(គូឡាឡាំពួរ)៖ ម៉ាឡេស៊ីនឹងនៅរង់ចាំដើម្បីសាកសួរជនសង្ស័យប៉ុន្មានរូប ពាក់ព័ន្ធក្នុងករណីឃាតកម្មលើលោក គីម ជុងណាំ ដែលត្រូវគេជឿជាក់ថា កំពុងសំងំលាក់ខ្លួនក្នុងស្ថានទូតកូរ៉េខាងជើង នៅរដ្ឋធានីគូឡាឡាំពួរ ទោះបីជាវាត្រូវចំណាយពេលដល់ទៅប្រាំឆ្នាំក៏ដោយ។ នេះបើតាមសម្តីធ្ងន់ៗរបស់មេបញ្ជាការប៉ូលិសម៉ាឡេស៊ី ដែលត្រូវបានដកស្រង់ ដោយសារព័ត៌មាន Straits Times នៅមុននេះបន្តិច នាល្ងាចថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។

កម្លាំងប៉ូលិសម៉ាឡេស៊ីបានដាក់រនាំងហ៊ុមព័ទ្ធជុំវិញ ស្ថានទូតកូរ៉េខាងជើង បន្ទាប់ពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានប្រកាសថា នឹងដាក់បំរាមហាមមិនឲ្យជនជាតិម៉ាឡេស៊ីទាំងអស់ ចាកចេញពីប្រទេសកូរ៉េខាងជើងនោះឡើយ ដែលប្រការនេះបានជំរុញឲ្យមាន ការចាត់វិធានការក្តៅ ឆ្លើយតបតាមរបៀបដូចគ្នាភ្លាមៗ ពីសំណាក់ទីក្រុងគូឡាឡាំពួរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ មេបញ្ជាការប៉ូលិសម៉ាឡេស៊ី លោក Khalid Abu Bakar បានសង្កត់ធ្ងន់ថា «យើងនឹងនៅរង់ចាំបើទោះបីជាវា ត្រូវចំណាយពេលប្រាំឆ្នាំក៏ដោយ យើងនឹងបន្តរង់ចាំរហូតនៅខាងក្រៅនេះ»។ លោក Khalid បានបន្ថែមថា រូបលោកមានការជឿជាក់ខ្ពស់ថា ជនសង្ស័យយ៉ាងហោចណាស់ចំនួនបីនាក់ ដែលជាប់ពាក់ព័ន្ធជាមួយករណីឃាតកម្មលើលោក គីម ជុងណាំ កំពុងសំងំលាក់ខ្លួន នៅក្នុងអគារស្ថានទូតកូរ៉េខាងជើង។

គួរបញ្ជាក់ថា ជាការឆ្លើយតបទៅនឹងបំរាមរបស់កូរ៉េខាងជើង ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ahmad Zahid Mamidi បានចេញសេចក្តីណែនាំ មិនឲ្យមន្រ្តីទូតកូរ៉េខាងជើង ចាកចេញពីប្រទេសម៉ាឡេស៊ីឡើយ៕

ប្រភព ៖ Straits Times