CamNews

តើ​ឥទ្ធិពល​ស្រីស្អាត នឹង​មាន​ដល់​កំរិត​ណា ?

ក្រោយពីឃើញព្រឹត្តិការណ៍ដ៏កញ្ជ្រោល យោលយោគនៅប្រទេសថៃ ចាប់កក្រើកសារជាថ្មី នាំអោយមានមតិវិភាគជាច្រើន ចេះតែនាំគ្នាគិតថា តើវិបត្តិនយោបាយនៅប្រទេសនេះ នឹងធ្លាក់ចូលទៅក្នុងដំណោះស្រាយ តាមផ្លូវរដ្ឋប្រហារយោធាទៀត ឬមួយក៏យ៉ាងណា ?

យើងងាកក្រឡេកមើលទៅចាប់ពីក្រោយថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០១១ ដែលជាថ្ងៃបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រសាជាថ្មីរបស់ប្រទេសថៃ នោះ លទ្ធផលបានបង្ហាញថា គណបក្សស្រីស្អាត « ភឿថៃ» ដែលមានត្រកូលថាក់ស៊ីន គឺអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ឈរឈ្មោះជាបេក្ខភាព នាយករដ្ឋមន្ត្រីនោះ បានទទួលការគាំទ្រដ៏ច្រើន លើសលប់សាជាថ្មីទៀត។ គឺវ៉ាដាច់បក្សកាន់អំណាច «ប្រជាធិបតេយ្យ» របស់ប្រុសស្អាត អាប់ភីស៊ីត វេចាជីវ៉ាហៅមិនឮ។ គេមិនហ៊ាននិយាយប្រាកដឡើយថា តើជោគជ័យនេះ វាជាឥទ្ធិពលរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ដែលត្រូវយោធាធ្វើរដ្ឋប្រហារទម្លាក់ ឬក៏ជាកត្តារួមផ្សំ ពីសម្រស់ និងសមត្ថភាព របស់លោកជំទាវឈ្មោះ យីងឡាក់ ( ប្រែថា= ស្រីគ្រប់លក្ខណ៍) នោះឬយ៉ាងណាឡើយ ។

ក៏ប៉ុន្តែមានដំណើរការវិវត្តន៍ជាច្រើន បានផ្លាស់ប្ដូរនៅក្រោយ ពីការចូលកាន់តំណែងជានាយករដ្ឋមន្ត្រី ជាស្ត្រីទី១ របស់ប្រទេសថៃ ដូចដែលលោកអាប់ភីស៊ីត បាននិយាយអបអរសាទរ ក្រោយពេលដឹងចាញ់ឆ្នោតបន្តិចថា « គាត់សូមអបអរ ជ័យជំនះលោកជំទាវយីងឡាក់ ! សង្ឃឹមថា ពីពេលនេះតទៅ ប្រទេសថៃនឹងមានសុភាពនារីមួយរូប ដឹកនាំប្រទេសថៃជាប្រវត្តិសាស្ត្រហើយ »។ ពិតជាមិនធម្មតាមែន ។ ក្រោយការចូលកាន់តំណែង ជានាយករដ្ឋមន្ត្រីរបស់លោកជំទាវ យីងឡាក់ អ្វីៗក៏បានផ្លាស់ប្ដូរមក គួរអោយកត់សំគាល់ ។ ជាពិសេស នយោបាយជាមួយប្រទេសកម្ពុជា ។

គួររំលឹកថា ក្នុងសម័យអាប់ភីស៊ីត ឡើងគ្រងអំណាចនោះ ថៃបានទម្លាក់តំណាងការទូត ជាមួយកម្ពុជារហូតត្រឹមភារៈធារី ។ រីឯតំបន់តាមបន្ទាត់ព្រំដែន ( ពិសេសតំបន់ ប្រាសាទព្រះវិហារ) បានប្រែក្លាយពីតំបន់ទេសចរណ៍ និងទំនាក់ទំនងពាណិជ្ជកម្ម ទៅជាកន្លែងសមរភូមិប្រយុទ្ធគ្នា ត្រៀមលក្ខណៈប្រយុទ្ធសឹងរាល់ថ្ងៃ។ លុះដល់សម័យលោកជំទាវយីងឡាក់ មកដល់ភ្លាម ចំណងប្រេះស្រាំរវាងថៃនិងកម្ពុជា ដែលជាមរតកអាក្រក់បន្សល់មក ពីសម័យអាប់ភីស៊ីតក៏ត្រូវផ្សះផ្សា និងជួសជុលឡើងវិញ ។ រីឯជាមួយបណ្ដារអន្តរជាតិនានាក៏ដូចគ្នា លោកជំទាវដ៏ស្រស់ស្អាត បានខិតខំផ្សាភ្ជាប់ទំនាក់ទំនងជាមួយ បណ្ដាប្រទេសនានាក្នុងពិភពលោក មិនហ៊ានអាក់ខាន ។ ព្រោះវាមិនសាមញ្ញពេកឡើយ។ កាលពីសម័យបក្សប្រជាធិបតេយ្យ ឡើងកាន់អំណាចតាមរដ្ឋប្រហារធម្មនុញ្ញ រដ្ឋាភិបាលអាប់ភីស៊ីត ព្រោះតែមានមហិច្ឆិតាស្រេកឃ្លាន និងមាក់ងាយកម្ពុជាពេក ត្រូវប្រមុខរាជរដ្ឋាភិបាលខ្មែរ អូសដៃអោយទៅដោះសារនៅមុខ សមាជិកបណ្ដាប្រទេសអាស៊ាន ទៅដល់ដល់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប និងរហូតដល់តុលាការយុត្តិធម៌ក្រុងឡាអេ បាក់មុខមិនស្ទើរឡើយ ។ ដូច្នេះសម័យស្រីស្អាត ត្រូវតែខិតខំលុបលាងមន្ទិលសៅហ្មងពីមុនចោលវិញ។

ឥឡូវនេះឈានដល់តំណាក់កាល ដានចាស់ចូលមកលងនយោបាយនៅក្នុងប្រទេសថៃទៀតហើយ ។ បក្សប្រឆាំងក្នុងប្រទេសនេះ ដឹងមុនច្បាស់ណាស់ថា បើតស៊ូតាមបែបបោះឆ្នោតសេរីបក្សប្រជាធិបតេយ្យ នឹងមិនអាចយកប្រៀបឈ្នះ លើបក្សដែលមាននិន្នាការ ទៅខាងថាក់ស៊ីនបានទេ ។ ដូចនេះមធ្យោបាយតាមផ្លូវកាត់ បញ្រ្ចាស់ទិសពង្វាងផ្លូវ ពីប្រជាធិបតេយ្យគឺជាក្ដីសង្ឃឹមតែមួយគត់ ដើម្បីធ្វើយ៉ាងណារុញច្រានត្រកូលថាក់ស៊ីន ចេញអោយផុតពីប្រទេសថៃ និងចាកឆ្ងាយពីនយោបាយកាន់តែឆ្ងាយកាន់តែល្អ ។

ដូច្នេះការខំប្រមូលផ្ដុំមនុស្សដើម្បីធ្វើបាតុកម្ម ដើម្បីបង្កភាពវឹកវរអោយសង្កមថៃ គឺជាមធ្យបាយតែមួយគត់ ដែលជាក្ដីសង្ឃឹមរបស់បក្សប្រឆាំង ។ ពួកស៊ូថេបដែលជាមេបាតុករ មានជំនឿយ៉ាងមាំថា បើបណ្ដេញនាយករដ្ឋមន្រ្តីយីងឡាក់ តាមហ្វូងមនុស្សមិនបានទេ គែនឹងបន្តយកសកម្មភាព ផ្សេងៗទៀតគ្រប់បែបយ៉ាង គ្រប់វីធីសាស្ត្រគឺលៃយ៉ាងណា រុញច្រានប្រទេសអោយធ្លាក់ចូល វិបត្តិធ្ងន់ធ្ងរអោយបាន ហើយចុងក្រោយ ជាទម្លាប់ទាហាននឹងចេញមកធ្វើ រដ្ឋប្រហារដើម្បីបញ្ចប់វិបត្តិ ឬតុលាការធម្មនុញ្ញរកកំហុស បក្សកាន់អំណាច ឃើញនឹងអាចបញ្ចប់ជីវិតនយោបាយ ត្រកូលថាក់ស៊ីនបាន ពេលនោះបំណងពួកគេ នឹងបានសំរេចហើយ ។ ប៉ុន្តែសំណួរសួរថា តើពេលណាទើបដំណើរនេះនឹងមកដល់ ? វាជាចម្លើយដ៏ពិបាកស្មាន ។ ទាំងស៊ូថេបក្ដី ឬក៏ទាំងអាប់ភីស៊ីតក្ដី ក៏ប្រហែលកំពុងងឿងឆ្ងល់ មិនតិចឡើយនៅក្នុងចំងល់នេះ ។

ដំបូងអ្នកណាក៏មិននឹកស្មានដឹងថា ស្រ្តីដែលពោរពេញដោយសម្រស់ម្នាក់នេះ មានភាពរឹងប៉ឹង និងវៀងវៃអ្វីដល់យ៉ាងនេះ ? ទាំងសម្ផស្ស ទាំងចំណេះដឹង ទាំងរបៀបដឹកនាំប្រទេស ទាំងរបៀបទំនាក់ទំនងក្នុងសង្គម គឺល្អឥតខ្ចោះ ហើយទន់ភ្លន់ទៀតផង ។ សូម្បីតែអ្នកមានឥទ្ធិពល កំពូលប្រេមជូឡានុន ក៏ ស្រីស្អាតនេះតែងតែគោរព និងរៀបចំជូនពរថ្ងៃខួបកំណើតលោកព្រេម មិនដែលខានទេ ។ មេបញ្ជាការកងទ័ពជើងគោកថៃ ប្រាយុទ្ធ ចាន់អ៊ូចា ដែលធ្លាប់តែជាបុរសមុខដែកមួយរូប ដែលគេរំពឹងថានឹងបញ្ជាកងទ័ព ធ្វើរដ្ឋប្រហារថ្មើរណាក៏បាន ក៏ចេញមុខប្រកាសមិនចូលដៃជើងខាងណាដែរ ហើយមិនតែប៉ុណ្ណោះលោកប្រាយុទ្ធ ថែមទាំងអមដំណើរនាយកស្រីស្អាត ចូលរួមប្រជុំដោយទឹកមុខញញឹមពេញចិត្តទៀតផង នៅក្នុងកិច្ចប្រជុំនានា ឬដំណើរទៅតាមបណ្ដាខេត្តឆ្ងាយៗក្ដី ។ សហរដ្ឋអាម៉េរិក ក៏ដូចជាប្រទេសចក្រភពអង់គ្លេស ក៏មិនចង់ឃើញថៃធ្វើរដ្ឋប្រហារដែរ ។

ឥឡូវនេះ វាសល់តែពេលវេលាដ៏ខ្លីខាងមុខនេះទៀតប៉ុណ្ណោះ ដែលអន្តរជាតិកំពុងរង់ចាំមើលថា តើវិបត្តិនយោបាយនៅថៃ នឹងអាចបញ្ចប់បានដោយវិធីណា ? តើឥទ្ធិពលស្រីស្អាត នឹងអាចនាំសភាពការណ៍ប្រទេស ឈានទៅដល់ការបោះឆ្នោតមួយ តាមការគ្រោងទុកនៅថ្ងៃទី២ កុម្ភៈ ខាងមុខនេះដែរឬទេ ? តើសម្រស់នេះ នឹងជួយការពារលទ្ធិប្រជាធិបតេយ្យ ដែលអាចជៀសផុត ពីដំណោះស្រាយតាមផ្លូវរដ្ឋប្រហារយោធា ដែរឬក៏យ៉ាងណា ? ចាំមើលបើសិនជាលោកជំទាវយីងឡាក់ អាចនាំនាវាដ៏ឃ្លេងឃ្លោងរបស់ថៃ ជៀសផុតពីការលិចលង់ ឬព្យុះបោកបក់បានមែន ភ្លាមនោះ គេនឹងស្រែក« ជយោ ! ស្រីស្អាត»ជាក់ជាមិនខាន !!៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល