ខណៈដែលជនជាតិបារាំង “ភ័យខ្លាច” ត្រូវធ្វើការច្រើន ជនជាតិចិន នៅតែឧស្សហ៍រកប្រាក់ ដោយប្រើប្រាស់ពេល ៦០ម៉ោង/សប្ដាហ៍។

ក្នុងពេលដែលប្រជាជនបារាំង កំពុងព្រួយបារម្ភអំពីឱនភាពសេដ្ឋកិច្ចនឹងធ្វើឱ្យរដ្ឋាភិបាលបញ្ចប់ច្បាប់ហាមមិនឱ្យលក់ដូរក្នុងថ្ងៃអាទិត្យ ក៏ដូចជាការធ្វើការ ៣៥ម៉ោង/សប្ដាហ៍ ចំណែកបណ្ដាជនអន្ដប្រវេសចិន បែរជារកប្រាក់ដោយស្ងាត់ស្ងៀមតាមរបៀបចាស់ ៖ ១១ម៉ោង/ថ្ងៃ និង ៦ថ្ងៃ/សប្ដាហ៍។

បារាំងកំពុងជជែកគ្នា ចិនកំពុងរកប្រាក់

Zhang Chang ជាជនជាតិចិន ដែលកំពុងរកស៊ីដោយបើកហាងកាហ្វេ ឈ្មោះ Le Marais នៅក្រុងបារីស បានសម្ដែងនូវការងឿងឆ្ងល់ចំពោះច្បាប់របស់បារាំង ដែលកាត់បន្ថយពេលធ្វើការ ៤ម៉ោងក្នុង ១សប្ដាហ៍ ធៀបនឹងឆ្នាំ ១៩៩០ ៖ “ខ្ញុំគិតថា នៅពេលអ្នកធ្វើការ អ្នកនឹងមានប្រាក់។ ហេតុអ្វីក៏ធ្វើការត្រឹមតែ ៣៥ម៉ោង?”

ហាងកាហ្វេរបស់ Zhang Chang គ្រាន់តែជាផ្នែកមួយដ៏តូច ក្នុងចំណោមជនជាតិចិននៅ Wenzhou ដែលបានមករកស៊ីនៅបារាំង។ អ្នកទាំងនេះ ធ្វើការយ៉ាងឃ្មាតខ្មី និងផ្ដោតទៅលើប្រភេទមុខរបរដែលមិនស្ថិតក្រោមច្បាប់ ៣៥ម៉ោង/សប្ដាហ៍ និងច្បាប់ហាមរកស៊ីថ្ងៃអាទិត្យ។

ការធ្វើការតាមរបៀបចិន គឺផ្ទុយទៅនឹងស្ដង់ដាតុល្យភាពរវាងជីវិត និងការងារដែលបារាំងបានយកជាសំខាន់តាំងពីដើមរៀបមក ប៉ុន្ដែវាបែរជាសមស្រាបជាមួយនឹងមនុស្សដែលយល់ថា វាដល់ពេលនឹងត្រូវប្ដូរផ្លាស់។

នៅក្នុងការស្ទង់មតិថ្មីៗនេះ៧១% នៃជនជាតិបារាំង ឆ្លើយថា ពួកគេត្រៀមខ្លួននឹងធ្វើការនៅថ្ងៃអាទិត្យ ប្រសិនប្រាក់ខែឡើងខ្ពស់។ ទន្ទឹមនឹងនេះ អ្នកការិយាល័យ និងម្ចាស់ក្រុមហ៊ុនបារាំង និយាយថា ជាក់ស្ដែងពួកគេនៅតែធ្វើការជាង ៣៥ម៉ោង/សប្ដាហ៍។

យ៉ាងនេះក្ដី រដ្ឋាភិបាលបារាំង នៅតែមិនចង់ “ប៉ះពាល់” ដល់បណ្ដាសហជីព ដូច្នេះហើយមកដល់ពេលនេះ នៅតែការពារច្បាប់ហាមការលក់ដូរនៅថ្ងៃអាទិត្យ និងរបបធ្វើការ ៣៥ម៉ោង/សប្ដាហ៍។

ចិនធ្វើការ ៨០ម៉ោង/សប្ដាហ៍

និយាយអំពី លោក Zhang និងអ្នកស្រី Xiao ពួកគេគ្រាន់តែជាជនជាតិចិន ២រូប ក្នុងចំណោម ១៥០,០០០ នាក់ មកពី Wenzhou ដែលទទួលបានជោគជ័យក្នុងការរកស៊ីនៅបារាំង។ លោក Zhang បានមកដល់បារាំង កាលពីឆ្នាំ ១៩៩៦ ប៉ុន្ដែ ដោយសារមិនមានលិខិតស្របច្បាប់ គាត់ត្រូវធ្វើការងារក្រៅក្របខ័ណ្ឌ រហូតទទួលបាន Green Card ។ នេះគឺជាវិធីដែលជនជាតិចិនភាគច្រើនប្រើប្រាស់ នៅពេលចូលមកបារាំង។

នៅក្នុងសៀវភៅ “ជនជាតិចិននៅបារីស” អ្នកស្រាវជ្រាវ Richard Beraha បានសរសេរថា ៖ “ពួកគេមិនត្រូវការអ្វីពីរដ្ឋាភិបាល ព្រោះពួកគេចេះរស់នៅលាក់ខ្លួន មិនចាំបាច់មានក្រដាសស្នាម ក៏ដូចជាមិនព្រួយបារម្ភអំពីភាពគ្មានការងារធ្វើ ដោយសារពួកគេសុទ្ធតែធ្វើជំនួញដោយខ្លួនឯង” ។

ជនជាតិចិននៅ Wenzhou ដែលមានចម្ងាយ ៥០០គីឡូម៉ែត្រ ពីក្រុង Shanghai គឺជាមនុស្សចូលចិត្តធ្វើជំនួញដោយខ្លួនឯង ដូច្នេះនៅពេលមកដល់បារាំង សមាជិកក្នុងគ្រួសារ ប្រមូលប្រាក់ និងកម្លាំង ដើម្បីបើកអាហារដ្ឋាន ភាគច្រើនគឺប្រភេទ take-away ដោយសារមុខរបបនេះ ត្រូវការទុនប្រហែល ៦៧,៨០០ដុល្លារប៉ុណ្ណោះ ហើយពួកគេ ធ្វើជាថៅកែបណ្ដើរ ធ្វើជាបុគ្គលិកបណ្ដើរ។

បារគឺជាចំណុចកណ្ដាលនៃជីវិតរស់នៅរបស់បារាំង។ ពួកគេមកកាន់ទីនេះ ដើម្បីទិញភេសជ្ជៈ បារី ភ្នាល់សេះ ប៉ុន្ដែមុខរបរនេះ ត្រូវបានថៅកែបារាំងមិនចូលចិត្ត ព្រោះតែត្រូវពលកម្មច្រើន ប៉ុន្ដែប្រាក់ចំណេញតិច។ មូលហេតុនេះហើយ ធ្វើឱ្យបារ និងអាហារដ្ឋានប្រមាណជា ៦០% ត្រូវបានជនជាតិអាស៊ី ភាគច្រើនគឺចិន ទិញយកមកគ្រប់គ្រង។ ប្រការនេះ នាំឱ្យអ្នកស្រុកបារាំង រិះគន់ ៖ “ពេលនេះ តំបន់ជាច្រើន គេអាចរកបានបន្លែចិន ងាយស្រួលជាងនំប៉័ងបារាំងទៅទៀត” ហើយបានបង្ហាញការមិនពេញចិត្ត នៅពេលហាងចិននានា លក់អាហារបារាំង ដោយឥរិយាបទ “ស្ទាក់ស្ទើរ។

ទស្សនាវដ្ដី Le Point របស់បារាំង បានចេញផ្សាយនូវអត្ថបទមួយ មានចំណងជើងថា “ធ្វើវិធីចម្លែកបែបណា ទើបពួកគេធ្វើបានដូច្នេះ?” ព្រមទាំងបានបង្ហាញចំណុចសំខាន់ ៥ប្រការ ក្នុងវិធីរកស៊ីរបស់ជនជាតិចិន ៖

១/ ធ្វើការ ៨០ម៉ោង/សប្ដាហ៍
២/ ដេកនៅក្នុងហាង
៣/ មិនបាច់អស់ថ្លៃឈ្នូល ព្រោះជាអ្នកផ្ទះ
៤/ មិនរួមវិភាគទានទៅក្នុងប្រព័ន្ធនានារបស់រដ្ឋ
៥/ មិនបង់ពន្ធ

ជ្រុងងងឹតនៃការឧស្សហ៍ព្យាយាម

របាយការណ៍ឆ្នាំ ២០០៥ របស់អង្គការពលកម្មអន្ដរជាតិ នៅក្រុង Geneva បានឱ្យដឹងថា ភោជនីយដ្ឋាន រោងចក្ររបស់ចិន មានការរំលោភសិទ្ធិពលកម្មនៃជនជាតិចិនដូចគ្នា។ មូលហេតុដែលនាំឱ្យជនជាតិចិន ជាច្រើនត្រូវស្ថិតក្នុងស្ថានភាពត្រូវជនជាតិចិនដូចគ្នារំលោភសិទ្ធិ គឺដោយសារពួកគេទាល់ច្រក។

អត្ថបទគួរឱ្យចាប់អារម្មណ៍ ៖

យកជីវិតទៅប្ដូរនឹងប្រាក់ជាង ៥ដុល្លារ ក្នុងមួយថ្ងៃ នៅមាត់ភ្នំភ្លើង

មហាសេដ្ឋីនីទី២១របស់ចិន ៖ បញ្ហាគឺជាឱកាសល្អ

មហាសេដ្ឋី Bill Gates លាងចាន រាល់យប់

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ CB/BI