កំពត៖ ក្រុមចោរ៤នាក់ ប្រដាប់ដោយកាំភ្លើង អាការ៣ដើម បានចូលប្លន់ផ្ទះប្រជាពលរដ្ឋ ដែលស្ថិតនៅមុខប៉ុស្តិ៍ នគរបាលឃុំព្រែកត្នោត តែមិនបានយកទ្រព្យសម្បត្តិអ្វីទាំងអស់ ដោយសារមានកិច្ចអន្តរាគមន៍ភ្លាមៗពីក្រុមសត្ថកិច្ច។ ម្ចាស់ផ្ទះ ឪពុក និងកូន បានរងរបួសធ្ងន់ ដោយសារក្រុមចោរកាប់ជាច្រើនកាំបិតលើរូបរាងកាយពួកគេ។

បើយោងតាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា ក្រុមចោរបានធ្វើសកម្មភាពប្លន់នៅវេលាម៉ោងប្រមាណជា ៨ និង ៤០នាទីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

សមត្ថកិច្ច បានបន្តថា សកម្មភាពប្លន់នេះ មិនបានសម្រេចនោះទេ ដោយសារភ្លាមៗមានកិច្ចអន្តរាគមន៍ ពីអ្នកភូមិជិតខាង និងសមត្ថកិច្ច។ ទោះបីជាយ៉ាងបុរសម្ចាស់ផ្ទះជាឪពុក និងកូនរបស់ខ្លួន បានរងរបួសជាទម្ងន់ ដោយសារក្រុមចោរកាប់ទៅលើពួកគេជាច្រើនកំាបិត។ រីឯក្រុមចោរបាននាំគ្នារត់គេចខ្លួនបាត់អស់ ទាំងមិនបាន យកទ្រព្យសម្បត្តិអ្វីទាំងអស់។

បុរសរងគ្រោះជាឪពុកមានឈ្មោះ ហោ ប៊ុនហុង អាយុ ៥០ឆ្នាំ។ កូនប្រុសមានឈ្មោះ ហុង ហេង អាយុ ២៥ឆ្នាំ។ ជនរងគ្រោះប្រកបរបរបើករថយន្តដឹកកម្មករតាមរោងចក្រ។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត តែដោយសារស្ថានភាពរបួសធ្ងន់ពេក សមត្ថកិច្ចបានបញ្ជូនទៅសង្រ្គោះបន្តនៅប្រទេសវៀតណាម។ ដោយឡែកសមត្ថ កិច្ចកំពុងបើកការស៊ើបអង្កេតស្វែងរកក្រុមចោរទាំងអស់នោះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល