(ក្រចេះ)៖ សេចក្តីរាយការណ៍ឲ្យដឹងថា នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦ មានការបង្រ្កាបបទល្មើសដឹកឈើមួយករណី ពីសំណាក់ក្រុមមន្រ្តីអាវុធហត្ថក្រុងក្រចេះ។ ក្រោយពីមានការចាប់ឃាត់មន្រ្តីអាវុធហត្ថបាននាំយក គោយន្តចំនួន២គ្រឿង ដែលមានផ្ទុកឈើគ្រឿងផ្ទះជាងកន្លះមែត្រគូប មករក្សាទុកនៅទីបញ្ជាការ។

ក្រោយភ្លាមៗប្រជាពលរដ្ឋជាម្ចាស់ គោយន្តដឹកឈើទាំងពីរគ្រឿង បានព្យាយាមចូលទៅសម្របសម្រួល យកគោយន្តមកវិញ តែត្រូវទទួលការគំរាមពីលោកមេបញ្ជាការក្រុង ដោយលោកគំរាមនឹងវាយខ្នោះ ប្រសិនបើនៅតែមានការចេញចូលក្នុងទីបញ្ជាការ។ មិនទាន់បានប៉ុន្មាននាទីផង សំឡេងផ្ទុះអាវុធដោយកាំភ្លើង AK ជាការបាញ់ឡើងលើរបស់លោកមេបញ្ជាការ បានបន្លឺឡើងលាន់ឮ ផ្អើលអ្នកស្រុក ពិសេសម្ចាស់គោយន្ត រត់បាតជើងសព្រាត។

សេចក្តីរាយការណ៍ បានឲ្យដឹងថា រាប់ទាំងករណីលើកនេះទៀត ជាការបាញ់លើកទី២ហើយ របស់មេប៉េអឹមក្រុងក្រចេះ ដោយកាលពីចុងខែមេសា កន្លងទៅមេប៉េអឹមរូបនេះ ក៏ធ្លាប់បាញ់គំរាមជាច្រើនគ្រាប់ ទៅលើក្រុមអ្នករកស៊ីដឹកជន្លង់ម្រេច នៅចំនុនខ្លារស្ទុះ សង្កាត់អូរឬស្សី ក្រុងក្រចេះ ក៏បណ្តាលឲ្យមានការភ្ញាក់ផ្អើលដូចគ្នា។

បើទោះជាបែបណា មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ លោក ផាន សុភក្រ្កវាសនា បានច្រានចោលទៅនឹងការចោទប្រកាន់ថា លោកបានផ្ទុះអាវុធគំរាមអ្នកដឹកឈើ។ ដោយលោកមេបញ្ជាការបានបញ្ជាក់ឲ្យដឹងតាមទូរសព្ទថា ករណីនេះជាការចុះបង្រ្កាបដោយមានការរួមសហការរវាងអាវុធហត្ថក្រុង ជាមួយនឹងមេព្រៃ ហើយឈើទាំងនេះបាននាំយកមករក្សាទុកនៅទីបញ្ជាការ ដើម្បីមានចំណាត់ការតាមនិតិវិធី៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី