ព័ត៌មានអន្តរជាតិ ៖ មេបញ្ជាការកងពលធំទី ២ លោក Wichai Chaejorhor បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រជាជននៅតំបន់ភាគឦសាន នៅតែគាំទ្រពេញទំហឹងឱ្យលោកនាយករដ្ឋមន្រ្ដី ប្រាយុទ្ធ ចាន់អូចា បន្ដកាន់អំណាច។ លោកបានថ្លែងបែបនេះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ទៅកាន់ក្រុង ខនកែន កាលពីថ្ងៃពុធ នៅពេលលោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយអំពីការស្តារឡើងវិញនូវអ្វី ដែលហៅថា ជាកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចល័ត ដែលអមដោយដំណើរទស្សនកិច្ចទូទាំងប្រទេសដ៏មានសក្តានុពលនេះ។

លោកឧត្តមសេនីយ៍ វ៉ាស៊ីថៃ បាននិយាយថា ជម្លោះនយោបាយនៅភាគឦសាន បានកើតឡើងពីការប្រកួតប្រជែងដ៏កាចសាហាវ ក្នុងចំណោមក្រុមមនុស្ស ដែលមានមនោគមវិជ្ជានយោបាយខុសៗគ្នា ដែលកំពុងតែព្យាយាមយកឈ្នះការគាំទ្រពីអ្នកស្រុក។ លោកបានមានប្រសាសន៍ថា៖ "ប្រជាជនឦសាន ជឿជាក់លើអ្នកដទៃដោយងាយ ហើយពួកគេស្រឡាញ់ ស្មោះត្រង់ ហើយស្មោះស្ម័គ្រនឹងអ្នក ដែលពួកគេស្រឡាញ់។ មិនតែប៉ុណ្ណោះ ពួកគេក៏ជា ប្រភេទមនុស្សដឹងគុណដែរ" ។

លោកបាននិយាយថា មនុស្សជាច្រើននៅក្នុងតំបន់ បានសម្តែងនូវបំណងប្រាថ្នារបស់ខ្លួន ដើម្បីឱ្យលោកឧត្តមសេនីយ៍ ប្រាយុទ្ធ ដែលបានឡើងកាន់អំណាច នៅក្នុងរដ្ឋប្រហារ កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៤ នៅតែបន្តដឹកនាំប្រទេសនេះឆ្ពោះទៅមុខ នៅពេលដែលប្រទេសនេះកំពុងព្យាយាមផ្សះផ្សារ និងអភិវឌ្ឍជាតិ។

លោកនាយករដ្ឋមន្រ្តី ដែលដឹកនាំក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ (NCPO) បានបង្ហាញឱ្យសមាជិកក្រុមប្រឹក្សាឃើញនូវភាពជាឪពុកធំ(Uncle) នៅក្នុងផ្នែកមួយចំនួននៃសង្គមថៃ ដែលចាត់ទុកលោកថាជា”ឪពុកធំ”គួរឱ្យស្រឡាញ់។

លោកឧត្តមសេនីយ៍ឯក Wichai និយាយថា៖ “ពួកគេនិយាយពាក្យពិតចេញពីចិត្តរបស់ខ្លួន ដោយនិយាយថា ពួកគេចង់ឱ្យលោកឪពុកធំ បន្ដដឹកនាំប្រទេស។ ហើយពួកគេ និយាយពិត ខ្ញុំអាចធានាឱ្យអ្នកបាន”។

លោកបានមានប្រសាសន៍ ដោយលើកឡើងពីការប្រមាថដល់ព្រះមហាក្សត្រ ហើយបែរជាមិនជឿរបបដឹកនាំនេះ និងក្រុមប្រឹក្សា NCPO ថា៖ "ជាច្រើនលើកមកហើយ ខ្ញុំបានជួយពន្យល់ពួកគេឱ្យយល់ពីសេចក្តីពិត ហើយមិនត្រូវជឿព័ត៌មានមួលបង្កាច់ ដែលផ្សព្វផ្សាយនៅតាមតំបន់ខ្លះនោះទេ"។

តំបន់ភាគឦសាន គឺជាបន្ទាយរបស់គណបក្សភឿថៃ និងក្រុមអាវក្រហម។ ប៉ុន្តែលោក Surawit Khonsomboon អតីតសមាជិកសភាមកពីគណបក្ស ភឿថៃ ប្រចាំខេត្ត Chaiyaphum បានឆ្លើយតបនឹងទស្សនៈនេះ ដោយនិយាយថា ប្រជាជនមកពីឦសាន គ្រាន់តែចង់ឱ្យកើតឡើងនូវការបោះឆ្នោតឆាប់ៗ តាមដែលអាចធ្វើទៅបានប៉ុណ្ណោះ។

លោក Sakda Kongpetch អតីតសមាជិកសភា មកពីគណបក្សភឿថៃ ប្រចាំនៅខេត្ដ Roi Et បានថ្លែងថា មធ្យោបាយតែមួយគត់ដើម្បីបង្ហាញពីប្រជាប្រិយភាពរបស់លោកឧត្តមសេនីយ៍ ប្រាយុទ្ធ គឺនៅការបោះឆ្នោតអាណត្ដិក្រោយ។

លោកឧត្តមសេនីយ៍ឯក Sansern បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី នៅសប្តាហ៍នេះ ទៅកាន់ខេត្តភាគឦសាន និងកិច្ចពិភាក្សាអំពីការធ្វើឱ្យមានឡើងវិញនូវ "កិច្ចប្រជុំគណៈរដ្ឋមន្ត្រីចល័ត " មិនមានបំណងដើម្បីបង្កើនប្រជាប្រិយភាពរបស់ខ្លួនទេ ព្រោះថា ប្រឹក្សា NCPO មិនមានគម្រោងទៅចូលរួមការបោះឆ្នោតទូទៅ ដែលរំពឹងថា នឹងធ្វើនៅចុងឆ្នាំក្រោយនោះឡើយ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Bangkokpost