(បាត់ដំបង)៖ កម្លាំងសមត្ថកិច្ចស្រុករុក្ខគីរី ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការខេត្ត ពីបទហិង្សាមានស្ថានទម្ងន់ទោស បន្ទាប់ពីបានយកដំបងជ្រុង វាយទៅលើជនរងគ្រោះ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅចំណុចអូររំចេក ស្ថិតនៅភូមិបាសាក់ ឃុំបាសាក់ ស្រុករុក្ខគិរី។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាម៉ោង ៩៖៣០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ ឃឿន ឃីម អាយុ២១ឆ្នាំ រស់នៅភូមិបាសាក់ ឃុំបាសាក់ និងបក្ខពួក បានយកដំបងឈើវាយទៅលើជនរងគ្រោះ ឈ្មោះ ឡោត លឿត អាយុ៤៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បណ្តាលរបួសធ្ងន់។ តែក្រោយមក ខណៈពេលក្រុមជនសង្ស័យកំពុងរាំបាស់ បក្ខពួកជនរងគ្រោះមួយក្រុម បាននាំគ្នាជិះគោយន្តទៅដល់កន្លែងរាំ ក៏ស្ទុះវាយគ្នាសងសឹកវិញ។

សមត្ថកិច្ចបានបន្តថា បន្ទាប់ពីកើតហេតុហើយ អ្នកភូមិក៏បានចាប់ឃាត់ខ្លួនជនដៃដល់ ទុកប្រគល់ឲ្យសមត្ថកិច្ច នាំយកទៅធ្វើការសាកសួរ។ ចំណែកជនរងគ្រោះ បានដឹកទៅព្យាបាលនៅមន្ទីពេទ្យស្រុកមោងឫស្សី ភ្លាមៗដែរ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកដំបងឈើវាយទៅលើជនរងគ្រោះពិតប្រាកដមែន ដោយសារខ្លួនស្រវឹង និងសងសឹកគំនុំចាស់ផង។ បន្ទាប់ពីជនសង្ស័យបានសារភាពរួចហើយ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការខេត្ត នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ ដើម្បីចាត់ការតាមច្បាប់តែម្ដង៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី