សមាជិកសភាជាច្រើនរូបមកពីគណបក្សសាធារណរដ្ឋ កំពុងថ្កោលទោសចំណាត់ការពន្ធគយរបស់លោកត្រាំ ចំពោះដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលបានផ្ទុះជាសង្រ្គាមផ្នែកពាណិជ្ជកម្មយ៉ាងពេញលេញជាមួយ ប្រទេសចិន កាលពីថ្ងៃសុក្រ។

ប៉ុន្ដែខណៈពេលដែល លោកត្រាំគម្រាមយកពន្ធបន្ថែមលើការនាំចូលទំនិញរបស់ចិន និងវាយប្រហារលើការជួញដូររូបិយប័ណ្ណអាមេរិក ជាមួយសម្ព័ន្ធមិត្ដជុំវិញសកលលោកនោះ វាមិនទាន់ច្បាស់នៅឡើយទេថា តើសមាជិកសភានៃគណបក្សសាធារណរដ្ឋ នឹងចាត់វិធានការអ្វីខ្លះ ដើម្បីកម្រិតលើក្ដីអន្ដរាយដ៏មានសក្ដានុពល ចំពោះសេដ្ឋកិច្ចរបស់អាមេរិក។

សមាជិកសភាសម្លេងភាគច្រើន លោក Mitch McConnell បាននិយាយ នៅក្នុងកាសែតមួយ កាលពីថ្ងៃព្រហស្បត្ដិ៍ថា៖ “ខ្ញុំមិនមែនជាអ្នកនិយមគាំទ្រចំពោះពន្ធគយនោះទេ។ យើងបានជជែកវែកញែកយ៉ាងតឹងសរសៃកថា ការយកពន្ធនេះ ជាមាគ៌ាពុំត្រឹមត្រូវទេសម្រាប់យើង។ ប្រាកដណាស់ ប្រធានាធិបតី មានសិទ្ធិក្នុងការធ្វើនូវអ្វី ដែលគាត់កំពុងធ្វើ។ គាត់មិនបានបំពានលើគោលនយោបាយពាណិជ្ជកម្មបច្ចុប្បន្ននោះទេ”។

ពន្ធគយ ២៥ % របស់អាមេរិកលើទំនិញរបស់ចិន ដែលមានតម្លៃ ៣៤ ពាន់លានដុល្លារអាមេរិកដូចជាទំនិញផ្នែកឧស្សាហកម្ម និងគ្រឿងអេឡិចត្រូនិក បានចូលជាធរមានហើយ កាលពីថ្ងៃសុក្រ។ ទន្ទឹមនឹងនេះ ក្រុងប៉េកាំង បានវាយបកសងសឹក ដោយការយកពន្ធលើទំនិញអាមេរិកតម្លៃ ៣៤ ពាន់ដុល្លារដូចជា ពន្ធលើសណ្ដែកសៀង និងសាច់ជ្រូក។ លោក ត្រាំរំពឹងក្នុងចិត្ដថា ក្នុងពេលឆាប់ៗខាងមុខនេះ លោកនឹងបន្ថែមពន្ធគយទៅលើទំនិញចិន ១៦ ពាន់លានដុល្លារទៀត និងពិចារណាដើម្បីយកពន្ធរាប់រយពាន់លានដុល្លារបន្ថែមទៀតលើទំនិញចិន។ ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងវាយប្រហារបកត្រឡប់ទៅអាមេរិកវិញផងដែរ ក្រោយពីចលនានៃការតំឡើងពន្ធរបស់អាមេរិក។

ចលនានៃការតំឡើងពន្ធនេះ កើតឡើង ចំពេលវេលាប្រេះឆាសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មនានា។ សម្ព័ន្ធមិត្ដសំខាន់ៗដូចជា កាណាដា ម៉ិកស៊ិក និងសហភាពអឺរ៉ុប បានយកពន្ធលើទំនិញរបស់អាមេរិក ដើម្បីជាការឆ្លើយតបទៅនឹងពន្ធគយរបស់លោកត្រាំ លើការនាំចូលដែកថែប និងអាលុយមីញ៉ូមនៃប្រទេសទាំងនេះ។ ប្រធានាធិបតីរូបនេះ ក៏កំពុងតែពិចារណាដាក់គោលដៅយកពន្ធ លើក្រុមហ៊ុនផលិតរថយន្ដ និងក្រុមហ៊ុនផលិតគ្រឿងបន្លាស់បរទេសផងដែរ ជាចលនាមួយ ដែលសមាជិកគណបក្សសាធារដ្ឋ កំពុងព្រួយបារម្ភថា នឹងបណ្ដាលឱ្យអ្នកប្រើប្រាស់ មានអារម្មណ៍ឈឺចាប់កាន់តែខ្លាំង។

សមាជិកសភាមកពីគណបក្សសាធារណរដ្ឋជាច្រើនរូប បានព្រមានថា សកម្មភាព ដែលច្របល់បញ្ចូលគ្នានេះ នឹងបង្កផលអាក្រក់ដល់ក្រុមហ៊ុនអាមេរិក ធ្វើឱ្យពលរដ្ឋអាមេរិកចំណាយប្រាក់កាន់តែច្រើន និងធ្វើឱ្យធ្លាក់ចុះផលប្រយោជន៍នៃកំណែទម្រង់ពន្ធដារ ដែលពួកគេបានចាត់ទុកថា ជាផលប្រយោជន៍សម្រាប់សហរដ្ឋអាមេរិក។ បើទោះបីជាមានការរិះគន់ពីគោលនយោបាយរបស់លោក Trump ក្ដី ក៏មេដឹកនាំគណបក្សសាធារណរដ្ឋ នៅតែមិនគាំទ្រចលនាជំរុញនៅក្នុងគណបក្ស ដើម្បីកំណត់សមត្ថភាពរបស់លោកក្នុងការយកពន្ធនោះដែរ។ ខណៈ ដែលការដាក់ទណ្ឌកម្មកើនឡើង ហើយសមាជិកសភាបានគូសបញ្ជាក់ពីផលប៉ះពាល់ជាក់ស្តែង ដែលបង្កឡើងដោយសកម្មភាពរបស់សេតវិមាន ចំពោះក្រុមហ៊ុនអាមេរិកនោះ សភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ហាក់ដូចជាស្ទាក់ស្ទើរក្នុងការធ្វើអន្តរាគមន៍ចំពោះបញ្ហានានា ដោយបណ្ដោយឱ្យលោក Trump អនុវត្ដគោលនយោបាយពាណិជ្ជកម្មរបស់លោក ក្នុងល្បឿនមួយយ៉ាងលឿនគួរឱ្យភ្ញាក់ផ្អើល។

លោកត្រាំ បានវែកញែកថា ក្រុមហ៊ុន និងកម្មករអាមេរិក បានរងវិបត្ដិពីកិច្ចអនុវត្ដពាណិជ្ជកម្មសកលមិនស្មោះត្រង់ជាយូរមកហើយ។ លោក មានប្រសាសន៍ថា ការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការដាក់ពន្ធ នឹងជួយឱ្យបរិយាកាសការងារនៃកម្មករនយោជិកអាមេរិក មានតុល្យភាព ជាការប្រណាំងប្រជែងមួយ ដែលសមាជិកគណបក្សសាធារណរដ្ឋ សមាជិកគណបក្សប្រជាធិបតេយ្យ និងក្រុមពលករ ភាគច្រើនយល់ស្របជាមួយ។

កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលបញ្ញត្ដិពន្ធគយ ទៅលើប្រទេសចិន គ្រោងនឹងចូលជាធរមាន លោក McConnel បានមានប្រសាសន៍ថា៖”គ្មានភាគីណាមួយ មានជ័យជម្នះ នៅក្នុងសង្រ្គាមពាណិជ្ជកម្មនោះទេ។ ប៉ុន្ដែសមាជិកគណបក្សសាធារណរដ្ឋ មកពីរដ្ឋ Kentucky បានគត់សម្គាល់ថា លោកត្រាំមានអំណាចក្នុងការកំណត់ពន្ធគយ ហើយខ្លួនមិនបានប្ដេជ្ញាចិត្ដ ចាត់វិធានការណាមួយដើម្បីទប់ស្កាត់ការយកពន្ធនេះនោះទេ។

ក្រុមហ៊ុន Brown-Forman ដែលមានមូលដ្ឋាន នៅទីក្រុង Louisville បានឱ្យដឹងកាលពីខែមុនថា ខ្លួននឹងដំឡើងថ្លៃស្រាវីស្គីដូចជាស្រា Jack Daniel នៅអឺរ៉ុប ដោយសារលទ្ធផលនៃអត្រាពន្ធ ២៥ ភាគរយរបស់សហភាពអឺរ៉ុប លើផលិតផលនានារួមទាំងស្រាវីស្គី និងទោចក្រយានយន្ដ។ ម៉ាកល្បីរបស់សហរដ្ឋអាមេរិក គឺក្រុមហ៊ុនផលិតម៉ូតូធំ Harley-Davidson ក៏មានអារម្មណ៍ថា ខ្លួនរងឥទ្ធិពលពីពន្ធគយ នៅទឹកដីរបស់លោក Paul Ryan នារដ្ឋ Wisconsin ផងដែរ។ ក្រុមហ៊ុន ផលិតម៉ូតូនេះ ក៏បានប្រកាសកាលពីខែមុនថា ខ្លួននឹងលើកការផលិតម៉ូតូ ដែលជាប់ពន្ធសហភាពអឺរ៉ុបទៅបរទេសវិញ ដោយសារតែអត្រាពន្ធគយនេះ។

លោក Ryan ក៏បានរិះគន់ផងដែរ ចំពោះការកំណត់ពន្ធគយកាលពីសប្ដាហ៍មុននេះ ដោយនិយាយថា៖ “ពន្ធគយក៏នៅតែជាពន្ធ ហើយថា វានៅមានឧបករណ៍ល្អៗជាច្រើនទៀត ដែលប្រសើរជាងការតំឡើងពន្ធ”។ លោក ពុំលើកឡើង ពីយន្ដការណាមួយ ដែលលោកនឹងយកមកប្រើដើម្បីបង្ហាញពីកិច្ចអនុវត្ដពាណិជ្ជកម្មមិនស្មោះត្រង់ទាំងនោះទេ។

អ្នកនាំពាក្យរបស់លោក McConnell និងលោក Ryan ពុំបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយ កាលពីថ្ងៃសុក្រទេ ទៅលើសំណួរថា តើពួកគាត់ នឹងគាំទ្រដល់ចំណាត់ការរបស់សភា ក្នុងការកំណត់សមត្ថភាពរបស់លោកត្រាំ ក្នុងការយកពន្ធ ឬយ៉ាងណានោះ។ ប៉ុន្តែមេដឹកនាំទាំងពីរ បានសង្ស័យពីមុនថា តើការត្រួតពិនិត្យតុល្យភាពធ្វើឡើងដោយអង្គការនីតិបញ្ញត្តិ ចំពោះអំណាចរបស់លោក Trump អាចឆ្លងកាត់សភា ដែរឬទេ។

សមាជិកគណបក្សសាធារណរដ្ឋដ៏មានឥទ្ធិពលដទៃទៀត ក៏បានរិះគន់ជារឿយៗចំពោះគោលនយោបាយពាណិជ្ជកម្មរបស់លោកត្រាំ។ នៅក្នុងរបាយការណ៍មួយកាលពីថ្ងៃសុក្រ ប្រធានគណកម្មាធិការហិរញ្ញវត្ថុនៃព្រឹទ្ធសភា លោក Orrin Hatch បាននិយាយថា៖”ពន្ធទាំងនេះ នឹងធ្លាក់ត្រឡប់មកលើគ្រួសារ និងពាណិជ្ជកម្មរបស់អាមេរិកវិញ ហើយប្រទេសចិន ក៏នឹងរងផលប៉ះពាល់ពីពន្ធគយនេះផងដែរ”។

សង្រ្គាមពាណិជ្ជកម្មជាមួយចិន ធ្វើឱ្យអ្នកប្រើប្រាស់ក្ដៅក្រហាយចិត្ដ ដោយសារតែពួកគេ បានប្រឈមនឹងការសងសឹក ដោយការយកពន្ធលើដែកថែប និងអាលុយមីញ៉ូមរួចមកហើយ នេះបើតាមសម្ដីរបស់សមាជិកគណបក្សសាធារណរដ្ឋមកពីរដ្ឋ Utah។ លោក Hatch បានអំពាវនាវឱ្យប្រទេសចិន គួរពិនិត្យនូវកិច្ចអនុវត្ដពាណិជ្ជកម្មរបស់ខ្លួនឡើងវិញ ប៉ុន្ដែលោកនិយាយថា ភាពតានតឹង បានកម្រិតសមត្ថភាពរដ្ឋការរបស់លោកត្រាំ ដើម្បីចចារជាមួយប្រទេសចិន។

គោលដៅពាណិជ្ជកម្មរបស់សេតវិមាន បានបូករួមទាំងការជំរុញឱ្យប្រទេសចិនទិញទំនិញរបស់អាមេរិកឱ្យកាន់តែច្រើន ដើម្បីកាត់បន្ថយអតុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ រដ្ឋការរបស់លោកត្រាំ ក៏ចង់រារាំង បទលួចកម្មសិទ្ធិបញ្ញារបស់អាមេរិក ប្រព្រឹត្ដដោយក្រុមហ៊ុនចិនផងដែរ។ លោក ត្រាំមានជំនឿថា ការបំបិទការលួចកម្មសិទ្ធិបញ្ញានេះ នឹងជួយឱ្យក្រុមហ៊ុនអាមេរិករីកចម្រើន ព្រមទាំងបង្កើតការងារកាន់តែច្រើនសម្រាប់ពលរដ្ឋអាមេរិក។

លោក Mitt Romney អតីតបេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ និងជាបេក្ខជន ដែលគេព្យាករណ៍ ថានឹងឈ្នះអាសនៈសភាជំនួសតំណែងលោក Hatch ដែលចូលនិវត្ដន៍ឆ្នាំនេះ ក៏បាននិយាយកាលពីថ្ងៃសុក្រនេះផងដែរថា៖” លោកមិនមែនជាអ្នកនិយមគាំទ្រចំពោះសង្រ្គាមពាណិជ្ជកម្មឡើយ”។ លោកសង្ឃឹមថា៖ “បញ្ញត្ដិពន្ធគយថ្មី ដែលបានចូលជាធរមាននៅថ្ងៃនេះ នឹងត្រូវលុបបំបាត់នៅពេលខាងមុខដ៏ខ្លី ឬផ្លាស់ប្ដូរដោយកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលបានព្រមព្រៀងគ្នាទៅវិញទៅមក ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ សុីអិនប៊ីសុី