(សៀមរាប)៖ លោក កុយ សុវណ្ណ ដែលត្រូវបានគេស្គាល់ថា ជាមន្រ្តីនគរបាលពាក់ផ្កាយ១ម្នាក់ និងម្ដាយរបស់លោក ឈ្មោះ កង សាវ៉េត បានរងការចោទប្រកាន់យ៉ាងខ្លាំង ពាក់ព័ន្ធនឹងការរំលោភយកដីមួយកន្លែង មានទំហំ២០ម៉ែត្រគុណ៤០ម៉ែត្រ ស្ថិតក្នុងភូមិ ព្រែកគុយ សង្កាត់អំពិល ក្រុងសៀមរាប ដែលមានម្ចាស់កម្មសិទ្ធិដី គឺអ្នកស្រី បូ សេរីរ័ត្ន។ ស្រ្តីម្នាក់នេះបានអះអាងថា ខ្លួនជាម្ចាស់ដី ពិតប្រាកដ ដោយសំអាងលើលិខិតកាន់កាប់ដីធ្លី ទទួលស្គាល់ពីអាជ្ញាធរក្នុងដៃ។

អ្នកស្រី បូ សេរីរ័ត្ន បានបញ្ជាក់យ៉ាងលម្អិតថា «ដំបូងឡើយមានឈ្មោះ ឡាម មករា ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានទៅខ្ចីប្រាក់ពីឈ្មោះ កង សាវ៉េត (ម្ដាយរបស់មន្រ្តីផ្កាយ១ខាងលើ) រស់នៅភូមិ ទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដោយបានយកប្លង់ដីមួយកន្លែង ស្ថិតនៅភូមិព្រៃគុយ សង្កាត់អំពិល ក្រុងសៀមរាប (ដីមានទំនាស់ខាងលើ) ទៅដាក់ធានាឱ្យឈ្មោះ កង សាវ៉េត, ប៉ុន្តែលិខិតកាន់កាប់ដីធ្លីដែលដាក់ធានានោះត្រូវបាន ស៊ើបអង្កេតដឹងថា ជាឯកសារក្លែងក្លាយបន្លំទេ, ស្របពេលដែលកូលបំណុល ឡាម មករា គ្មានប្រាក់សងវិញផង ក៏ខ្ចីបន្ថែមទៀត រួចផ្ទេរកម្មសិទ្ធិប្រគល់ដីក្លែងក្លាយខាងលើ ទៅឲ្យម្ចាស់បំណុល អ្នកស្រី កង សាវ៉េត តែម្ដងទៅ»។

អ្នកស្រីថា ដីខាងលើនោះ ជាដីរបស់គាត់ពិប្រាកដ តែកាលពីឆ្នាំ២០១៤ ឈ្មោះ កុយ សុវណ្ណ និងបក្ខពួកអាងអំណាច បានសមគំនិតគ្នា រំលោភយកដីរបស់គាត់ រួចក្លែងឯកសារធ្វើជាម្ចាស់កម្មសិទ្ធិលើដីនេះ ដើម្បីលក់ទៅឲ្យអ្នកដទៃ ដោយបានបំពានលើសាលក្រម ព្រហ្មទណ្ឌ លេខ៣៤ ខ ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០១១ របស់សាលាដំបូងខេត្តសៀមរាប ដែលបញ្ជាក់យ៉ាងច្បាស់ថា «ដីដែលឈ្មោះ ឡាម មករា (កូនបំណុលរបស់អ្នកស្រី កង សាវ៉េត ពីមុន) ដាក់ធានាជាមួយឈ្មោះ កង សាវ៉េត ជាឯកសារក្លែងក្លាយ»។

ពលរដ្ឋរងគ្រោះអ្នកស្រី បូ សេរីរ័ត្ន បានបញ្ជាក់ទៀតថា ទាំងអ្នកស្រី កង សាវ៉េត និងលោក កុយ សុវណ្ណ ក៏ដឹងថា សាលក្រមរបស់ តុលាការខាងលើ បានចេញនិរាករណ៍ទៅលើលិខិតកាន់កាប់ដីធ្លី របស់ឈ្មោះ ឡាម មករា ដែលជាលិខិតក្លែងក្លាយនោះ រួចហើយ ប៉ុន្តែលោក និងម្តាយរបស់លោក នៅតែបន្តរំលោភយកដីខាងលើ ទាំងបំពានទៀត។ ចំពោះដីដែលមានតែលិខិតផ្ទេរសិទ្ធិក្លែងក្លាយនេះ ក៏គ្មានសៀវភៅគោលបញ្ជីតាំងនៅមន្ទីរសូរិយោដីខេត្តដែរ (លេខគោលបញ្ជីមិនត្រឹមត្រូវ) ហើយសាក្សីដែលធ្លាប់បានឆ្លើយបំភ្លឺជូន នគរបាលព្រហ្មទណ្ឌ កាលពីមុននោះ សុទ្ធតែជាការសមគំនិតគ្នាទាំងស្រុង។

អ្នកស្រី បូ សេរីរ័ត្ន ក៏បានសំណូមពរទៅអភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង ឱ្យជួយអន្តរាគមន៍ផ្តល់យុត្តិធម៌ដល់អ្នកស្រីផងដែរ ដោយលោកស្រីនៅតែអះអាងថា ខ្លួនជាម្ចាស់កម្មសិទ្ធិកាន់កាប់លើដីពិតប្រាកដ ពីព្រោះមួយរយៈនេះ លោក កុយ សុវណ្ណ និងអ្នកស្រី កង សាវ៉េត ពោលពេញដោយអំណាច និងទឹកលុយ បាននិងកំពុងព្យាយាមកែប្រែឯកសារពីខុសទៅត្រូវ ដើម្បីរំលោភយកដីស្របច្បាប់ របស់អ្នកស្រី។ ម្យ៉ាងទៀតកន្លងទៅ បើទោះជាអ្នកស្រីមានសិទ្ធិកាន់កាប់ដីស្របច្បាប់ក៏ដោយ ក៏លោក កុយ សុវណ្ណ និងអ្នកស្រី កង សាវ៉េត រារាំងមិនឱ្យចូលគ្រប់គ្រងដីខាងលើនេះឡើយ។

យោងតាមបណ្តឹងអ្នកស្រី បូ សេរីរ័ត្ន នគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានចុះទៅស៊ើបអង្កេត និងបានស្នើឱ្យឈ្មោះ កង សាវ៉េត ចុះទៅបង្ហាញទីតាំងទំនាស់ តែម្ដាយរបស់មន្រ្តីផ្កាយ១រូបនេះ មិនបានធ្វើតាមសំណើនោះឡើយ ទើបសមត្ថកិច្ចបានសន្និដ្ឋានថា ឈ្មោះ កង សាវ៉េត ពិតជាបានរំលោភយកអចលនទ្រព្យរបស់ឈ្មោះ បូ សេរីរ័ត្ន ពិតប្រាកដមែន។

ពាក់ព័ន្ធករណីនេះ អង្គភាព Fresh News មិនអាចសុំការបំភ្លឺពីលោក កុយ សុវណ្ណ និងអ្នកស្រី កង សាវ៉េត បានទេ កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ បន្ទាប់ពីមានការលើកឡើងរបស់អ្នកស្រី បូ សេរីរ័ត្ន៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី