(កណ្ដាល)៖ ជនរងគ្រោះជាច្រើននាក់ ក្នុងនោះមាន៣នាក់ រងរបួសធ្ងន់ប៊ិះស្លាប់ និងមួយចំនួនទៀត រងរបួសស្រាលដែលត្រូវជា សាច់ញាតិ ខាងកូនកំលោះ រយៈពេលជិតមួយឆ្នាំមកនេះ មិនទាន់ទទួលបានយុត្តិធម៌ និងសំណងណាមួយនៅឡើយទេ ពីសកម្មភាពកាប់ប្រហារ របស់សាច់ញាតិខាងកូនក្រមុំ នៅក្នុងពិធីមង្គលការដែលឈ្លោះទាស់ទែញគ្នា រវាងគ្រួសារ កូនកំលោះកូនក្រមុំ ស្ដីពីរឿងបណ្ដាការ កាលពីដើមឆ្នាំ២០១៦ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ជនរងគ្រោះដែលរងរបួសធ្ងន់ធ្ងរជាងគេ បានដាក់ពាក្យបណ្ដឹងទៅកាន់នគរបាលប៉ុស្ដិ៍មូលដ្ឋាន ក្រោយកើតហេតុភ្លាមៗប៉ុន្ដែដំណោះ ស្រាយ តាំងពីថ្នាក់ប៉ុស្ដិ៍ ថ្នាក់អធិការ ថ្នាក់ស្នងការ និងរហូតមកដល់ស្ថាប័នតុលាការ នៅពុំទាន់មានយុត្តិធម៌ណាមួយ សម្រាប់ពួកគេនៅឡើយនោះទេ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានអំពើហិង្សារហូតដេញ កាប់គ្នា រត់ប្រសែកប្រសាចក្រោយពី គ្រួសារកូនកំលោះដែលជាអ្នកស្រុកបាទី ខេត្តតាកែវ និងគ្រួសារកូនក្រមុំ បានឈ្លោះគ្នាព្រោះតែថ្លៃ បណ្ដាការ រហូតខាងកូនក្រមុំស្រែចប្រកាសថា «ហាមឲ្យភ្ញៀវកូនកំលោះចេញក្រៅ»។

ក្នុងហេតុការណ៍ការនោះ ដោយសារតែគ្មានកម្លាំងសមត្ថកិច្ច និងប្រជាការពារភូមិ នៅយាមកាមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ បានធ្វើឲ្យសាច់ញាតិខាងកូនកំលោះជាច្រើននាក់ ក្នុងនោះ គេស្គាល់ច្បាស់ពីរនាក់ ដែលជាជនដៃដល់ ឈ្មោះ យ៉ង់ រស្មី និងឈ្មោះ ហួត សំបូរ បានប្រើដាវស៊ាំមូរ៉ៃ ដេញកាប់ភ្ញៀវកូនកំលោះ រួមទាំងអ្នកកំដរកូនកំលោះ បណ្ដាលឲ្យត្រូវយ៉ាងធ្ងន់ធ្ងរ លើរាងកាយបិះស្លាប់ ទៀតផង។

សាច់ញាតិជនរងគ្រោះ ដែលត្រូវជាឪពុកមា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ បាននិយាយថា ក្នុងអំពើហិង្សានៅថ្ងៃនោះបណ្ដាលឲ្យ ជនរងគ្រោះ៣នាក់ ទី១៖ឈ្មោះ យួន រក្សា អាយុ២១ឆ្នាំ ទី២៖ឈ្មោះ យួន បញ្ញា ជាប្អូនប្រុស និងទី៣៖ឈ្មោះ អ៊ុ មាជ (អ្នកកំដរកូនកំលោះ) បានរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយក្រោយកើតហេតុសាច់ញាតិរបស់ខ្លួន បានដាក់ពាក្យបណ្ដឹង ជាផ្លូវការទៅកាន់នគរបាលប៉ុស្ដិ៍ដើម្បីជួយរកយុត្តិធម៌ជូន។

ប៉ុន្ដែតាំងពីថ្ងៃកើតហេតុ និងថ្ងៃដាក់ពាក្យបណ្ដឹង រហូតមកដល់ពេលនេះ មានរយៈពេលជិតមួយឆ្នាំទៅហើយ ពួកគេដែលរងរបួសធ្ងន់ និងស្រាលនោះ នៅពុំទាន់បានទទួលដំណោះស្រាយ និងយុត្តិធម៌ពិតប្រាកដ ទាំងស្ថាប័នមន្ដ្រីនគរបាលយុត្តិធម៌ និងស្ថាប័នតុលាការ។

សាច់ញាតិរូបនេះ សូមអំពាវនាវដល់ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល លោក លឹម សុគន្ថា ជួយស្រាវជ្រាវ និងបើកការស៊ើបអង្កេតករណីនេះផង ជាពិសេសតាមចាប់ខ្លួនជនដៃដល់ទាំង២នាក់ ឈ្មោះ យ៉ង់ រស្មី និងហួត សំបូរ។

ជាមួយគ្នានេះ បើតាមឪពុកមាជនរងគ្រោះ នៅអំឡុងថ្ងៃដាក់ពាក្យបណ្ដឹងនោះ សាច់ញាតិខាងប្រពន្ធបានទៅដល់ផ្ទះរបស់ពួកគេ ហើយប្រាប់ថា មិនបាច់ដាក់ពាក្យបណ្ដឹងស្អីនោះទេ ទោះបីឡើងទៅដល់លើក៏មិនឈ្នះពួកគេដែរ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី