មូលហេតុពិតប្រាកដ នៃភាពខ្ពើមរអើម និងអាការៈក្អួតអំឡុងពេលមាផ្ទៃពោះ គឺយើងមិនទាន់ដឹងច្បាស់នៅឡើយទេ។ ប៉ុន្ដែទោះជាយ៉ាងណា វាត្រូវបានមនុស្សជាច្រើនជឿថា ការប្រែប្រួលអ័កម៉ូនយ៉ាងខ្លាំងនៅក្នុងរាងកាយអាចបណ្ដាលឱ្យមានការប្រែប្រួលនៅក្នុងការកន្រ្ដាក់សាច់ដុំពោះ និងប្រែប្រួលទម្លាប់សម្រាក ដែលនាំទៅរកការរអើម និងក្អួតចង្អោរ។ ចំពោះកត្ដាដទៃទៀត ដែលនាំឱ្យកើតមានបញ្ហានេះគឺមានដូចជា បញ្ហាក្លិនមិនល្អ ប្រភេទអាហារមួយចំនួន ការស្រុតចុះកម្លាំង ស្រ្ដេស ព្រួយចិត្ដ បញ្ហាក្រពះ និងកង្វះវីតាមីន ឬសារធាតុរ៉ែ។ ការរអើម និងការក្អួតចង្អោរ អាចកើតមានឡើងនៅព្រឹកព្រលឹម និងស្រាកទៅវិញនៅពេលថ្ងៃ។ ស្រ្ដីមួយចំនួនអាចមានអាការៈនេះនៅពេលណាមួយអំឡុងពេលថ្ងៃ។ ភាគច្រើនបញ្ហានេះ អាចដោះស្រាយបានក្រោយត្រីមាសទី១ ប៉ុន្ដែចំពោះស្រ្ដីមួយចំនួនទៀតអាចបន្ដអាការៈនេះយូរ។

១. ពិសាទឹក៖ ទឹកគឺជាឱសថដ៏មានប្រសិទ្ធភាព នៅពេលដែលនិយាយដល់ការរអើម និងការក្អួតចង្អោរ ពិសេសនៅអំឡុងពេលមានផ្ទៃពោះ។ ស្រ្ដី ដែលពិសាទឹកមួយកែវជារៀងរាល់ម៉ោង ត្រូវបានគេរកឃើញថា ប្រឈមនឹងឱកាសនៃអាការៈចាញ់គភ៌ទាប។ ម្យ៉ាងទៀត វាជួយរក្សារាងកាយរបស់អ្នកមិនឱ្យខ្សោះជាតិទឹក ដែលមានសារៈសំខាន់សម្រាប់ស្រ្ដីមានផ្ទៃពោះ និងទារកក្នុងផ្ទៃ។

សូមទុកទឹកមួយកែវ នៅក្បែរគ្រែគេងរបស់អ្នក។ ក្រោយពីភ្ញាក់ពីគេង សូមពិសាវាបន្ដិច។ សូមទុកពេលឱ្យក្រពះរបស់អ្នក ស្ងប់បន្ដិច សឹមងើបដើរចេញពីគ្រែគេង។

ម្យ៉ាងទៀត សូមពិសាទឹកឱ្យបានគ្រប់គ្រាន់រាល់ថ្ងៃ។ ការពិសាទឹកបានគ្រប់គ្រាន់ នឹងជួយឱ្យអ្នកមានអារម្មណ៍ល្អ លើកកម្ពស់ការរំលាយអាហារ និងជួយឱ្យអ្នកមានអារម្មណ៍ល្អ ពីខាងក្នុងមកវិញ។

២. ខ្ញី៖ ខ្ញីគឺជា វិធីសាស្រ្ដធម្មជាតិដ៏ប្រសើរម្យ៉ាង ដើម្បីដោះស្រាយបញ្ហាក្អួតចង្អោរ ក៏សូម្បីតែអំឡុងពេលមានផ្ទៃពោះ។ ខ្ញីល្អប្រសើរសម្រាប់ប្រព័ន្ធរំលាយអាហាររបស់អ្នក និងជួយទប់ស្កាត់ការបញ្ចេញជាតិអាស៊ីដក្នុងក្រពះ ដែលបង្កឱ្យមានភាពរអើម និងក្អួតចង្អោរ។ ម្យ៉ាងទៀត ក្លិន និងរសជាតិខ្ញីអាចជួយអ្នកឱ្យបាត់អារម្មណ៍ចង់ក្អួត។

សូមបៀមខ្ញីមួយដុំតូច ឬទំពារស្ករគ្រាប់ខ្ញីមួយគ្រាប់ ដើម្បីឱ្យធូរស្រាលពីអាការៈរអើម។

ម្យ៉ាងទៀត អ្នកអាចរៀបចំសមាសធាតុលាយផ្សំគ្នារវាងទឹកខ្ញី ៥ដំណក់ និងទឹកឃ្មុំមួយស្លាបព្រាកាហ្វេ។ ពិសាវាសន្សឹមៗ នៅពេលអ្នកភ្ញាក់ពីគេង ពេលព្រឹក។

លើសពីនេះទៀត សូមឆុងតែខ្ញីដោយស្ងោរខ្ញីចិញ្រ្ចាំម៉ត់មួយស្លាបព្រាកាហ្វេ នៅក្នុងបរិមាណទឹកមួយពែងឱ្យបានរយៈពេល ១០នាទី។ ច្រោះយកកាកចេញ បន្ថែមទឹកឃ្មុំបន្ដិច រួចពិសាវាយឺតៗ។ សូមពិសាវាសន្សឹមៗ ហើយត្រូវពិសាតែខ្ញីនេះឱ្យបាន មួយ ឬពីពែងនៅពេលព្រឹក។

៣. ក្រូចឆ្មារ៖ ក្រូចឆ្មារជួយដោះស្រាយបញ្ហាក្អួតចង្អោរអំឡុងពេលមានផ្ទៃពោះ។ ក្លិនឈ្ងុយរបស់វា មានប្រសិទ្ធភាពទប់ស្កាត់បែបធម្មជាតិចំពោះរាងកាយ ដែលអាចកាត់បន្ថយអាការៈរអើម និងបង្ការអាការៈក្អួតចង្អោរ។ លើសពីនេះទៀត វីតាមីនC នៅក្នុងក្រូចឆ្មារគឺល្អប្រសើរសម្រាប់ស្រ្ដីមានផ្ទៃពោះ ព្រមទាំងទារកក្នុងផ្ទៃ។

ច្របាច់ក្រូចឆ្មារមួយផ្លែចូលទៅក្នុងទឹកមួយកែវ ហើយបន្ថែមទឹកឃ្មុំបន្ដិច។ សូមពិសាវាឱ្យបានរាល់ព្រឹកដើម្បីចាប់ផ្ដើមថ្ងៃថ្មី និងបង្ការអាការៈចាញ់គភ៌។

អ្នកអាចហិតក្លិនសម្រកក្រូចឆ្មារដើម្បីឱ្យធូរស្រាលពីភាពឆ្អើម និងអាការៈក្អួតចង្អោរអំឡុងពេលមានផ្ទៃពោះ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Top10homeremedies