(ភ្នំពេញ)៖ អតីតបុគ្គលិកក្រុមហ៊ុនទឹកសុទ្ធវីតាល់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក វេង ហ៊ត់ ប្រកាសសាលក្រមនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ផ្ដន្ទាទោស៥ឆ្នាំ តែទោសនេះត្រូវអនុវត្តទណ្ឌកម្ម ក្នុងពន្ធនាគារត្រឹមតែ៦ខែប៉ុណ្ណោះ ក្រោមការចោទប្រកាន់ពីបទរួមភេទជាមួយអនីតិជន ទោសសល់ពីនេះត្រូវព្យួរ។

ការសម្រេចទោសយ៉ាងដូច្នេះ ទៅលើជនជាប់ចោទឈ្មោះ ហេង សុផាណា អាយុ ២៦ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនទឹកសុទ្ធវីតាល់ គឹដើម្បីឲ្យជនជាប់ចោទ អាចទៅរៀបការជាមួយយុវតីរងគ្រោះ ដែលជាដើមបណ្តឹង ខណៈនាងកំពុងមានផ្ទៃពោះ ហើយឪពុកម្តាយរបស់ពួកគេទាំង២នាក់ ក៏បានឯកភាពផងដែរ រហូតមានការដកពាក្យបណ្តឹងផងដែរ។

លោកចៅក្រម វេង ហ៊ត់ បានបញ្ជាក់ថា «ការផ្ដន្ទាទោសត្រឹមរយៈពេលនៃការឃុំខ្លួនបណ្ដោះអាសន្ននេះ គឺដើម្បីផ្ដល់ឱកាសឲ្យជនជាប់ចោទ បានរួចចេញពីការឃុំខ្លួន និងបានរៀបការជាមួយយុវតីដែលពួកគេស្រឡាញ់គ្នា ព្រោះថា យុវតីរងគ្រោះមានផ្ទៃពោះ ហើយឪពុកម្ដាយទាំងសងខាង សុទ្ធតែចង់ឃើញមុខចៅដោយមានឪពុកម្ដាយគេនៅជាមួយ»។

លោកចៅក្រម បានបញ្ជាក់ទៀតថា ក្នុងសវនាការកន្លងមក ជនជាប់ចោទបានសារភាពពីកំហុសរបស់ខ្លួន។

សមត្ថកិច្ចដែលកាន់សំណុំរឿងនេះបានរំលឹកថា ជនសង្ស័យ ហេង សុផាណា បានសារភាពពីការរួមភេទជាមួយអនីតិជន នៅក្នុងក្រុមហ៊ុនច្រើងដង បណ្ដាលឲ្យនាងមានផ្ទៃពោះ។ ក្រោយបែកការអាណាព្យាបាលយុវតី ជាអនីតិជន បានខឹងសម្បារ ហើយបានប្ដឹងយុវជន ហេង សុផាណា រហូតដល់ឃាត់ខ្លួន បញ្ជូនមកសាលាដំបូង ធ្វើការចោទប្រកាន់ និងឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ។

រយៈពេលនោះ អាណាព្យាបាលជនរងគ្រោះ និងអាណាព្យាបាល ជនជាប់ចោទបាន សម្របសម្រួលគ្នាដោយសុឆន្ទៈ និងព្រមព្រៀងដកពាក្យឈប់ប្ដឹងដើម្បី ទុកឱកាសឲ្យពួកគេ បានរៀបការជាមួយគ្នា កសាងគ្រួសារមួយថ្លៃថ្នូរដូចគេដូចឯងក្នុងសង្គម៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី