(គូឡាឡាំពួរ)៖ ខណៈពេលមានព័ត៌មានចុះផ្សាយព្រោងព្រាតថា កូនប្រុសរបស់លោក គីម ជុងណាំ បានធ្វើដំណើរមកដល់ទីក្រុងគូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី ដើម្បីទទួលយកសាកសពរបស់ឪពុកនោះ មេបញ្ជាការប៉ូលិសម៉ាឡេស៊ីលោក Abd Samah Mat បានថ្លែងឲ្យដឹងថាសមាជិកក្រុមគ្រួសារទាំងឡាយណាដែលបានមកដល់ទីនេះ នឹងទទួលបានការការពារយ៉ាងចិត្តទុកដាក់បំផុតពីសំណាក់កងកម្លាំងប៉ូលិសម៉ាឡេស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក Samah បានបញ្ជាក់ថាមកទល់ព្រឹកថ្ងៃអង្គារនេះពុំទាន់មានសមាជិកក្រុមគ្រួសារណាម្នាក់របស់លោក គីម ជុងណាំ បានមកទទួលយកសាកសពនៅឡើយទេ ក៏ប៉ុន្តែបើសិនជាពួកគេបានមកកាន់ទីនេះដើម្បីធ្វើដូច្នោះនោះ វត្តមានរបស់ពួកគេនៅម៉ាឡេស៊ីនឹងមិនត្រូវលាតត្រដាងឲ្យសាធារណជនបានឲ្យដឹងនោះឡើយរហូតដល់ដំណាក់កាលដែលចាំបាច់បំផុត ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ។

លោកមេបញ្ជាការប៉ូលិសរូបនេះបានបន្តថា បើសិនជាសមាជិកគ្រួសារណាម្នាក់ស្ថិតនៅទីនេះ ពួកគេនឹងត្រូវនាំយកទៅកាន់មន្ទីរពេទ្យនៃរដ្ឋធានីគូឡាឡាំពួរដើម្បីធ្វើការកំណត់អត្តសញ្ញាណសាកសពជនរងគ្រោះ និងប្រគល់គំរូ DNA។ ក្រោយមកប្រសិនបើប៉ូលិសឯកភាពថាបុគ្គលនោះ ពិតជាកូនចៅរបស់ជនរងគ្រោះប្រាកដមែន សាកសពលោក គីម ជុងណាំ នឹងត្រូវប្រគល់ដល់ដៃរបស់សមាជិកគ្រួសាររូបនោះ ហើយអាជ្ញាធរម៉ាឡេស៊ីនឹងបញ្ជូនដំណឹងទៅកាន់ស្ថានទូតកូរ៉េខាងជើង។

ជុំវិញបញ្ហានេះមានសេចក្តីរាយការណ៍ព័ត៌មានថា លោក គីម ហាន់សូល ដែលជាកូនប្រុសរបស់លោក គីម ជុងណាំ ទំនងបានធ្វើដំណើរមកដល់ទីក្រុងគូឡាឡាំពួរ តាមជើងហោះហើរនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia ពីទីក្រុងម៉ាកាវ ហើយការមកដល់នេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរម៉ាឡេស៊ីប្រកាសថានឹងប្រគល់សាកសពលោក គីម ត្រឡប់ទៅវិញបើសិនជាក្រុមគ្រួសារ សាច់ញាតិរបស់លោកយល់ព្រមផ្ដល់គំរូ DNA។

គួរបញ្ជាក់ថាកូរ៉េខាងជើងក៏បានទាមទារឲ្យម៉ាឡេស៊ីប្រគល់សាកសពលោក គីម ជុងណាំ ទៅឲ្យស្ថានទូតរបស់ខ្លួនប្រចាំនៅទីក្រុងគូឡាឡាំពួរភ្លាមៗផងដែរដោយពុំចាំបាច់ធ្វើកោសល្យវិច័យអ្វីឡើយ ក៏ប៉ុន្តែត្រូវបានបដិសេធ ដោយអាជ្ញាធរម៉ាឡេស៊ីបានលើកឡើងថាការស្លាប់នោះបានកើតឡើងយ៉ាងទាន់ហន់ និងពោរពេញដោយអាថ៌កំបាំង។

ដោយឡែកនាព្រឹកថ្ងៃអង្គារនេះគេបានសង្កេតឃើញថាមានក្បួនរថយន្តគ្មានសញ្ញាសម្គាល់ចំនួនបួនគ្រឿងបានធ្វើដំណើរចូលទៅកាន់បរិវេណនៃមន្ទីរពេទ្យគូឡាឡាំពួរអមដោយកងកម្លាំងពិសេសប្រមាណជា ៣០នាក់ការពារសន្តិសុខជុំវិញទីនោះ ដែលទីកន្លែងតម្កល់សាកសពលោក គីម ជុងណាំ ប៉ុន្តែពុំមានសារព័ត៌មានណាបញ្ជាក់បន្ថែមពីរឿងនេះឡើយ៕

ប្រភព ៖ CNA