(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅថ្ងៃព្រហស្បតិ៍នេះបានទម្លាយថា កាលពីមុនលោកធ្លាប់បានចាប់គ្រវែងជនចាប់ជំរិតម្នាក់ចេញពីលើឧទ្ធម្ភាគចក្រ នៅអំឡុងពេលដែលនៅកាន់តួនាទីជាអភិបាលក្រុងដាវ៉ៅ (Davao) ដែលស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន ហើយលោក ឌូតឺតេ បានបន្ថែមថា លោកនឹងអនុវត្តន៍ការពិន័យដូចគ្នានេះចំពោះមន្រ្តីទាំងឡាយណាដែលហ៊ានប្រព្រឹត្តអំពើពុករលួយ។ នេះបើតាមការដកស្រង់ចេញពីសារព័ត៌មានរុស្ស៊ី Russian Today នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៦។

នាឱកាសនៃការថ្លែងសុន្ទរកថានៅខេត្ត Camarines Sur ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់តំបន់ដែលបានទទួលរងការវាយប្រហារដោយសារព្យុះទីហ្វុង ណក់ធែន ឬក៏អាចហៅម៉្យាងទៀតតាមប្រជាជនហ្វីលីពីន ថា នីណា នោះលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានព្រមានធ្ងន់ៗថានរណាម្នាក់ដែលហ៊ានកេងប្រវ័ញ្ចលើថវិកាជំនួយដែលលោកបាននាំយកមកជូនដល់ជនរងគ្រោះដោយសារ គ្រោះមហន្តរាយខ្យល់ព្យុះនោះនឹងជួបជោគវាសនាដូចមនុស្សម្នាក់ដែលលោកបានទម្លាក់ពីលើឧទ្ធម្ភាគចក្រអ៉ីចឹង ដោយលោក ឌូតឺតេ បានសង្កត់ធ្ងន់ដូច្នេះថា «បើសិនជាអ្នកពុករលួយខ្ញុំនឹងដឹកអ្នកតាមឧទ្ធម្ភាគចក្រ ហើយខ្ញុំនឹងបោះអ្នកចេញទៅវិញនៅតាមផ្លូវធ្វើដំណើរទៅកាន់ទីក្រុងម៉ានីល ព្រោះថាខ្ញុំធ្លាប់បានធ្វើវាពីមុនមក ហេតុអ្វីខ្ញុំមិនគួរធ្វើសាជាថ្មីម្តងទៀត?»។

គួរបញ្ជាក់ថាកាលពីដើមខែធ្នូនេះ ប្រមុខដឹកនាំហ្វីលីពីនរូបនេះក៏បានអះអាងដែរថា រូបលោកធ្លាប់បានបាញ់សម្លាប់ឧក្រិដ្ឋជនសង្ស័យចំនួនបីនាក់ នៅពេលដែលលោកនៅកាន់តំណែងជាអភិបាលក្រុងដាវ៉ៅ ហើយពេលខ្លះលោកបានជិះម៉ូតូធំល្បាតតាមដងផ្លូវជុំវិញទីក្រុងថែមទៀតផង ដើម្បីរកមើលក្រែងមានបទល្មើសណាមួយអាចកើតមានឡើយ។

ដោយឡែកជុំវិញការបាញ់សម្លាប់មនុស្ស ដែលបានធ្លាយចេញពីមាត់របស់លោក ឌូតឺតេ ផ្ទាល់នេះ ឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិក៏បានទទូចឲ្យអាជ្ញាធរក៏ដូចជាតុលាការហ្វីលីពីន បើកការស៊ើបអង្កេតឲ្យបានលម្អិតទៅលើករណីនេះផងដែរ ប៉ុន្តែបានទទួលរងការជេរប្រទិចយ៉ាងចាស់ដៃពីប្រធានាធិបតីមាត់ដាចរូបនេះ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី