ភ្នំពេញៈ រយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា ក្រុមកំប្លែង នាយ ពាក់មី ដែលកំពុងមាន ប្រជាប្រិយភាពលេចធ្លោ លើស ពីក្រុមកំប្លែងឯទៀតនោះ ហាក់ដូចជាកំពុងតែ រងនូវការរិះគន់ជាច្រើន ផ្ទួនៗគ្នា ពាក់ព័ន្ធនឹងការប្រើប្រាស់ ពាក្យពេជន៍កំប្លែងមិនសមរម្យ ប៉ះពាល់អារម្មណ៍អ្នកទស្សនា។

កាលពីពេលថ្មីៗក្រុមកំប្លែងនេះ ទើបតែត្រូវបានខាង អគ្គលេខាធិការក្រុមប្រឹក្សា សកម្មភាពជនពិការ បានប្រតិកម្ម ទៅលើក្រុមកំប្លែង ថាបានសម្តែង នាំឲ្យប៉ះពាល់ ដល់សេចក្តីថ្លៃថ្នូ របស់ជនពិការ ។ក្រោយពីមានការរិះគន់ មិនពេញចិត្តបែបនេះ គេក៏បានឃើញអ្នកគ្រប់គ្រង ក្រុមកំប្លែង លោក សុវណ្ណ រិទ្ធី ហៅ តាវិចទ័រ រួមជាមួយនាយ ពាក់មី បានប្រញាប់ប្រញាល់ ចេញមុខសុំទោសជាសាធារណៈ ទៅលើការមិនពេញចិត្តនោះភ្លាមៗ ។ ជាមួយគ្នានោះ អ្នកគ្រប់គ្រងរូបនេះ ក៏បានបង្ហើបឲ្យដឹងថា លោកនឹងចាប់ផ្តើមរឹតបន្តឹង ទៅលើការសម្តែង ឲ្យបានទ្វេដង បន្ថែមទៀត ជៀសវាងការធ្វើឲ្យ បងប្អូនប្រជាពលរដ្ឋ មិនសប្បាយចិត្ត ។

ជួបជាមួយ LookingTODAY តាមទូរស័ព្ទ កាលពីពេលថ្មីៗនេះ អ្នកគ្រប់គ្រងក្រុមកំប្លែង និងជាអ្នកផលិតកម្មវិធី នៅស្ថានីយទូរទស្សន៍ CTN លោក សុវណ្ណ រិទ្ធី ហៅ លោក តាវិចទ័រ បានប្រាប់ឲ្យដឹងថា លោកមានអារម្មណ៍ សោកស្តាយជាខ្លាំង លើការសម្តែង របស់ក្រុមកំប្លែង ធ្វើឲ្យទស្សនិកជន ពុកម៉ែបងប្អូនមិនពេញចិត្ត នាំឲ្យមានការរិះគន់។ ក្នុងនាមលោក ជាអ្នកគ្រប់គ្រងរីករាយក្នុង ការទទួលយកការរិះគន់ ក្នុងន័យស្ថាបនាជានិច្ច។

លោក វិចទ័រ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា "នៅក្នុងរយៈពេល២សប្តាហ៍ ជាប់ៗគ្នានេះ ខ្ញុំបានចាត់វិធានការតឹងរឹង នៅក្នុងការប្រជុំ ជាមួយក្រុមកំប្លែង ស៊ីធីអិន ក្នុងគោលបំណងណែនាំ ទៅដល់សមាជិកក្រុមកំប្លែក មិនឲ្យប្រើពាក្យពេចន៍ ដែលមិនសមរម្យ អសុរោះ ធ្វើឲ្យប្រជាពលរដ្ឋ លោកមិនពេញចិត្តនោះទេ ។ សម្រាប់ពាក្យសម្តីណាមិនល្អ គឺដាច់ខាត់មិនត្រូវយកមក និយាយនៅក្នុង ការសម្តែងឡើយ ជៀសវាងធ្វើឲ្យ អ្នកទស្សនាមានការ មិនពេញចិត្ត ព្រោះថាក្រុមកំប្លែងអាចទទួល បានការគាំទ្រមានកេរ្តិ៍ឈ្មោះ រហូតដល់ពេលនេះ ដោយសារតែទស្សនិកជនជួយគាំទ្រ ដូច្នេះត្រូវរក្សាតម្លៃ ក្នុងការសម្តែងឲ្យបានល្អ "។

អ្នកគ្រប់គ្រងក្រុមកំប្លែង នាយពាក់មី រូបនេះ បានប្រាប់ឲ្យដឹងទៀតថា "ឧទាហរណ៍ដូចជាពាក្យមួយ គឺខ្ញុំគិតថា វាជាពាក្យដែល អសុរោះ ក្រុមកំប្លែងខ្ញុំ មិនគួរយកទៅនិយាយទេ (ពោកប៉ុនណា) តែខ្ញុំនិយាយនេះ មិនមែនតែពាក្យមួយនេះទេ គឺមានពាក្យជាច្រើនទៀត ឲ្យតែមិនសមរម្យ មិនគួរយកទៅនិយាយដូចគ្នា ព្រោះថាពាក្យនេះ វាអាចធ្វើឲ្យប៉ះពាល់អារម្មណ៍ ទស្សនិកជនគ្រប់ស្រទាប់ ប្រាសចាកក្រមសីលធម៌ វប្បធម៌ខ្មែរ។ យើងដឹងហើយថា រាល់ការសម្តែង ពាក្យសម្តីនិយាយចេញ ពីមាត់អ្នកសម្តែងគឺសុទ្ធតែចូល ទៅដល់ត្រចៀក មហាជនគ្រប់រូប គ្រប់ស្រទាប់ ប្រៀបដូចជាកញ្ចក់ឆ្លុះបញ្ចាំង ។ ក្រោយពីមានមតិរិះគន់នេះ ខ្ញុំនិងបង្កើន ការនិពន្ធរឿងបែប បង្កប់ន័យអប់រំ ឲ្យបានកាន់តែច្រើន បន្ថែមទៀត ទៅដល់យុវវ័យ ហើយខ្ញុំ និងព្យាយាមកាត់បន្ថយ អ្វីដែលមិនល្អ ទាំងការសម្តែង និងការប្រើពាក្យនិយាយ ក្នុងការសម្តែងជាដើម "៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល