(កំពង់ឆ្នាំង)៖ ក្មេងស្រីម្នាក់ក្នុងចំណោម៥នាក់ បានរងនូវគ្រាប់កាំភ្លើងចំប្រអប់ជើងខាងស្តាំដោយសារ ក្រុមចោបាញ់ប្លន់ប៉ុនប៉ងយកម៉ូតូ តែយកមិនបានបែរទៅយកខ្សែដៃមាស ចំនួន២ជីរត់គេចខ្លួនបាត់ ដោយករណីនេះបានកើតឡើង កាលពីវេលាម៉ោង៥៖២០នាទីល្ងាច ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះ។

ករណីចោបាញ់ប្លន់បម្រុងយកម៉ូតូតែយកមិនបាន បែរទៅយកខ្សែដៃមាសចំនួន២ជីនេះ ស្ថិតនៅផ្លូវលំក្រាលគ្រួស ក្រហម ខាងក្រោយវត្តអង្គរសេរី ភូមិ ស្នងមុំ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង់។

បើតាមប្រភពព័ត៌មានពីក្មេងស្រីអ្នករួមដំណើរជាមួយ និងជនរងគ្រោះផ្ទាល់ បានរៀបរាប់អោយដឹងថា ដើមឡើយរូបគាត់និងមិត្តភ័ក្រទាំងអស់ មានគ្នាចំនួន៥នាក់ បានធ្វើដំណើរដោយម៉ូតូ ២គ្រឿង១គ្រឿងជិះគ្នា២នាក់ ជិះក្រោយ និងម៉ូតូជនរងគ្រោះជិះមុខម៉ាកសង់ C125 ស៊េរីឆ្នាំ2011 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C.3178 គាត់ជិះគ្នា៣នាក់ (ជនរងគ្រោះ)ជាអ្នកបើកចេញពីភូមិថ្មឥដ្ឋ គោលបំណងជូនម្តាយមីងទៅ ផ្ទះជួល នៅរោងចក្រមានកម្មវិធីហូបចុកជួបជុំគ្នានៅភូមិស្ពានពោធិ៍ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ហើយពេលមកដល់ចំណុចកន្លែងកើតហេតុ ខាងលើស្រាប់តែជនសង្ស័យ មានគ្នា២នាក់ស្លៀកពាក់សុីវិល ពាក់មួកសុវត្តិភាពទាំពីរនាក់ ជិះម៉ូតូធំ ម៉ាក SL ពណ៍ខ្មៅ មិនចាំស្លាកលេខ មកអែប ហើយក៏ដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក មកភ្ជុងជនរងគ្រោះ ឱ្យប្រគល់ម៉ូតូឱ្យរូបគេ តែជនរងគ្រោះ មិនព្រមប្រគល់ ហើយក៏ត្រូវជនសង្ស័យ បាញ់១គ្រាប់ចំទូកម៉ូតូខាងឆ្វេង ធ្លាយទៅខាងស្តាំក៏ត្រូវ ប្រអប់ជើងជនរងគ្រោះ ខាងស្តាំបៀមគ្រាប់ជាប់នៅក្នុងជើង ក៏ត្រូវជនសង្ស័យបេះខ្សែដៃ មាសសុទ្ធមានទម្ងន់២ជី ជិះម៉ូតូគេចខ្លួនបាត់ស្រមោលតែម្តងទៅ ហើយជនរងគ្រោះត្រូវអ្នករួមដំណើរ និងអ្នកជិតខាងនាំយកនៅសង្គ្រោះនៅ មន្ទីរពេទ្យឯកជន តែវណ្ណា នៅសាលាលេខប្រាំ។

ក្រោយកើតហេតុ ប្រហែល១ម៉ោងក្រោយមកទើបគេឃើញ មានសមត្ថកិច្ចនគរបាលមូលដ្ឋាន មកដល់កន្លែងកើតហេតុ បានត្រឹមធ្វើកំណត់ហេតុតែប៉ុណ្ណោះ។

ជនរងគ្រោះ ឈ្មោះ ផាវ សុផាន ភេទស្រីអាយុ ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិ ថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង រងរបួសប្រអប់ជើងខាងស្តាំ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី