ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ ពុធ ទី៩ ខែកក្កដា ឆ្នាំ២០១៤នេះ បានបើកសវនា ជំនុំជម្រះ និង កាត់ទោសជនត្រូវចោទ ចំនួន៣នាក់ ក្នុងនោះរួមមាន មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលម្នាក់ អគ្គនាយក ក្រុមហ៊ុន ACICA Groupម្នាក់ និង ម្នាក់ទៀត គឺជា អតីតប្រធានសមាគមចិន និងជាប្រធានក្រុមហ៊ុនកែច្នៃឈើ ទ្រកែវ ទ្រពែង ដែលមានមូលដ្ឋាននៅខេត្តមណ្ឌលគិរី ពីបទ ក្លែងបន្លំលិខិតសាធារណៈ និង ឆបោក ជាប់ ពាក់ព័ន្ធនឹងការឆបោកប្រាក់ ជាង៨០ម៉ឺនដុល្លារ ពីលោកឧកញ៉ា ឆាវ អ៊ិនទ័រ (CAO YUNDE) ដែលជា អគ្គនាយកក្រុមហ៊ុន KHMER HOLDING និង KHMER INTERNTIONAL MEDIA Group ។

លោកកោ វណ្ឌី ប្រធានចៅក្រុមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ ខាងលើនេះ ឈ្មោះ ឈ្មោះ ឯល រុំណី ភេទ អាយុ៤៥ឆ្នាំ មានមុខរបរ ជានាយកក្រុមហ៊ុន ACICA Group , ឈ្មោះ ជិន មីងស៊ីន (Chen Ming Xin) ហៅ ឈិន រិទ្ធី អាយុ៤៥ឆ្នាំជាជនជាតិចិន មានមុខរបរ ប្រធានក្រុមហ៊ុន កែច្នៃឈើទ្រកែវទ្រពែង ដែលមានមូលដ្ឋាននៅខេត្តមណ្ឌលគិរី និង ឈ្មោះ ប៉ុល សុខា មានឋានៈ ទីប្រឹក្សា ក្រសួងទំនាក់ទំនងសភាព្រឹទ្ធសភា។ ជនជាប់ចោទ ត្រូវបានកាត់ទោស ពីបទ«ក្លែងចំណារ និង ហត្ថលេខា របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ចំណាររបស់ជំនួយការសម្តេច ព្រមទាងការក្លែងបន្លំលិខិត របស់រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល លោកស៊ុយ សែម ការក្លែងលិខិតរបស់ ក្រសួងទំនាក់ទំនង សភាព្រឹទ្ធសភា» ប្រព្រឹត្ត កាលពីអំឡុងខែ មិថុនា និង សីហា ឆ្នាំ២០១៣។

យោងតាមរបាយការណ៍របស់ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ឈ្មោះ ឯល រុំណី និងឈ្មោះ ជិន មីងស៊ីន ត្រូវបានចាប់ខ្លួនដោយ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៣ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ឆាវ អ៊ិនទ័រ ជាប់ពាក់ព័ន្ធនឹងការ ឆបោក ប្រាក់ចំនួន ៨១ម៉ឺនដុល្លារ ក្នុងការរត់ការ ដើម្បីទទួលបានអាជ្ញាប័ណ្ណធ្វើអាជីវកម្ម រុករករ៉ែអ៊ុកស៊ីដ នៅក្នុង ខេត្តមណ្ឌលគិរី។ ប៉ុន្តែពួកគេមិន ធ្វើការមិនបានសម្រេច និងបានធ្វើឯកសារក្លែងក្លាយ ឲ្យទៅភាគីដើមបណ្តឹង។ ចំណែកឯ ឈ្មោះ ប៉ុល សុខា រត់គេចខ្លួន ។

យោងតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនរងគ្រោះ កាលពីកំឡុង ខែមិថុនា ឆ្នាំ២០១៣ ជនសង្ស័យទាំងពីរនាក់នេះ បានយកប្រាក់ចំនួន៨១ម៉ឺនដុល្លារ ពីក្រុមហ៊ុនរងគ្រោះជាថ្នូរនឹងការរត់ការ ដើម្បីទទួលបានអាជ្ញាប័ណ្ណធ្វើ អាជីវកម្មរុករករ៉ែអ៊ុកស៊ីដ ដែលមានតម្លៃចំនួន៦លានដុល្លារនៅក្នុងខេត្តមណ្ឌលគិរី ក្នុងរយៈពេល៦០ថ្ងៃ។ ដើម្បីទទួលបានអាជ្ញាប័ណ្ណខាងលើ ជនជាប់ចោទទាំង៣នាក់នេះ បានទៅសុំការអនុញ្ញាតិ ពីក្រសួង ពាក់ព័ន្ធមួយចំនួន រូមមាន ក្រសួងរ៉ែ និងថាមពល ក្រសួងក្រសួងទំនាក់ទំនងសភាព្រឹទ្ធសភា និង ចំណារ (ហត្ថលេខា) របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនផងដែរ ។ ប៉ុន្តែបន្ទាប់ពីបញ្ចប់កិច្ចការ និងនៅពេល ពួកគេបានផ្ដល់លិខិត និងឯកសារទាំងនេះទៅឲ្យក្រុមហ៊ុនរងគ្រោះ ឯកសារ និងលិខិតទាំងនោះជារបស់ ក្លែងក្លាយ។ ហើយក្រោយមកក្រុមហ៊ុនរងគ្រោះបានដាក់ពាក្យបណ្ដឹង ពួកគេ ទៅនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់របស់ក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមច្បាប់។

សាលារាជធានីភ្នំពេញ នឹងប្រកាសសាលក្រម នៃ សំណុំរឿងនេះទី៤ ខែសីហា ឆ្នាំ២០១៤ ខាងមុនេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល