក់ទងទៅនឹងភោគសម្បត្ដិទាំងនោះ… គួរតែជាអ្វីមួយដែលសំខាន់ជាងហ្នឹង… ប្រហែលជាទំនាក់ទំនងស្នេហា, សិល្បៈ, ឬមួយជាក្តីសុបិន្តដែលយើងមានពីវ័យក្មេងមក… ការប្រមាញ់រកទ្រព្យសម្បត្តិមិនចេះឆ្អែតឆ្អន់ គឺមានតែអូសទាញមនុស្សឲ្យធ្លាក់ខ្លួនចូលទៅក្នុងភាពអន្តរាយ ទ្រុឌទ្រោមនៃសុខភាពដូចជាខ្ញុំប៉ុណ្ណោះឯង។

ព្រះជាម្ចាស់បានប្រទានឲ្យយើងនូវសតិសម្បជញ្ញៈ ដើម្បីឲ្យយើងមានសេចក្ដីស្រឡាញ់នៅក្នុងបេះដូងរបស់មនុស្សរាល់គ្នា មិនមែនជាការបំភ័ន្តដែលបង្ករឡើងដោយទ្រព្យសម្បត្តិនោះទេ។ ទ្រព្យសម្បត្តិដែលខ្ញុំមានទាំងប៉ុន្មានក្នុងជីវិត ខ្ញុំមិនអាចនាំយកជាប់ខ្លួនរហូតទេ។ អ្វីដែលខ្ញុំអាចយកទៅជាមួយបានគឺមានតែអនុស្សាវរីយ៍ ឬការចងចាំដែលបានមកឲ្យដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ។ នោះហើយគឺជាទ្រព្យសម្បត្ដិដ៏ពិតប្រាកដដែលនឹងនៅជាមួយអ្នក, អមដំណើរអ្នក, ហើយឲ្យកម្លាំងដល់អ្នក និងជាពន្លឺបំភ្លឺអ្នកឲ្យបន្តដំណើរទៅមុខទៀត។

សេចក្ដីស្រឡាញ់អាចធ្វើដំណើរបានរាប់ពាន់យោជន៍។ ជីវិតគ្មានដែនកំណត់នោះទេ។ ចូរទៅកន្លែងដែលអ្នកចង់ទៅ។ ឡើងឲ្យដល់កម្ពស់ដែលអ្នកចង់ឈានទៅដល់។ អ្វីទាំងអស់គឺស្ថិតនៅក្នុងបេះដូង និងកណ្តាប់ដៃរបស់អ្នកហើយ។ តើគ្រែអ្វីដែលជាគ្រែដ៏មានតម្លៃថ្លៃបំផុតនៅក្នុងពិភពលោក? – នោះគឺ «គ្រែអ្នកជំងឺ»…

អ្នកអាចជួលនរណាម្នាក់ឲ្យបើករថយន្តឲ្យអ្នក, ឲ្យរកប្រាក់សម្រាប់អ្នក, ប៉ុន្តែអ្នកមិនអាចជួលនរណាម្នាក់ឲ្យមកឈឺជំនួសអ្នកទេ។

ទ្រព្យសម្បត្ដិដែលបាត់បង់ទៅហើយអាចរកមកវិញបាន។ ប៉ុន្តែមានរបស់ម្យ៉ាងក្នុងលោកយើងនេះដែលយើងគ្មានថ្ងៃរកវាមកវិញ បានទេនៅពេលដែលវាបាត់បង់ – នោះគឺជា «ជីវិត»។

នៅពេលដែលមនុស្សម្នាក់ចូលទៅក្នុងបន្ទប់វះកាត់ គេនឹងភ្ញាក់ខ្លួនថា នៅមានសៀវភៅមួយក្បាលដែលគេមិនទាន់បានអានចប់ - នោះគឺជា «សៀវភៅនៃជិវិតដ៏មានសុខភាពល្អ»។

មិនថាឈុតឆាកមួយណានៃជីវិតដែលយើងកំពុងតែស្ថិតនៅឥឡូវនេះទេ, ជាមួយនឹងពេលវេលា យើងនឹងប្រឈមមុខនូវថ្ងៃមួយដែលវាំងននជីវិតរបស់យើងបិទធ្លាក់ចុះ មកក្រោមជាមិនខាន។

ដូច្នេះ ចូរសាងកំណប់ស្នេហ៍សម្រាប់ក្រុមគ្រួសារអ្នក, ស្នេហាដ៏បរិសុទ្ធសម្រាប់ដៃគូរជីវិតរបស់អ្នក និងសេចក្ដីស្រឡាញ់ចំពោះមិត្តភក្តិរបស់អ្នក…
«មើលថែខ្លួនឯងឲ្យបានល្អ…! …ស្រឡាញ់មនុស្សជុំវិញខ្លួនឲ្យបានច្រើន!»

គួរបញ្ជាក់ផងដែរថា លោក Steve Jobs បានឈ្មោះពេញថា Steven Paul Jobs បានកើតនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៥៥ និងបានស្លាប់នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១១ ក្នុងវ័យ ៥៦ឆ្នាំ ដោយជំងឺមហារីកលំពែង៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី