(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ បានទូរស័ព្ទសុំឲ្យអង្គភាព Fresh News ចុះផ្សាយដើម្បី បានដឹងដល់នគរបាល ខណ្ឌឫស្សីកែវ ជួយចាត់វិធានការចុះទៅបង្ក្រាប វង់ល្បែងបៀរ មានទាំង អុងឌូ ស៊ីគូរថៃ និងកត់កន្ទុយលេខមួយកន្លែងផង ដែលគេប្រមូលផ្ដុំ បើកលេងនៅខាងត្បូងផ្សារសាមគ្គីប្រហែល៣០ម៉ែត្រ។

ប្រជាពលរដ្ឋខាងលើ បានអះអាងថា វង់ល្បែងបៀរ អុងឌូ ស៊ីគូរថៃ និងកត់កន្ទុយលេខនេះមានទីតាំងនៅត្រង់ចំណុចផ្ទះលេខ៥៧១ ខាងត្បូងផ្សារសាមគ្គីប្រហែល៣០ម៉ែត្រ ជាប់ផ្ទះជួសជុលទូរទស្សន៍ ម៉ាញ៉េ ស្ថិតលើផ្លូវបេតុង ក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា មានចែឃីម និងប្ដីឈ្មោះ មាស កុត្តរៈ ជាមន្ត្រីនគរបាលចរាចរណ៍ បានកៀងគរហៅភ្ញៀវឲ្យចូលទៅលេង នៅក្នុងផ្ទះរបស់ខ្លួនរាល់ថ្ងៃ ដោយប្រាប់គេថា កុំឲ្យភ័យខ្លាច ប្រសិនបើប៉ូលីសចាប់ គេនឹងចេញមុខមកធានាខ្លួន។

ប្រជាពលរដ្ឋបានបន្ថែមថា វង់ល្បែងនេះភាគច្រើនគេបើកលេង ចាប់ពីម៉ោង១១ថ្ងៃត្រង់ រហូតដល់យប់ជារៀងរាល់ថ្ងៃ រយះពេលជិត២ឆ្នាំមកហើយ ដែលមានអ្នកលេងមកពីគ្រប់មជ្ឈដ្ឋាន ជាពិសេសមន្ត្រីកងកម្លាំងប្រដាប់អាវុធ និងអ្នករកស៊ីជាដើម ដោយសង្ស័យនគរបាលមូលដ្ឋាន ប៉ុស្ដិ៍ឫស្សីកែវ ខណ្ឌឫស្សីកែវ និងអាជ្ញាធរបានជ្រាប ឫមិនបានជ្រាបពីបញ្ហានេះទេមើលទៅ។

បើតាមប្រជាពលរដ្ឋ ដោយសារតែវង់ល្បែងនេះហើយ បានធ្វើឲ្យក្រុមគ្រួសារសាច់ញាតិពួកគាត់ គ្មាននៅផ្ទះជួយរកស៊ី ឬនៅជួបជុំប្រពន្ធកូនឡើយ គឺមួយថ្ងៃៗ នៅតែវង់ ល្បែងបៀរ និងកន្ទុយលេខ ដោយភ្នាល់លេងចាក់ចាញ់ថែម ទាំងបញ្ចាំម៉ូតូ និងប្លង់ដីអស់លុយគ្មានសល់ឡើយ។

ប្រជាពលរដ្ឋ បានលើកឡើងថា បើមិនបង្ក្រាបវង់ល្បែងនេះទេ គឺគ្មានឡើយ ភូមិ-ឃុំ មានសុវត្ថិភាព គឺមានតែចោរកម្ម លួច ឆក់ ប្លន់ជាក់ជាមិនខានឡើយ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី