ក្រសួងយុត្ដិធម៌អាមេរិក បាននិយាយកាលពីថ្ងៃពុធថា គីងសម្ងាត់ម្នាក់មកពីក្រសួងសន្ដិសុខរដ្ឋចិន ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ជាផ្លូវការពីបទ ឈ្លបយកការណ៍សម្ងាត់ផ្នែកសេដ្ឋកិច្ច និងព្យាយាមលួចយកឯកសារសម្ងាត់ពាណិជ្ជកម្មពីក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនអវកាសអាមេរិកជាច្រើន។

ក្រសួងយុត្ដិធម៌អាមេរិក បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ភ្នាក់ងារសម្ងាត់លោក Yanjun Xu អនុប្រធាននាយកដ្ឋាននៃក្រសួងសន្ដិសុខរដ្ឋប្រចាំនៅខេត្ដ Jiangsu ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងលួចយកការសម្ងាត់ពាណិជ្ជកម្មក្រុមហ៊ុនអវកាសជាច្រើដូចជា ក្រុមហ៊ុនអាកាសចរណ៍ GE និងបុត្រសម្ព័ន្ធនៃក្រុមហ៊ុន General Electric Co, ។

ក្រុមហ៊ុនអាកាសចរណ៍ GE គឺជាសហគ្រាសដ៏ធំបំផុត ដែលផលិតយន្ដហោះ ម៉ាស៊ីនយន្ដហោះ និងសមាសភាគផ្សំសម្រាប់យន្ដហោះយោធា ពាណិជ្ជកម្ម និងយន្ដហោះទូទៅសម្រាប់ក្រុមហ៊ុនអាកាសចរណ៍។ ក្រុមហ៊ុននេះ បានផ្គត់ផ្គង់ម៉ាស៊ីនយន្ដហោះទៅឱ្យក្រុមហ៊ុនខ្នាតធំ Boeing Co និងផ្គត់ផ្គង់យន្ដហោះទៅឱ្យក្រុមហ៊ុន Airbus SE ហើយបច្ចុប្បន្នសហគ្រាសនេះ កំពុងធ្វើការផលិតម៉ាស៊ីនជំនាន់ថ្មីសម្រាប់យន្ដហោះពាណិជ្ជកម្ម និងឧទ្ធម្ភាគចក្រយោធាប្រភេទផ្ទុកទម្ងន់ធ្ងន់។

របាយការណ៍ខាងលើ បានឱ្យដឹងថា ក្រសួងសន្ដិសុខរដ្ឋ គឺជាភ្នាក់ងារសន្ដិសុខ និងស៊ើបការណ៍សម្ងាត់របស់ចិន ដែលទទួលខុសត្រូវ ឈ្លបយកការណ៍នយោបាយប្រឆាំង ស៊ើបការណ៍កិច្ចការបរទេស និងសន្ដិសុខនយោបាយ។ ក្រសួងនេះ មានអំណាចទូលំទូលាយ ក្នុងការឈ្លបយការណ៍សម្ងាត់ទាំងក្នុង និងក្រៅប្រទេស។

ការចោទប្រកាន់នេះ ធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិក បង្កើនសម្ពាធទៅលើចិន រឿងគោលនយោបាយពាណិជ្ជកម្ម និងបទលួចកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនអាមេរិក។

របាយការណ៍ដដែលបានឱ្យដឹងថា លោក Xu ត្រូវបានឃាត់ខ្លួន នៅប្រទេសបែលហ្សិក កាលពីខែមេសា ដោយយោងតាមពាក្យបណ្ដឹងសហព័ន្ធ និងត្រូវបានធ្វើបត្យាប័នបញ្ជូនទៅអាមេរិក កាលពីថ្ងៃអង្គារ។ កាសែត Washington Post បានរាយការណ៍ថា រូបលោកត្រូវបានបញ្ឆោតឱ្យទៅប្រទេសបែលហ្សិក ដោយភ្នាក់ងារអនុវត្ដច្បាប់សហព័ន្ធអាមេរិក។

លោក John Demers ជំនួយការអគ្គរដ្ឋអាជ្ញាអាមេរិក ទទួលបន្ទុកផ្នែកសន្ដិសុខជាតិ បាននិយាយថា៖ “ ដីកាចោទប្រកាន់នេះ បានលើកការចោទប្រកាន់ថា មន្ដ្រីស៊ើបការណ៍ចិនម្នាក់ ប៉ុនប៉ងលួចយកការសម្ងាត់ពាណិជ្ជកម្ម និងព័ត៌មានរសើបផ្សេងទៀតពីក្រុមហ៊ុនមួយរបស់អាមេរិក ដែលអាចនាំឱ្យដឹងពីការសម្ងាត់អវកាស” ៕

អត្ថបទ៖ សារ៉ាត

ប្រភព៖ សុីអិនប៊ីសុី