(សៀមរាប)៖ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានចុះហត្ថលេខាជាមួយអង្គការ Agir pour le Cambodge (អង្គការជួយកម្ពុជា) លើអនុសញ្ញាផ្តល់ជំនួយចំនួន ៥០ម៉ឺនអឺរ៉ូ ដើម្បីទ្រទ្រង់ដល់គម្រោងសាលាបាយរបស់អង្គការនេះ ដែលមានទីតាំងនៅខេត្តសៀមរាប។

លោក Philippe STEINMETZ នាយកទីភ្នាក់ងារ AFD ប្រចាំកម្ពុជា និងលោកស្រី Emmanuelle DETHOMAS នាយិកាអង្គការ Agir pour le Cambodge បានចុះហត្ថលេខាលើអនុសញ្ញាខាងលើនៅសាលាបាយ នៅពីថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយមានការចូលរួមពីលោកឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុន និងអង្គការបារាំងនានាដែលមានទីតាំងនៅខេត្តសៀមរាប ជាពិសេសក្រុមហ៊ុន និងអង្គការបណ្តុះបណ្តាលផ្នែកសណ្ឋាគារ។

ហិរញ្ញប្បទាននេះនឹងជួយឱ្យសាលាសណ្ឋាគារសាលាបាយបង្កើនមុខវិជ្ជាបង្រៀន និងអាចបណ្តុះបណ្តាលសិស្សបានរហូតដល់១៥០នាក់ក្នុងមួយឆ្នាំចាប់ពីបវេសនកាលសិក្សាឆ្នាំ២០១៨-២០១៩ ខណ:ដែលបច្ចុប្បន្នសាលាអាចទទួលសិស្សបានប្រមាណ១០០នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំៗ។ ក្នុងរយៈពេល១៤ឆ្នាំ យុវជនកម្ពុជាជាង ១ ៣០០នាក់ មកពីគ្រួសារក្រីក្រទូទាំងប្រទេស ក្នុងនោះ៧០%ជានារី ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយគុណភាពលើមុខជំនាញសណ្ឋាគារនិងភោជនីយដ្ឋាននៅសាលានេះ។ សញ្ញាប័ត្រផ្តល់ដោយសាលាបាយត្រូវបានទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងទេសចរណ៍ ។

ជាងនេះទៅទៀត តាមរយៈហិរញ្ញប្បទានខាងលើ សាលាបាយនឹងចាប់ផ្តើមសាងសង់អន្តេវាសិកដ្ឋានថ្មីបន្ថែមទៀត ដែលអាចផ្តល់កន្លែងស្នាក់នៅជិតសាលាដល់សិស្សក្រីក្រ១៥០នាក់ប្រកបដោយផាសុកភាព និងសុវត្ថិភាពខ្ពស់។ អន្តេវាសិកដ្ឋានទាំងនេះគ្រោងនឹងបើកដំណើរការនៅចុងឆ្នាំ២០១៧។

សូមបញ្ជាក់ថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៥មក សាលាបាយបានកសាងអគារថ្មីស្ថិតនៅតាមដងស្ទឹងសៀមរាបជិតវត្តស្វាយ។ នៅក្នុងទីតាំងសាលានេះមានភោជនីយដ្ឋានអនុវត្តន៍មួយដែលអាចទទួលភ្ញៀវបាន៦៥នាក់សម្រាប់អាហារថ្ងែត្រង់បែបខ្មែរ និងបារាំងប្រកបដោយគុណភាព សណ្ឋាគារមួយមាន៦បន្ទប់ និងហាងរក្សាសម្ផស្សមួយផងដែរ។

ហិរញ្ញប្បទាននេះ គឺជាផ្នែកមួយនៃសកម្មភាពទូលំទូលាយរបស់ទីភ្នាក់ងារ AFD លើផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិស័យវាយនភ័ណ្ឌ និងទេសចរណ៍។ ចាប់តាំងពីឆ្នាំ១៩៩៣មក ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងបានគាំទ្រគម្រោងនានាក្នុងរង្វង់ទឹកប្រាក់សរុបជាង៤៣៥លានអឺរ៉ូ ក្នុងនោះ៦០លានអឺរ៉ូនៅឆ្នាំ២០១៦ ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី