ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យប្រតិភូនាវា យុវជនកម្ពុជា ចំនួន២៩នាក់ដឹកនាំដោយ កញ្ញា គិន សំណាង ដែលនឹងទៅចូលរួម កម្មវិធីយុវជន អាស៊ីអាគ្នេយ៍ និងជប៉ុនចូលជួប សំដែងការគួរសម ។

ក្នុងជំនួបដែលធ្វើឡើងនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី នារសៀល ថ្ងៃទី៩ តុលានេះ ក្រោយពី ជំនួបបានបញ្ចប់ លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំនួបនេះ កញ្ញា គិន សំណាង ប្រធានប្រតិភូ បានគោរពជម្រាបជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី ថា ប្រតិភូនាវាយុវជន កម្ពុជា ចំនួន២៩នាក់នេះនឹងទៅចូលរួមកម្មវិធី យុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនដែលកម្មវិធីនេះរៀបចំ ឡើងដោយ រាជរដ្ឋាភិបាលជប៉ុន ហើយក្នុងឱកាសនេះតំណាងឱ្យប្រតិភូនាវាយុវជនកម្ពុជា កញ្ញា បាន គោរពអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី នូវអនុសាសន៍ណែនាំ ប្រកបដោយ គតិបណ្ឌិត មុននឹងចេញដំណើរ ទៅចូលរួមកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍យុវជន និងជប៉ុន លើកទី៤១។

កញ្ញាបានគោរពរាយការណ៍ជូនសម្តេចថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍លើកទី ៤១នេះគឺជាកម្មវិធីរៀបចំ ដោយរាជរដ្ឋាភិបាលជប៉ុន និងមានការចូលរួម យ៉ាងសកម្ម ពីបណ្តាប្រទេសជាសមាជិកអាស៊ាន ដែល កម្មវិធីនេះ បានចាប់ដំណើរការតាំងពីឆ្នាំ១៩៧៤ ក្នុងគោលបំណងជាអាទិភាព ក្នុងការរឹតចំណងមិត្តភាព ការយោគយល់គ្នា រវាងយុវជនជប៉ុន និងយុវជនអាស៊ាន ដើម្បីលើកកម្ពស់អក្សរសាស្ត្រ សិល្បៈវប្បធម៌ និងអារិយធម៌ នៃបណ្តា ប្រទេសជាសមាជិកអាស៊ានសំដៅពង្រឹងកិច្ចសហប្រតិបត្តិការជាអន្តរជាតិ។

កម្មវិធីកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍យុវជន និងជប៉ុន លើកទី៤១ឆ្នាំ២០១៤នេះ មានរយៈពេល៥១ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែតុលា រហូតដល់ ថ្ងៃទី១៨ ខែធ្នូ។ ឆ្នាំនេះនាវាអាស៊ាន និងជប៉ុននឹងចាកចេញ ពីកំពង់ផែ នៃប្រទេសជប៉ុន រួចទៅចូលចតនៅប្រទេសប៊្រុយណេ កម្ពុជា មីយ៉ាន់ម៉ា និង ឥណ្ឌូនេស៊ី។

សម្តេចតេជោ ហ៊ុន សែន បានជំរាបជូនប្រតិភូទាំងមូលពីកត្តា៤យ៉ាង ដែលនាំឱ្យកម្ពុជាចូលក្នុងសមាគម អាស៊ាន ទី១គឺគោលការណ៍ មិនជ្រៀតជ្រែក,ទី២គឺស្មារតីសហគមន៍ ដែលសម្រេចរាល់បញ្ហាដោយ គោលការណ៍ព្រមព្រៀង (កុងសុងស៊ីស) ,ទី៣គឺផលប្រយោជន៍ដែលបានពីការកាត់បន្ថយ គម្លាតរវាងអាស៊ានចាស់ និងអាស៊ានថ្មី ,ទី៤គឺជាច្រកចេញការទូតដ៏សំខាន់របស់កម្ពុជា។

សម្តេចក៏បានជម្រាប់ជូន ប្រតិភូអំពីបញ្ហាទូទៅ ដែលពាក់ ព័ន្ធនឹងនយោបាយ សេដ្ឋកិច្ច ហើយជាទីបញ្ចប់ សម្តេចក៏បាន ជំរាបជូនប្រតិភូទាំងមូលថា ដំណើរក្នុងនាវាយុវជននេះ គឺតំណាងឱ្យប្រជាជនប្រមាណជាង១៥លាននាក់ គឺមិនជា តំណាងឱ្យបុគ្គលនោះទេ ដូច្នេះត្រូវធ្វើយ៉ាងណារក្សាឲ្យបាននូវកិត្តិយស និងកិត្តិស័ព្ទ ដើម្បី តំណាងឱ្យប្រទេសជាតិទាំងមូល៕