ភ្នំពេញ ៖ នៅព្រលប់ និងនៅយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ មានសេចក្តី រាយការណ៍ និងព័ត៌មានផ្អើល ជាបន្តបន្ទាប់ថា មានករណីលិចសាឡាង នៅ «ដអរិយក្សត្រ» ស្ថិតនៅ សង្កាត់ចតុមុខ ខណ្ឌដូនពេញ បណ្តាលឲ្យ ប្រជា ពលរដ្ឋ ជាអ្នកដំណើរ ជាច្រើននាក់ ត្រូវលង់ទឹកស្លាប់ និងបាត់ខ្លួន ។

មិនបង្អង់យូរ និងមិនចង់ឲ្យ ព័ត៌មានខុសពីការពិត បែបនេះបន្តរីកសាយភាយ ទៀតនោះ អភិបាល ខណ្ឌដូនពេញ លោក គួច ចំរើន ដែលជាម្ចាស់ទឹកដី បានច្រាន ចោលភ្លាមៗថា ពុំមានករណីនេះ កើតឡើងឡើយ។

លោក អភិបាល ខណ្ឌដូនពេញ បានបញ្ជាក់ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា « ពុំមានហេតុការណ៍នេះ កើតឡើង នោះទេ គឺជាព័ត៌មានមិនពិត និងជាពាក្យ ចចាមអារាម តែប៉ុណ្ណោះ»។

ជាមួយគ្នានេះ លោក គួច ចំរើន បានធ្វើការអំពាវនាវភ្លាមៗ ដល់ប្រជាពលរដ្ឋទូទៅ កុំឲ្យមានការភ្ញាក់ផ្អើល និងឆោឡោឲ្យសោះ ខណៈរឿងនេះ ពុំបានកើតឡើងឡើយ ។

បើតាមលោកអភិបាលខណ្ឌ ដែលចូលរួមគ្រប់គ្រង ស្ថានការណ៍ នៃពិធីបុណ្យអុំទូក រយះពេល ៣ថ្ងៃ មកនេះ បានថ្លែងថា ជាទូទៅសភាពការណ៍ នៃព្រះរាជពិធី បុណ្យជាតិ មួយនេះ មានលក្ខណៈល្អប្រសើរ ពោលពុំមានប្រជាពលរដ្ឋ ណាម្នាក់ បាត់ទ្រព្យសម្បត្តិ ច្រើននោះឡើយ មានតែករណីឆក់ និងលូកហោប៉ៅ លួចលុយ ប្រជាពលរដ្ឋ ដែលដើរលេងកំសាន្តប៉ុណ្ណោះ ប៉ុន្តែជនសង្ស័យ ទាំងនេះ ត្រូវចាប់ខ្លួន បានជាបន្តបន្ទាប់ ។

ការផ្អើលនូវព័ត៌មាន នាំឲ្យបំពុល បរិយាកាសបែបនេះ បានកើតឡើង ត្រូវបានគេសង្ស័យថា ដោយសារតែ ម្នាក់ៗ មានអារម្មណ៍ផ្តោត ទៅលើព្រឹត្តិការណ៍ដ៏មហា សោកសង្រេង កាលពីថ្ងៃចុងក្រោយ នៃពិធីបុណ្យមួយនេះ កាលពីឆ្នាំ២០១០ ដោយបាន ផ្តាច់ ជីវិតមនុស្ស ជាង៣៥០នាក់ និងរបួសជាច្រើនរយនាក់ ដោយសារតែរត់ ជាន់គ្នាលើស្ពានកោះពេជ្យ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល