ភ្នំពេញៈ យុវជនម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីម្ចាស់បន្ទប់ជួលពីរបន្ទប់ ប្តឹងដោយ ចោទប្រកាន់ ថា ជាចោរគាស់បន្ទប់ លួចយករបស់របរមួយចំនួន ប៉ុន្តែបើតាមជនសង្ស័យវិញ បាននិយាយថា រូបគេអត់ ដឹងអីទេ គេមកផឹកស៊ី ជាមួយប្អូនម្ចាស់បន្ទប់ រួមនឹងមិត្តភ័ក្តិផ្សេងទៀត ហើយស្រវឹងខ្លាំងពេក ក៏ដេកនៅ កន្លែងផឹកតែម្តងទៅ ស្រាប់តែម្ចាស់បន្ទប់មកដល់ ស្រែកឡូឡា រួចហើយចាប់ខ្លួនគេដោយចោទថា ចោរ គាស់បន្ទប់បាត់របស់របរមួយចំនួនផងដែរ ។

ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៤ ស្ថិតនៅ ក្នុងបន្ទប់ជួលរបស់ជនរងគ្រោះ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ នគរបាលបាន ឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ យឿម សុវណ្ណា ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់ នៅកន្លែងកើតហេតុមាន ស្រុកកំណើតនៅភូមិបាឡាត ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង និងទី២ ឈ្មោះ យឿម សម្រេច ភេទប្រុស អាយុប្រហែល ២០ឆ្នាំ ជួលបន្ទប់ជាប់គ្នា ត្រូវជាបងប្អូនបង្កើត នឹងគ្នា ។

ជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យពុំបានលួចរបស់មានតម្លៃនោះទេ គឺគ្រាន់តែលួចដង្គៀប គាបសក់ឲ្យ ត្រង់ និងហែកអត្តសញ្ញាណប័ណ្ណរបស់ប្តីគេចោល មិនដឹងជាហេតុអ្វីនោះទេ ចំណែកឯរបស់របរមាន តម្លៃ ដូចជាទូរទស្សន៍ ឬក្បាលចាក់ស៊ីឌី គេពុំប៉ះពាល់នោះឡើយ ប៉ុន្តែជនសង្ស័យនេះ គឺល្ងាចឡើងគេ តែងតែ ពាក់ម៉ាសដើរធ្វើសកម្មភាពមិនលោះពេលឡើយ ទើបតែពេលនេះទេ គេមកទាន់ឃើញនៅក្នុងបន្ទប់ក៏ ឃាត់ខ្លួនតែម្តងទៅ ។

បើតាមជនសង្ស័យ រៀបរាប់ប្រាប់នគរបាលវិញ បានឲ្យដឹងថា រូបគេអត់ដឹងអីទេ គេមិនមែនជា ចោរគាស់ បន្ទប់នោះទេ ហើយការដែលដេកនៅក្នុងបន្ទប់នោះ គឺដោយសារតែគេស្រវឹងខ្លាំង ពេកទៅមិនរួច ពីព្រោះ កាលពីថ្ងៃ ប្អូនរបស់ម្ចាស់បន្ទប់ រួមទាំងមិត្តភ័ក្តិផ្សេងទៀត បានបបួលគ្នា មកផឹកស៊ីនៅក្នុងបន្ទប់ ជួលកន្លែង កើតហេតុ លុះរហូតដល់ម្ចាស់បន្ទប់មកដល់ស្រែកឡូឡា ប្អូនរបស់ម្ចាស់បន្ទប់រួមទាំងមិត្តភ័ក្តិមួយចំនួន ទៀត រត់ចែកជើងគ្នាបាត់អស់ទៅ នៅសល់តែរូបគេ ស្រវឹងទៅមិនរួច ក៏ត្រូវម្ចាស់បន្ទប់ ឃាត់ខ្លួនរួចហើយ ចោទប្រកាន់ថា ជាចោរគាស់បន្ទប់ ដោយ បាត់របស់របរមួយចំនួនផងដែរ ។ ប៉ុន្តែ ទោះបីជាយ៉ាងណា ជន សង្ស័យត្រូវឃាត់ខ្លួនជាបណ្តោះ អាសន្ន នៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីធ្វើការស្រាវជ្រាវបន្ត ស្វែងរក ហេតុផលពិតប្រាកដ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល