(ភ្នំពេញ)៖ បន្ទាប់ពីដណ្ដើមបានមេដាយមាស និងសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិកជាផ្លូវការ នៅទីក្រុង Rio ប្រទេសប្រេស៊ីល នាដើមខែសីហា ឆ្នាំ២០១៦ខាងមុខ កាលពីយប់មិញនេះកីឡាការិនី ស៊ន សៀវម៉ី ដណ្ដើមបានមេដាយប្រាក់១គ្រឿងទៀតហើយ នៅក្នុងការប្រកួតកីឡាតេក្វាន់ដូ ជ្រើសរើសជើងឯកប្រចាំតំបន់អាស៊ី (Asian Taekwondo Championship-2016) ដែលធ្វើឡើងនៅប្រទេសហ្វីលីពីនតែមួយនោះ ។

យោងតាមការឲ្យដឹងពីមន្ដ្រីខេមរៈសហព័ន្ធខ្មែរកីឡាតេក្វាន់ដូ បានឲ្យដឹងថា នៅក្នុងការប្រកួត Asian Taekwondo Championship-2016 នេះ មានបញ្ហាមួយចំនួនបានកើតឡើងលើកញ្ញា ស៊ន សៀវម៉ី គឺការពន្យាពេលប្រកួតតាំងពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ប្រហែលម៉ោង ៩យប់ទើបបានធ្វើការប្រកួត ។ ប៉ុន្ដែយ៉ាងណា សៀវម៉ី បានបង្ហាញអារម្មណ៍លើវីដេអូក្នុង Facebook ផ្ទាល់ខ្លួនថា ខ្លួនហាក់មិនសូវមានកម្លាំងនោះទេ ព្រោះខ្លួនមិនបានញាំអ្វី ក្រៅអីប័រហ្គ័រមួយឡើយ ។

លុះដល់ចាប់ផ្ដើមប្រកួតកីឡាការិនី ដែលទើបឈ្នះមេដាយមាស ការប្រកួតជម្រុះកីឡាអូឡាំពិករូបនេះ បានឆ្លងកាត់ ៣ប្រកួតជាប់ៗគ្នា ចាប់ពីប្រហែលម៉ោង ៩យប់ ដល់ម៉ោង ១២យប់ ដោយបានយកឈ្នះលើកីឡាការិនីមកពីប្រទេសវៀតណាម បន្ទាប់មកទើបទម្លាក់កីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ប៉ុន្ដែគួរឲ្យសោកស្ដាយកញ្ញា ស៊ន សៀវម៉ី បានប្រកួតចាញ់ម្ចាស់ក្បាច់គុន គឺកីឡាការិនីមកពីកូរ៉េខាងត្បូង ក្នុងវគ្គផ្ដាច់ព្រ័ត្រ ធ្វើឲ្យរូបគេឈ្នះត្រឹមមេដាយប្រាក់តែម្ដង។

ប៉ុន្ដែទោះជាយ៉ាងណា នេះក៏ជោគជ័យថ្មីមួយទៀតផងដែរ សម្រាប់កីឡាការិនីឆ្នើម ស៊ន សៀវម៉ី ដែលក្នុងរយៈពេល ៣ថ្ងៃ នាងដណ្ដើមបានមេដាយ ២គ្រឿង ពិសេសគឺមេដាយមាស នៃការប្រកួតជម្រុះកីឡាអូឡាំពិក ដែលជាការឈ្នះសិទ្ធិជាប្រវត្តិសាស្ដ្រក្នុងរយៈពេលជាង ៦០ឆ្នាំ ដើម្បីចូលរួមប្រកួតកីឡាអូឡាំពិកជាផ្លូវការ នៅទីក្រុង Rio ប្រទេសប្រេស៊ីល នាដើមខែសីហាខាងមុខ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី