(ភ្នំពេញ)៖ គណៈប្រតិភូគយកម្ពុជា ដែលដឹកនាំដោយ លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចូល រួមប្រជុំជាមួយអង្គការ គយពិភពលោករយៈពេល ៣ថ្ងៃនៅទីក្រុងប្រុយសែល ប្រទេសប៊ែលហ្សិក ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យគយជាមួយបណ្តាប្រទេសនានា នៅលើពិភពលោក។

កិច្ចប្រជុំបានធ្វើឡើងចាប់ពីថ្ងៃទី១៤-១៦ ខែកក្កដា ឆ្នាំ២០១៦សប្តាហ៍កន្លងទៅនេះ ដោយមានការចូលរួមពី សំណាក់អគ្គនាយកគយ និងគណៈប្រតិភូគយ នៃបណ្តាប្រទេសជាសមាជិកចំនួន ១៨០ប្រទេស ព្រមទាំងតំណាង វិស័យឯកជន និង អ្នកសង្កេតការណ៍អន្តរជាតិ សំខាន់ផ្សេងៗជាច្រើនទៀត។

ក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោក Zouhair Chorfi ប្រធានអង្គប្រជុំ បានកំណត់យកប្រធានបទ «រដ្ឋបាលគយក្នុងបរិបទបច្ចេកវិទ្យាព័ត៌ មានវិទ្យា (Digital Customs)» ជាមួយពាក្យស្លោក «ការចូលរួមអភិវឌ្ឍស្ថាប័នឥតឈប់ឈរ (Progressive Engagement)»។ ការដាក់ចេញប្រធានបទនេះ គឺដើម្បីផ្សព្វផ្សាយ និង ជំរុញបន្ថែមទៀត នូវការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា និងស្វ័យប្រវត្តកម្មដូចមាន ចែងក្នុងជំពូកទី៧ នៃឧបសម្ព័ន្ធទូទៅ នៃពិធីសារកែសម្រួលអនុសញ្ញាអន្តរជាតិ ស្តីពីសាមញ្ញកម្ម និងសុខដុមនីយកម្មនីតិវិធីគយក្រុងក្យូតូ។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងដំណើរការពិភាក្សានោះ អង្គប្រជុំបានផ្តោតលើបញ្ហាគន្លឹះមួយចំនួនរួមមាន៖ វឌ្ឍនភាព នៃការអនុវត្តផែនការយុទ្ធសាស្រ្ត និងសកម្មភាពឆ្នាំ២០១៥/២០១៦ និងការលើកផែនការយុទ្ធសាស្រ្ត ឆ្នាំ២០១៧/២០១៨ ព្រមទាំងការបង្កើតយន្តការវាយតម្លៃ ការអនុវត្តតាមរយៈការកំណត់សូចនា ករវាស់ស្ទង់សម្រាប់ការងារនីមួយៗ។

ប្រធានបទដែលលេចធ្លោរួមមាន៖ ១. ក្របខណ្ឌស្តង់ដារសុវត្ថិភាពរបស់អង្គការគយពិភពលោក (SAFE Framework of Standards and Aviation Security), ២. ឧត្តមភាពប្រកួតប្រជែងសេដ្ឋកិច្ច (Economic Competitiveness), ៣. កិច្ចសហប្រតិបត្តិការរវាងអជ្ញាធរគយ ប៉ូលីស និង រដ្ឋបាលពន្ធដារ, ៤. ការវិវឌ្ឍនព័ត៌មានវិទ្យា និងការគ្រប់គ្រងពាណិជ្ជកម្ម តាមអេឡិចត្រូនិក (E-commerce) និង ៥. ការបណ្តុះបណ្តាលធនធានមនុស្ស។

អង្គប្រជុំ ក៏បានស្តាប់របាយការណ៍ និងពិភាក្សាលើការងារ បច្ចេកទេសគយដូចជា វិធានដើមកំណើតទំនិញ ការកំណត់តម្លៃគិតពន្ធគយ ការរៀបចំប្រព័ន្ធការធ្វើចំណាត់ថ្នាក់ ទំនិញឆ្នាំ២០១៧ (HS2017) អនុលោមភាព និង កិច្ចសម្រួលពាណិជ្ជកម្មជាដើម។

អង្គប្រជុំក៏បានពិភាក្សាលើការជួញដូរខុសច្បាប់នូវបេតិកភ័ណ្ឌនិងសម្បត្តិវប្បធម៌ ហើយបានបញ្ជាក់ពីតួនាទីរបស់គយក្នុងការបង្ការ និងបង្រ្កាបការជួញដូរនូវសម្បត្តិវប្បធម៌ដែលមានតម្លៃជាសកលទាំងនេះ។

ឆ្លៀតក្នុងឱកាសចូលរួមកិច្ចប្រជុំនោះ លោកបណ្ឌិត គុណ ញឹម ក៏បានប្រជុំទ្វេភាគីជាមួយរដ្ឋបាលគយបារាំង, ថៃ, នូវែលសេឡង់, ជប៉ុន និងកូរ៉េ។

បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងកិច្ចប្រជុំជាមួយរដ្ឋបាលគយបារាំង ភាគីទាំងពីរ បានចុះហត្ថលេខាលើលិខិតបញ្ជាក់បំណង «Letter of Intent» ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគី និង ជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយទាំងផ្នែករដ្ឋបាល និងផ្នែកបច្ចេកទេស ជាពិសេសរដ្ឋបាលគយបារាំង បានសន្យានឹងផ្តល់វគ្គបណ្តុះបណ្តាល ជូនមន្រ្តីគយនិងរដ្ឋាករកម្ពុជា លើមុខជំនាញបច្ចេកទសគយសំខាន់ៗ។

ដោយឡែកជំនួយបជាមួយរដ្ឋបាលគយថៃ ភាគីទាំងពីរ បានពិភាក្សាសម្របសម្រួលនីតិវិធីគយ ក្នុងការនាំចេញកសិផល របស់ប្រទេសកម្ពុជាទៅកាន់ប្រទេសថៃ និង ប្រទេសទីបី ដែលឆ្លងកាត់ ប្រទេសថៃ។ សម្រាប់ជំនួបជាមួយរដ្ឋបាល គយហុងកុង ភាគីទាំងពីរ បានឯកភាពគ្នារៀបចំសេចក្តីព្រាង អនុស្សរណៈយោគយល់គ្នា ដើម្បីចុះហត្ថលេខានៅពេលអនាគត៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី