(សុខភាព)៖ ថ្វីត្បិតតែពាក្យនេះ ហាក់ពិបាកនឹងហាមាត់និយាយជាសាធារណៈ ឬស្រែកខ្លាំងៗ ដើម្បីប្រាប់ទៅដល់បណ្តាមនុស្សនៅជុំវិញខ្លួនបន្តិចមែន ប៉ុន្តែវាពិតជាមានសារសំខាន់យ៉ាងលើសលប់ចំពោះមនុស្សទូទៅ ជាពិសេស សម្រាប់អ្នកដែលទើបតែឆ្លងផុតពិធីរៀបអាពាហ៍ពិពាហ៍ ក៏ដូចជាអ្នកដែលកំពុងរួមរស់ជាមួយដៃគូជីវិតតែម្ដង ។ តើ SEX មានឥទ្ធិពលយ៉ាងដូចម្ដេចខ្លះ ទើបធ្វើឱ្យមនុស្សស្ទើរគ្រប់គ្នាយកចិត្តទុកដាក់ចំពោះវាខ្លាំងយ៉ាងនេះ ?

អនុវត្តសិច ដើម្បីសុខភាព៖ ការរួមភេទ គឺជាសកម្មភាពមួយដែលត្រូវបានអ្នកជំនាញចាត់ទុកថាជាការធ្វើលំហាត់ប្រាណដ៏ប្រសើរ និងធ្វើឱ្យមានអារម្មណ៍ស្ងប់គេងលក់ស្រួល កាត់បន្ថយភាពតានតឹង បំបាត់ស្ត្រេស ជាពិសេសសម្រាប់អ្នកដែលមានទម្លាប់អនុវត្តសិចចំនួន២-៣ដងក្នុង១សប្ដាហ៍ អាចធ្វើឱ្យប្រព័ន្ធភាពស៊ាំមានភាពល្អប្រសើរ និងចៀសផុតពីភាពប្រឈមជាមួយជំងឺផ្តាសាយបានយ៉ាងប្រសើរ។

អនុវត្តសិចដើម្បីជីវិតស្រស់ថ្លា៖ សម្រាប់ការលេងសើច មិនថាជាការនិយាយស្ដី ឬកាយវិការណាមួយនោះឡើយ អ្នកពិតជាអាចភ្លេចទៅតាមការរំលងផុតទៅនៃពេលវេលា។ ប៉ុន្តែចំពោះសកម្មភាពសិចវិញគេជឿជាក់ថា គ្មានអ្នកណាដែលអាចបំភ្លេចចោលនូវអនុស្សាវរីយ៍ដ៏ផ្អែមល្ហែម និងសុខស្រួលបានឡើយ។ ដូច្នេះ ចូរអ្នកចងចាំ ហើយចាប់ផ្តើមពីការលួងលោមដោយពាក្យសម្ដីផ្អែមល្ហែម បន្ថែមដោយសកម្មភាពបបោសអង្អែលថ្នមៗរហូតឈានដល់ការស្វែងរកចំណុចពិសេសដែលអាចផ្តល់ភាពសុខស្រួលនៃជីវិតសិចរបស់អ្នក ។

អនុវត្តសិចដើម្បីរឹតចំណងមេត្រី៖ ស្ទើរតែគ្រប់គ្នាសុទ្ធតែបង្ហាញថា ការរួមសិចគឺធ្វើឡើងគ្រាន់ជាទម្លាប់ និងតាមចំណង់តែប៉ុណ្ណោះ ជាពិសេសភាគីខាងស្ត្រីហាក់មិនដែលបានស្គាល់ពីរសជាតិពិតនៃសិចនោះឡើយ។ តាមការពិតទៅ ការរួមភេទពិតជាមានឥទ្ធិពលយ៉ាងអស្ចារ្យដែលអាចធ្វើឱ្យដៃគូស្នេហាមានភាពស្និទ្ធស្នាលទាំងផ្លូវកាយ និងផ្លូវចិត្តយ៉ាងពេញទំហឹង។ មានគូស្នេហ៍ជាច្រើនបានបង្ហាញថា ឱកាសនៃការទទួលបានសេចក្ដីសុខ សុភមង្គលមានកាន់តែច្រើន ជាមួយនឹងទំនាក់ទំនងស្នេហារវាងប្ដី-ប្រពន្ធ ដ្បិតតែ សិច ឬការរួមភេទនេះ គឺជាផ្នែកមួយយ៉ាងសំខាន់បំផុត និងមិនអាចចៀសវាងបាន។ ម្យ៉ាងទៀត ភាពស្និទ្ធស្នាលមួយនេះក៏ជាលក្ខខណ្ឌពិសេសមួយដែលអ្នកត្រូវតែបង្កើតជាមួយនឹងដៃគូជីវិត ឬគូស្នេហ៍ដោយខានមិនបាន។

អនុវត្តសិចដើម្បីសុភមង្គល៖ មនុស្សជាច្រើនតែងគិតថា ភាពរីករាយដោយការរួមភេទគឺជាសកម្មភាពដែលអាចរក្សារូបសម្រស់ និងធ្វើឱ្យរាងកាយនៅតែមានសភាពក្មេងជាងវ័យ។ ទាក់ទងទៅនឹងជីវិតសិចនេះ មានការស្រាវជ្រាវមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យ Colorado-Boulder បានរកឃើញថា សេចក្ដីសុខមានការកើនឡើងប្រមាណ៤៤%សម្រាប់អ្នកដែលបានរួមភេទ1ដងក្នុង១សប្ដាហ៍ បើប្រៀធៀបទៅនឹងអ្នកមិនបានរួមភេទ។ ដោយឡែក សម្រាប់អ្នកដែលបានរួមភេទចំនួន២-៣ដងក្នុង១សប្ដាហ៍អាចទទួលបានសេចក្ដីសុខប្រមាណ៥៥%។ ដូច្នេះអ្នកអប់រំខាងផ្លូវភេទបានចោទជាសំណួរថា តើការរួមភេទអាចមានតុល្យភាពដែរឬទេ ហើយអាចធ្វើឱ្យអ្នកមានអារម្មណ៍ យ៉ាងដូចម្ដេចក្រោយពេលអនុវត្តសិចជាមួយដៃគូ? សរុបមក សិច នៅតែជាចំណុចសំខាន់ដែលអ្នកគួរតែចំណាយពេលអនុវត្ត ដើម្បីទទួលបានភាពល្អប្រសើរទាំងនេះ ។

សូមកុំទាន់ជឿជាក់ទៅលើសំណេរទាំងអស់ខាងលើនេះ ដោយស្លុងអារម្មណ៍ ប៉ុន្តែលោកអ្នកក៏អាចដកបទពិសោធន៍ និងសម្គាល់ដោយខ្លួនអ្នកផ្ទាល់៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង