(បរទេស)៖ មួយរយៈចុងឆ្នាំ២០១៦នេះ ករណីធ្លាក់យន្តហោះទាំងតូចទាំងធំ បានកក្រើកឡើងវិញ ជាពិសេសករណីធ្លាក់យន្តហោះនៅ កូឡុំប៊ី ស្លាប់កីឡាករបាល់ទាត់ប្រេស៊ីលជាង ៧០នាក់ និងពីរថ្ងៃមុននេះគឺករណីធ្លាក់យន្តហោះយោធារុស្ស៊ី ដែលបណ្តាលឲ្យមនុស្ស ៩២នាក់ស្លាប់ក្នុងដែនសមុទ្រខ្មៅ។ ជាធម្មតាក្រោយកើតមានករណីធ្លាក់យន្តហោះ ក្រុមរុករកតែងតែស្វះស្វែងរកប្រអប់ខ្មៅជាបន្ទាន់ ដើម្បីបានដឹងពីមូលហេតុនៃការធ្លាក់របស់យន្តហោះ។

ហេតុដូច្នេះសូមស្វែងយល់ អំពីព័ត៌មានសំខាន់ៗចំនួន៧យ៉ាង ពាក់ព័ន្ធនឹង Black Box ដូចខាងក្រោម៖

១. តើមានអ្វីខ្លះនៅក្នុងBlack Box? Black Box ត្រូវបានបង្កើតឡើងរួមមាន Flight-data recorder និង Cockpit-voice recorder។ Flight-data recorder ជាឧបករណ៍ដាច់ដោយឡែកមួយ ដែលមានតួនាទីរក្សាទុកនូវទិន្នន័យថ្មីៗ របស់យន្តហោះ ។ ចំណែក cockpit voice recorder ជាឧបករណ៍សម្រាប់ថតសម្លេងនៅលើយន្តហោះ រួមទាំងសម្លេងសន្ទនារបស់អ្នកបើកបរផងដែរ។

២. Black Box ធាតុពិតមានពណ៌ទឹកក្រូច៖ ជាទូទៅត្រូវបានគេលាបពណ៌ឆើតៗដើម្បីងាយស្វែងរក។ វាជាឧបករណ៍មិនជ្រាបទឹក និងវាអាចធន់ជាមួយនឹងកម្លាំងទង្គិតរហូតដល់ ៣,៤០០ដងដែលមានន័យថា វាមានសមត្ថភាពធន់ខ្ពស់ ទោះបីជាយន្តហោះត្រូវរងការប៉ះទង្គិចបាក់បែកខ្លាំងបែបណាក្តី។

៣. តើ Black Box មានទីតាំងស្ថិតនៅត្រង់ណា? ជាទូទៅវាត្រូវបានដាក់នៅផ្នែកកន្ទុយនៃយន្តហោះ ដោយសារវាជាទីតាំងដែលអាចរងផលប៉ះពាល់តិចជាងគេ ក្នុងករណីដែលមានហេតុការណ៍ប៉ះទង្គិចកើតឡើង។ យ៉ាងនេះក្តីទីតាំងនៃ Black Box គឺអាស្រ័យទៅលើប្រភេទនៃយន្តហោះនីមួយៗ។

៤. តើក្រុមស្រាវជ្រាវកំណត់ទីតាំងរក Black Box ដោយរបៀបណា? Black Box នឹងបញ្ចេញនូវសម្លេងអាសន្នរបស់វា។ ក្រុមស្រាវជ្រាវចាំបាច់ត្រូវធ្វើយ៉ាងណា រកទីតាំងក្បែរៗឧបករណ៍នេះ ទើបអាចចាប់សម្លេងរបស់ Black Box បាន។ ក្រុមស្រាវជ្រាវអាចប្រើប្រាស់ឧបករណ៍ ស្រូបសម្លេងដើម្បីស្វែងរកបាន ដោយឧបករណ៍ខ្លះអាចចាប់សម្លេងបាននៅក្នុងជម្រៅរហូតដល់ ៤.៥គីឡូម៉ែត្រ។ យ៉ាងនេះក្តី Black Box អាចមានបន្តបញ្ចេញសម្លេងបានត្រឹមតែ ៣០ថ្ងៃ ឬទាបជាងនេះប៉ុណ្ណោះ អាស្រ័យទៅតាមប្រភេទរបស់វា។

៥.តើវានឹងចំណាយពេលយូរប៉ុណ្ណាក្នុងការស្វែងរក Black Box? ក្នុងករណីខ្លះ ការស្រាវជ្រាវត្រូវការពេលរាប់ខែ ឬរហូតដល់រាប់ឆ្នាំក៏មាន។ ជាក់ស្តែង ករណីយន្តហោះ បារាំង ៤៤៧ ជាមួយអ្នកដំណើរ ២២៨នាក់ ដែលបានបាត់ដំណឹងកាលពីឆ្នាំ២០០៩ កន្លងទៅនេះ ក្រុមស្រាវជ្រាវចំណាយពេលត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្នុងការរកសាកសព និងបំណែកខ្លះៗរបស់យន្តហោះ។ តែពួកគេត្រូវចំណាយពេលរហូតដល់ជាង ២ឆ្នាំ ដើម្បីរកផ្នែកដ៏សំខាន់នៃយន្តហោះ និងឧបករណ៍ Black Box នេះ។ ចំណែកករណី MH370 របស់ប្រទេសម៉ាឡេស៊ីវិញ រហូតមកទល់ពេលនេះ ក្រុមការងារនៅតែមិនទាន់រកឃើញនៅឡើយ បន្ទាប់ពីបានបាត់ដំណឹងតាំងពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤កន្លងទៅនេះ។

៦. តើមានរឿងអ្វីកើតឡើង ប្រសិនបើ Black Box ត្រូវបានរកឃើញ? ក្រុមអ្នកស៊ើបអង្កេតនឹងធ្វើការវិភាគ ទៅលើទិន្នន័យនានាដែលទទួលបានពី Black Box ដែលដំណើរការនៃការវិភាគនេះ អាចត្រូវការរយៈពេលពីរទៅបីថ្ងៃ។ យ៉ាងនេះក្តី មានតែប្រទេសមួយចំនួនតូចតែប៉ុណ្ណោះ ដែលអាចមានសមត្ថភាពក្នុងការវិភាគទិន្នន័យនេះបាន ក្នុងនោះមានដូចជា សហរដ្ឋអាម៉េរិក កាណាដា អូស្ត្រាលី ចក្រភពអង់គ្លេស និងបារាំង។

៧.តើមានមធ្យោយបាយអ្វីផ្សេងទៀត ក្នុងការរក្សាទិន្នន័យលើយន្តហោះ ជំនួសឲ្យការប្រើប្រាស់ Black Boxដែរឬទេ? បន្ទាប់ហេតុការណ៍គ្រោះថ្នាក់ នៃយន្តហោះដ៏រន្ធត់នៅក្នុងឆ្នាំ២០១៤នេះ ជម្រុញឲ្យមានការជជែកពិភាក្សា ដោយរក្សាទិន្នន័យរបស់យន្តហោះ ជាមួយនឹងផ្កាយរណបវិញ ដែលអាចបញ្ជូនព័ត៌មានមកវិញបាន នៅពេលដែលត្រូវការ។ ការពិតទៅប្រព័ន្ធបែបនេះ ត្រូវបានបង្កើតរួចទៅហើយ ហើយបច្ចុប្បន្ននេះមានយន្តហោះ ប្រហែលពីរបីរយគ្រឿងដែលបានបំពាក់ប្រព័ន្ធបែបនេះ។ ប៉ុន្តែវាជាប្រព័ន្ធមិនសូវមានអ្នកនិយម ដោយសារភាពកម្រនៃគ្រោះថ្នាក់របស់យន្តហោះនីមួយៗ បូករួមទាំងតម្លៃដ៏ថ្លៃរបស់វាថែមទៀតផង។ មិនថាការបំពាក់ និងដំណើរការនៃបញ្ជូនព័ត៌មាន ពីផ្កាយរណបនៃយន្តហោះនីមួយៗ សុទ្ធតែចំណាយថវិការច្រើនបំផុត។ របាយការណ៍មួយបង្ហាញថា សម្រាប់ក្រុមហ៊ុនអាកាសចរណ៍សហរដ្ឋអាម៉េរិក អាចត្រូវការចំណាយប្រាក់ចំនួន ៣០០លានដុល្លារក្នុងមួយឆ្នាំ ក្នុងការបញ្ជូនព័ត៌មាននៃយន្តហោះទាំងអស់ពីផ្កាយរណប ទោះបីជាតម្លៃនេះត្រូវបានបញ្ចុះ ៥០ភាគរយទៅហើយក្តី៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី