ព័ត៌មានអន្តរជាតិ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យពន្លឿនការបញ្ចប់ការសាងសង់ សង្កាត់ថ្មីក្នុងទីក្រុងព្យុងយ៉ាង នៅមុនពេលខួបកំណើត នៃបិតាស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង នៅខែមេសា ខាងមុខនេះ។ នេះបើតាមសារព័ត៌មាន កូរ៉េខាងជើង KCNA ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០១៧។

កូរ៉េខាងជើងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងបញ្ចប់ការដ្ឋានសាងសង់សង្កាត់ថ្មីមួយ នៃផ្លូវ Ryomyong ឱ្យបានមុខថ្ងៃទី១៥ ខែមេសា ជាថ្ងៃខួបកំណើតលើកទី១០៥ នៃអតីតសពអគ្គមគ្គុទេសន៍កូរ៉េខាងជើង លោក គីម អ៊ីលស៊ុង ដែលជាជីតារបស់លោក គីម ជុងអ៊ុន។ យោងតាម KCNA លោក គីម ជុង អ៊ុន បានចុះទៅដល់ការដ្ឋានសាងសង់ដោយផ្ទាល់ កាលពីខែមករាកន្លងទៅ ដើម្បីតឿនឱ្យក្រុមកម្មករពន្លឿនការងាររបស់ពួកគេ។ «នៅសល់ជាងតែ ៣០ថ្ងៃទៀតប៉ុណ្ណោះ ការងារសាងសង់សង្កាត់ថ្មី Ryomyong ត្រូវបញ្ចប់ឱ្យបានមុនទិវាព្រះអាទិត្យ (ថ្ងៃខួបកំណើតលោក គីម អ៊ីលស៊ុង)»។ នេះបើតាមសម្ដីលោក គីម ជុងអ៊ុន ចេញផ្សាយដោយ KCNA។

គួរបញ្ជាក់ថាកាលពីដំបូងឡើយ លោក គីម ជុងអ៊ុន បានបញ្ជាឱ្យបញ្ចប់ការងារសាងសង់សង្កាត់ថ្មីនេះឱ្យបានមុនចុងឆ្នាំ២០១៦ ក៏ប៉ុន្តែដោយសារតែ គ្រោះទឹកជំនន់ ទើបគំរោងត្រូវពន្យាពេល។ ដោយឡែកបើតាមគេហទំព័រកូរ៉េខាងជើង Minjok Tongshin មានមូលដ្ឋាននៅសហរដ្ឋអាមេរិក សង្កាត់ថ្មី Ryomyong មានលំនៅដ្ឋាន ៤,៨០០ខ្នង ហើយគំរោងនេះត្រូវចំណាយប្រាក់ជាង២.៨លានដុល្លារ ជាការបង្ហាញនូវសមិទ្ធផលថ្មីរបស់របបលោក គីម ជុងអ៊ុន នៅថ្ងៃខួបជីតា ដែលបានទទួលមរណភាពកាលពីឆ្នាំ១៩៩៤៕

ប្រភព ៖ យ៉ុនហាប់