(ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានទម្លាយថា អ្នកបង្កើត Facebook ជូនសម្តេច គឺជាយុវជនម្នាក់ ដែលជានិស្សិតបញ្ចប់ការសិក្សា មកពីប្រទេសកាណាដា និងអាមេរិក។

ការបង្ហើបអំពីស្ថាបនិក Facebook «Samdech Hun Sen, Cambodian Prime Minister» នាពេលនេះ បានធ្វើឡើងស្របពេល ដែលអ្នកគាំទ្រ (Like) នៅលើទំព័រ Facebook ផ្ទាល់របស់សម្តេចតេជោ បានកើនឡើងជាង២លាននាក់ ដែលជាចំនួនខ្ពស់បំផុត ក្នុងចំណោមទំព័រ Facebook អ្នកនយោបាយនៅក្នុងប្រទេសកម្ពុជា។

ទោះបីយ៉ាងណា យុវជនដែលជា Founder Facebook Pages របស់សម្តេចតេជោ ហ៊ុន សែន គឺអាចនិយាយបានថា ជាយុវជនម្នាក់ដែលពោរពេញ ដោយសមត្ថភាព និងចំណេះដឹងខ្ពង់ខ្ពស់ ការងារច្បាស់លាស់ ព្រោះថាតាមរយៈសកម្មភាពការងារ និងការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅលើបណ្តាញ Facebook ហើយជ្រួតជ្រាប ដល់ប្រជាពលរដ្ឋយ៉ាងពេញលេញ។

«ស្ថាបនិក Facebook របស់សម្តេចតេជោ ហ៊ុន សែន ជានរណា?»

សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់អំពីប្រវត្តិទំព័រ Facebook នេះថា «ដោយសារមើលឃើញអំពីសារសំខាន់បណ្តាញ Facebook នៅក្រៅ ប្រទេសដែលមានការនិយមចូលចិត្តពីយុវវ័យ និងនិស្សិតជាច្រើន ហើយយុវជនរូបនេះគិតថា នាយករដ្ឋមន្រ្តីកម្ពុជា ត្រូវតែមានបណ្តាញសង្គមបែបនេះ ដើម្បីមានទំនាក់ទំនងល្អកាន់តែជិតស្និទ្ធ ជាមួយប្រជាជន ជាពិសេសយុវជន»។

សម្តេចបានបន្ថែមថា «ទើបនៅថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១០ យុវជនរូបនេះបានរៀបចំបង្កើត Facebook ដាក់ឈ្មោះខ្ញុំ "Samdech Hun Sen, Cambodian Prime Minister" ។ យុវជនរូបនេះ បានរៀបចំបង្ហោះជាព័ត៌មាន អំពីសកម្មភាពខ្ញុំ រួមទាំងព័ត៌មានសង្គម ព្រមទាំងរូបថត និងពត៌មានទាក់ទាញទេសចរណ៍ កម្ពុជា»។

សម្តេចបានបន្ថែមថា «ខ្ញុំបានតាមដានមើលព័ត៌មានអំពី Facebook ដែលមានឈ្មោះខ្ញុំជាប្រចាំទន្ទឹមនឹងនោះ គឺមានអ្នកបង្កើត Facebook ដែលបានដាក់ឈ្មោះខ្ញុំ ជាច្រើនផ្សេងទៀត។ ខុទ្ទកាល័យខ្ញុំក៏បានចេញលិខិតបដិសេធពីមុនថា នាយករដ្ឋមន្រ្តីពុំទាន់មាន Facebook ផ្ទាល់ខ្លួននៅឡើយទេ នៅពេលនោះ។ ខាងគណបក្សប្រឆាំងបានប្រកាសថា មេដឹកនាំគណបក្សគេ គឺឈ្នះដាច់បក្សកាន់អំណាចសព្វថ្ងៃ ដែលនៅពេលនោះ គឺខ្ញុំពុំទាន់មាន Facebook ផ្លូវការនៅឡើយ គឺគេប្រកួតតែជាមួយខ្លួនឯង។ ចំពោះយុវជនដែលបានរៀបចំ បង្កើត Facebook ខ្ញុំនៅតែបន្តផ្សាយព័ត៌មានជាធម្មតា ទោះបីពុំទាន់មានការទទួលស្គាល់ ជាផ្លូវការក៏ដោយ»។

សម្តេចបានបន្ថែមទៀតថា «ខ្ញុំបន្តតាមដានពិនិត្យទៅលើ Facebook ទាំងអស់ដែលប្រើប្រាស់ឈ្មោះខ្ញុំ ហើយប្រៀបធៀបគុណភាពការផ្សាយ និងការទទួលខុសត្រូវ ដែលខ្ញុំសម្រេចថា នឹងត្រូវជ្រើសរើសយកមួយជាផ្លូវការ។ នៅពេលដែលគេហទំព័រយុវជនរូបនេះ ទទួលបានអ្នកគាំទ្រ ១លាន៥ម៉ឺននាក់ នៅក្នុងខែកញ្ញា ឆ្នាំ២០១៥ គឺខ្ញុំបានប្រាប់កូនប្រុសរបស់ខ្ញុំ ឲ្យស្វែងរកយុវជនរូបនេះ ហើយបន្ទាប់មកក៏បានទទួលស្គាល់ Facebook នេះជាផ្លូវការរបស់ខ្ញុំតែម្តង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥»។

សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា «ក្រោយពីខ្ញុំបានប្រកាសទទួលស្គាល់ Page នេះជាផ្លូវការរបស់ខ្ញុំ និងបានបញ្ជាក់ទៅក្រុមហ៊ុន Facebook ដើម្បី (Verify) បញ្ជាក់ថា ជា Page របស់ខ្ញុំ គឺខ្ញុំសង្កេតឃើញកំណើន ចំនួនអ្នកគាំទ្រ និង Likes បានកើនឡើងយ៉ាងខ្លំាង។ តាមពិតទៅខ្ញុំទើបចាប់កាន់កាប់ Page ផ្ទាល់ខ្លួនរបស់ខ្ញុំ ចាប់ពីខែ២០ ខែកញ្ញា ឆ្នំាំ២០១៥ មកទល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ (ជាង៤ខែ) គឺបានទទួលការគាំទ្រ និង Likes (2,099,740)។ ខ្ញុំប្រើប្រាស់ Facebook គឺដើម្បីប្រយោជន៍សង្គម និងបានដឹងអំពី សុខទុក្ខពលរដ្ឋ ព្រមទាំងផ្តល់ឱកាសឲ្យពលរដ្ឋ បាននៅកាន់តែជិតស្និទ្ធជាមួយខ្ញុំ។ កន្លងមកថ្មីៗនេះ ខ្ញុំបានដោះស្រាយបញ្ហាសង្គមជាតិ និងជួយពលរដ្ឋកម្ពុជា បានច្រើនតាមរយៈបណ្តាញសង្គមនេះ។ ខ្ញុំប្រើប្រាស់បណ្តាញសង្គមនេះ មិនទៅប្រកួតប្រជែងជាមួយ អ្នកណាម្នាក់ឡើយ»៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី