ភ្នំពេញ៖ របាំត្រុដិជាកេរដំណែលវប្បធម៌មន-ខ្មែរ ដែលជនជាតិ ខ្មែរព្រៃភ្នំ ដូចជាពួក សម្រែ សួយ និងព័រ ជាដើម ព្រមទាំងជនជាតិខ្មែរនៅខេត្តស៊ីសាកេត សុរិន្ទ្រ សៀមរាប ពោធិ៍សាត់ បាត់ដំបង និងប្រជាពលរដ្ឋមួយចំនួនទៀត នៅខេត្តផ្សេងៗ ពិសេសក្រសួង ស្ថាប័នទាំងរដ្ឋ និងឯកជនភាគច្រើនតែងតែប្រារព្ធក្នុងពេលចូលឆ្នាំខ្មែរ ឬក្នុងពេល ដែលសត្វព្រៃរត់ចូលស្រុកភូមិជាដើម។ ចំណែកជនជាតិចិន គេមានរបាំម៉ុងសាយ ដើម្បីសំដែងដេញឧបទ្រព ចង្រៃ។

តាមការពិត របាំត្រុដិនេះ គឺជាបុណ្យឆ្លងពីឆ្នាំចាស់ចូលឆ្នាំថ្មីពីភាពឧបទ្រពចង្រៃ ទៅភាពសម្បូរណ៍សប្បាយផង។ ពាក្យ ត្រុដិ សំដៅដល់ពេលដែលឆ្នាំចាស់ដាច់ ដើម្បីត្រាច់ផ្លាស់ចូលឆ្នាំថ្មី។ តាមអត្ថន័យនេះ របាំត្រុដិ ដែលត្រូវ បានប្រារព្ធធ្វើនោះ គឺត្រូវកំណត់ដំណើរកាត់ផ្តាច់ នៃឆ្នាំនីមួយៗក្នុងទស្សនៈរបស់ជនជាតិខ្មែរ ដែលបានរស់នៅខ្ពង់ រាប និងវាលទំនាប។

ដូច្នេះហើយក្នុងពិធីបុណ្យឆ្លងនេះ គេប្រសិទ្ធពរជ័យសព្ទសាធុការសម្រាប់ឆ្នាំថ្មី ដែលចូលមកដល់ដោយសេចក្តី សប្បាយរីករាយ។ ក្នុងន័យដដែលនេះ ការដែលគេមិនបានប្រារព្ធពីធីបុណ្យឆ្លង ឬការមិនចូលរួមអបអរសាទរនូវ របាំនេះ ដោយប្រការណាមួយអាចនាំមកនូវរាល់អំពើទុក្ខសោកពុំខាន។ នេះជាអត្ថន័យទី១ នៃរបាំត្រុដិ។ រីឯអត្ថ ន័យទី២ ក៏មានលក្ខណៈប្រហាក់ប្រហែលនឹងនេះដែរពោលគឺគេរាំរបាំត្រុដិពេលដែលសត្វព្រៃ ដូចជាត្រកួត ប្រើស ឈ្លួស ពស់ ចូលក្នុងភូមិ តាមពិតគេធ្វើឡើង ក៏ដើម្បីផ្តាច់ចេញ (បណ្តេញ) ពីស្រុកភូមិនូវរាល់ឧបទ្រពចង្រៃដែរ ហើយពិធីនេះមានឈ្មោះថា ពិធីឡើងភូមិ ឬពីធីរាំឡើងភូមិ។

និមិត្តរូប ដ៏សំខាន់ នៃរបាំត្រុដិនេះ សម្រាប់បញ្ជាក់បង្ហាញនូវអត្ថន័យឲ្យកាន់តែស៊ីជម្រៅក្រៅពីវត្តមាន របស់ពួក អ្នករាំកាន់សញ្ញាសម្រាប់កំណត់ទំនុកច្រៀង គឺវត្តមានរបស់អ្នករាំកាន់ដំបងកោងមួយ ធ្វើរបៀបផ្សេងដូចតំណាង ផាលនង្គ័ល ដែលនៅខាងចុងមានចងកណ្តឹង ឬរោមក្ងោក។ និមិត្តរូបចម្បងមួយទៀត គឺវត្តមានអ្នករាំរបាំពីរនាក់ ទៀត រាំត្រាប់តាមសត្វទន្សោង ដែលចែចង់គ្នា ដោយមានពាក់ស្នែងទន្សោងលើក្បាលរបស់គេថែមទៀតផង។ សូមជម្រាបថា សត្វប្រើស ដែលជាអ្នករាំរបាំទន្សោងទាំងពីរនេះ តំណាងព្រានព្រៃដេញតាមសត្វប្រើស ដែលត្រូវ គេបរបាញ់។ ករណីមួយទៀត ដែលបង្ហាញនូវលក្ខណៈពិសិដ្ឋរបស់របាំនេះ គឺវត្តមានរបស់មនុស្សព្រៃម្នាក់មានមុខ លាបពណ៌ខ្មៅ ក្បាលរំដោយផ្កា និងស្លឹកឈើជារុក្ខទេវតាថែរក្សាព្រៃភ្នំដែលជួយពួកព្រានព្រៃក្នុងការបរបាញ់។

ដូចនេះតាមរយៈវត្តមានរបស់តួអង្គគឺអ្នករាំរបាំដែលខ្លួនជាសត្វ ឬរុក្ខទេវតាដែលតំណាងនូវសភាវៈល្អ ឬ អាក្រក់ យើងអាចសម្គាល់នូវលក្ខណៈពិសិដ្ឋរបស់របាំត្រុដិ ដែលជាពិធីបុណ្យឆ្លងផ្តាច់ឆ្នាំចាស់ចូលឆ្នាំថ្មីរបស់ពលរដ្ឋខ្មែរ យើងដែលមានលក្ខណៈជីវចលនិយម ហើយលើសពីនេះទៅទៀតនោះគឺតួនាទីរបស់របាំនេះក្នុងសង្គមខ្មែរ គឺការ ផ្តល់នូវផលប្រយោជន៍សុភមង្គលរបស់មនុស្សក្នុងសង្គមដោយរួមរិតសម្ព័ន្ធភាព សាមគ្គីភាព របស់ពួកគេឡើងវិញ ។ ទស្សនៈបែបនេះ ពិតជាពុំមែនកេរមត៌កវប្បធម៌ឥណ្ឌាទេ ក៏ប៉ុន្តែជាមត៌កវប្បធម៌មន-ខ្មែរ ដែលមានអាយុច្រើន ពាន់ឆ្នាំមកហើយ មានតម្លៃស្ថិតស្ថេររហូតមកដល់សព្វថ្ងៃនេះ។ គឺក្នុងពិធីរបាំឆ្លងនេះ សាមគ្គីរបស់មនុស្សខ្មែរគ្រប់ ឋានៈវណ្ណៈក្នុងសង្គមត្រូវពង្រឹងសាជាថ្មីឡើងវិញដើម្បីឈានទៅរកវឌ្ឍនភាពនិងសុភមង្គលដោយក្តីសង្ឃឹម។ លក្ខណៈពិសិដ្ឋមួយទៀតរបស់របាំត្រុដិគឺជំនឿលើបុព្វការីជនក្រោមរូបភាពសត្វប្រើស ឬក្ងោកដែលឆ្លុះបញ្ចាំងនូវ រូបភាពឯកភាពផ្នែកជំនឿសាសនា។ សូមជម្រាបថា ការដែលជនជាតិភាគតិច (ខ្មែរលើ)និងជនជាតិខ្មែរប្រារព្ធរបាំ នេះ ពុំមែនជាការចៃដន្យទេក៏ប៉ុន្តែទង្វើនេះបង្ហាញនូវខឿនវប្បធម៌រួមរវាងជនជាតិខ្មែរព្រៃភ្នំ (មន-ខ្មែរ) និង ខ្មែរតែ ប៉ុណ្ណោះ ព្រមទាំងចំណាស់របស់ប្រពៃណីដ៏ល្អនេះផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល