ប្រធានាធិបតីលោក Rodrigo Duterte បានផ្ដល់ប្រាក់រង្វាន់យ៉ាងច្រើន ដើម្បីចាប់ខ្លួនឧក្រិដ្ឋជនជាប់ទោសពីបទមនុស្សឃាត និងបទរំលោភសេពសន្ធវៈ ដែលត្រូវបានដោះលែងក្រោមភាពល្ងង់ខ្លៅរបស់ការិយាល័យអប់រំកែប្រែ និងបាននិយាយថា លោកនឹងសប្បាយចិត្ដពន់ពេក ប្រសិនបើអ្នកទោសទាំងនោះត្រូវបានចាប់ខ្លួនបានជាសាកសព(ស្លាប់) ។

ការដោះលែងអ្នកទោសឧក្រិដ្ឋ ១៧០០ នាក់ក្រោមកម្មវិធីផ្ដល់រង្វាន់សម្រាប់ការកែប្រែអាកប្បកិរិយាមកល្អ(good-behavior reward program) ដែលសុទ្ធសឹងតែជាអ្នកទោសជាប់ពិរុទ្ធពីបទឧក្រិដ្ឋហិង្សា បានក្លាយជាភាពអាម៉ាស់ដ៏ធំមួយសម្រាប់មេដឹកនាំស្អប់អំពើឧក្រិដ្ឋកម្មម្នាក់នេះ ដែលជាប់ឆ្នោតដោយសារតែការសន្យាថា នឹងធ្វើឱ្យមានសុខសុវត្ថិភាព នៅតាមដងផ្លូវ ។

លោក Duterte គឺជាអតីតអភិបាលក្រុង និងជារដ្ឋអាជ្ញា ដែលបានសន្យាថា លោកនឹងសម្លាប់ឧក្រិដ្ឋជនច្រើនរហូត ១០០,០០០ នាក់ ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតី ។ ក្រោយការជាប់ឆ្នោតកាន់តំណែង លោកមានភាពល្បីល្បាញរឿងសង្រ្គាមថ្នាំញៀនយ៉ាងបង្ហូរឈាម ជាអំឡុងពេលដែលនគរបាលបានសម្លាប់អ្នកសេព និងអ្នកជួញដូរថ្នាំញៀនក្នុងក្រុងរាប់ពាន់នាក់ ។ សកម្មជនសិទ្ធិមនុស្សនិយាយថា ការដាក់ទោសប្រហារជីវិតនេះ ភាគច្រើនប្រព្រឹត្ដទៅក្រៅប្រព័ន្ធតុលាការ ប៉ុន្ដែនគរបាល បានច្រានចោលការចោទប្រកាន់នេះ ។

ការថ្លែងចុងក្រោយរបស់លោក ហាក់បីដូចជាធ្វើឱ្យក្រុមប្រឆាំងនឹងលោកមានការខឹងសម្បារ ជាក្រុមដែលចោទប្រកាន់លោកពីបទញុះញង់ដោយចេតនាឱ្យក្រុមរបស់លោកអនុវត្ដទោសលើឧក្រិដ្ឋជន ដោយពុំមានអាជ្ញាធរយុត្ដាធិការ ។ ការិយាល័យប្រធានាធិបតី បានបដិសេធការចោទប្រកាន់នោះ និងបាននិយាយថា កិច្ចពិភាក្សាដ៏ម៉ឺងម៉ាត់របស់លោក ធ្វើឱ្យលោកទទួលបានក្ដីស្រឡាញ់ពីប្រជាជនហ្វីលីពីនរាប់លាននាក់ ។ អ្នកទោសជាង ២១,០០០ នាក់ត្រូវបានដោះលែង ប៉ុន្ដែមន្រ្ដីក្រសូងយុត្ដិធម៌និយាយថា ទណ្ឌិតជាង ២០០០ នាក់ក្នុងចំណោមអ្នកទោសទាំងអស់នោះ ត្រូវបានកាត់ទោសសម្រាប់បទឧក្រិដ្ឋទាំងឡាយដូចជា បទរំលោភសេពសន្ធវៈ បទល្មើសគ្រឿងញៀន មនុស្សឃាត ពុករលួយ អំពើប្លន់ ចាប់ជំរិត និងបទល្មើសបង្កអគ្គិភ័យ ប៉ុន្ដែអ្នកទោសទាំងអស់នោះ ដ៏ជិតដល់ថ្ងៃត្រូវដោះលែងដែរ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ reuters