សៀមរាប៖ ក្រុមអ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានរកឃើញខឿនប្រាសាទអកយំដែលកប់ក្នុងទំនប់បារាយណ៍ខាងលិច ក្នុងតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោកឡុង កុសល បានឲ្យដឹងនៅថ្ងៃពុធនេះថា ក្រុមអ្នកបុរាណវិទ្យា នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា បានចាប់ផ្តើមធ្វើកំណាយស្រាវជ្រាវប្រាសាទអកយំនៅផ្នែកខាងជើង កាលពីចុងខែមិនា ស្របពេលដែលនាយកដ្ឋានគ្រប់គ្រងទឹក កំពុងរៀបចំជួសជុលខ្នងទំនប់បារាយណ៍ខាងលិច។

លោកបន្តថា ក្រុមអ្នកបុរាណវិទ្យា បានបើករណ្តៅកំណាយស្រាវជ្រាវចំនួន ៨ទីតាំង ដើម្បីស្វែងរកខឿនទី១នៅផ្នែកខាងជើងរបស់ប្រាសាទ និងដើម្បីសិក្សាស្វែងរកទំនាក់ទំនងរវាងប្រាសាទ និងការតាំងទីលំនៅរបស់មនុស្សនៅផ្នែកខាងលិចនៃប្រាសាទ។

លោកថា៖ «ជាលទ្ធផលបឋម ក្រុមអ្នកបុរាណវិទ្យាបានរកឃើញរណ្តៅកំណាយបុរាណវិទ្យាចំនួន ៣ ដែលមានសំណល់ខឿនក្រោមបង្អស់ ឬខឿនទី១របស់ប្រាសាទអកយំ ដែលបានលុបបាត់ក្នុងតួទំនប់បារាយណ៍ កាលពីគេលើកបារាយណ៍ទាំងមូលកាលពីអំឡុងសតវត្សទី១១ នៃគ.ស»។

លោកបញ្ជាក់ថា៖ «លទ្ធផលនេះនឹងរួមចំណែកយ៉ាងធំក្នុងការកំណត់ទីតាំងពិតប្រាកដ ក៏ដូចជាជម្រៅរបស់សំណល់ខឿនទី១របស់ប្រាសាទអកយំផងដែរ»។

ប្រធានគម្រោងស្រាវជ្រាវ និងជាអ្នកដឹកនាំកិច្ចការស្រាវជ្រាវនៅប្រាសាទអកយំនៃអាជ្ញាធរជាតិអប្សរា លោក ជា សុជាតិ បានឲ្យដឹងដែរថា ក្រៅពីការរកឃើញខឿនប្រាសាទនោះ ក្រុមអ្នកបុរាណវិទ្យា ក៏បានរកឃើញមានថ្មភ្នំធំៗជាច្រើន ដែលតាមការវិភាគ ថ្មទាំងនោះត្រូវបានអ្នកជំនាន់មុន យកមកតំរៀបដើម្បីទប់ជើងទេរប្រាសាទផ្នែកខាងជើងនៃទំនប់ ដើម្បីកុំឲ្យដីហូរច្រោះ។

លោកថា៖ «ផ្នែកខាងជើងនៃប្រាសាទអកយំពុំធ្លាប់បានធ្វើការស្រាវជ្រាវបុរាណវិទ្យាឲ្យបានដិតដល់ទេ បើទោះជាក្នុងចន្លោះឆ្នាំ១៩៣២ និងឆ្នាំ១៩៣៥ ធ្លាប់មានអ្នកស្រាវជ្រាវជនជាតិបារាំង បានធ្វើការរុករកខឿនទី១របស់ប្រាសាទនេះក៏ដោយ»។

លោកបន្ថែមថា៖ «បច្ចុប្បន្ន ក្រុមការងារកំពុងជីករុករកបន្ថែម ដោយរំពឹងថានឹងអាចទៅដល់់បាតក្រោមនៃខឿនប្រាសាទនេះ ប្រសិនបើគ្មានការរំខានពីបញ្ហាភ្លៀង និងកម្រិតទឹកក្នុងបារាយណ៍»។

បើតាមមន្ត្រីអាជ្ញាធរជាតិអប្សរា ការសិក្សាស្រាវជ្រាវបុរាណវិទ្យាប្រាសាទអកយំនេះ បាននិងកំពុងធ្វើបន្ត ដែលរំពឹងថានឹងអាចបញ្ចប់នៅពាក់កណ្តាលខែឧសភាខាងមុខ។

កាលពីខែមីនា ឆ្នាំ២០១៦ ក្រុមអ្នកស្រាវជ្រាវជនជាតិបារាំង Mafkata ក៏ធ្លាប់បានចុះធ្វើកំណាយនៅប្រាសាទអកយំនេះម្តងដែរ ដោយរកឃើញថា ប្រាសាទដែលមានទីតាំងនៅខាងត្បូងបារាយណ៍ខាងលិចនោះ មានវ័យចំណាស់ជាងគេ ដែលមានអាយុកាលប្រមាណ ៦០០ឆ្នាំមកហើយ។

យោងតាមឯកសារប្រវត្តិសាស្រ្ត បានបញ្ជាក់ថា ប្រាសាទអកយំ កសាងឡើងក្នុងសតវត្សទី៧ និងទី៩ ក្នុងរាជកាលព្រះបាទភវវរ្ម័នទី១។ ប្រាសាទនេះជាប្រាសាទភ្នំ ធ្វើពីឥដ្ឋ រាងពីរ៉ាមីតដ៏ធំ មុនសម័យអង្គរ មានទំហំ ១០០ម៉ែត្រ ៤ជ្រុង ស្ថិតក្នុងរចនាបទថ្មព្រៃក្មេង ៕

ប្រភព ៖ khmertimes