ព្រៃវែង ៖ រឿងអភូតហេតុ ស្រ្តីវ័យក្មេងម្នាក់ ដែលលេបថ្នាំសម្លាប់ខ្លួន ហើយត្រូវបានក្រុមគ្រូពេទ្យ ធ្វើការអះអាងថា នាងបានស្លាប់ ក្រុមគ្រួសារដឹកចេញពីពេទ្យ យកទៅតម្កល់ធ្វើបុណ្យនៅឯស្រុក រៀបនឹងធ្វើការបូជាទៅហើយ បែរជា ក្រុមគ្រួសារនាំគ្នាភ្ញាក់ផ្អើលថា នាងរស់ឡើងវិញ ដោយសារតែសាច់ឈាម មិនមានការប្រែប្រួល ដូចសពអ្នកដទៃ ហើយនៅមានដង្ហើមរហូតដល់ក្រុមគ្រួសារ ហៅពេទ្យមកពិនិត្យ និងព្យួរសេរ៉ូមសារជាថ្មី រួមទាំងនិមន្តព្រះសង្ឃ មក សូត្រមន្តអន្ទងព្រលឹងផងនោះ រហូតមកដល់ពេលនេះ មានរយៈពេល ២-៣ថ្ងៃហើយ សភាពស្រ្តីខាងលើ នៅតែមាន ដង្ហើមដដែល គ្រាន់តែនាងមិនបានដឹងខ្លួន និងកម្រើកដៃជើងបាននោះឡើយ ។

គិតរហូតមកដល់ព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ ម្សិលមិញនេះ ស្រ្តីខាងលើកំពុងតែស្ថិតនៅក្នុងការជួយសង្រ្គោះពី ក្រុមគ្រូពេទ្យ និងសាច់ញាតិ ដោយពេទ្យបានព្យួរសេរ៉ូម និងបញ្ចូលខ្យល់អុកស៊ីហ្សែនឲ្យនាង ដោយក្រុមគ្រួសារនៅតែ អះអាងថា នាងមិនទាន់ស្លាប់នោះទេ ។ ចំណែកក្រុមគ្រូពេទ្យដែលទៅពិនិត្យ និងព្យួរសេរ៉ូម ឲ្យនៅតែធ្វើការអះអាងថា ការរស់ឡើងវិញ ហាក់ដូចជាមានសង្ឃឹមតិចណាស់ ។

សូមបញ្ជាក់ថា ស្រ្តីដែលស្លាប់ហើយ ត្រូវបានសាច់ញាតិអះអាងថា រស់ឡើងវិញនេះ ត្រូវបានគេស្គាល់ឈ្មោះ ចាន់ ស្រីរ័ត្ន មានអាយុ ២២ឆ្នាំ ធ្លាប់មានប្តីពីរ ដោយប្តីទីមួយ បានកូន ២នាក់ ក៏ធ្វើការលែងលះគ្នា ហើយកូនប្រគល់ឲ្យប្តី គ្រប់គ្រងទាំង ២នាក់ និងប្តីក្រោយមិនទាន់មានកូននៅឡើយទេ ។ មានទីលំនៅស្រុកកំណើតនៅភូមិព្រែកខ្សាយក ឃុំព្រែកខ្សាយក ស្រុកពាមរ៍ ខេត្តព្រៃវែង តែ នាងបានមករស់នៅ និងធ្វើការនៅរាជធានីភ្នំពេញ ដោយស្នាក់នៅផ្ទះ ជួល ម្តុំផ្សារដីហុយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែន សុខ ។ ដើមចមដែលនាំឲ្យស្រ្តីខាងលើស្លាប់ ត្រូវបានគេដឹងថា កើតឡើងដោយសារតែនាងមានវិបត្តិ ជម្លោះក្នុងគ្រួសារជាមួយនឹងប្តីក្រោយ ខណៈនឹកកូនសុំប្តីទៅលេងកូន តែប្តីមិនឲ្យទៅ ហើយបានលេបថ្នាំងងុយដេក ចំនួន ៨០គ្រាប់ ដើម្បីសម្លាប់ខ្លួនកាលពីវេលាម៉ោង ២ រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅនេះ ហើយនៅវេលាម៉ោង ៥ ល្ងាច ខណៈអ្នកជិតខាងដឹង ក៏បានដឹកយក ទៅសង្រ្គោះនៅមន្ទីរ ពេទ្យលោកសង្ឃ ។ លុះពេលដឹកទៅដល់មន្ទីរពេទ្យ ត្រូវក្រុមគ្រូពេទ្យ ធ្វើការពិនិត្យហើយអះអាងថា នាងបានស្លាប់ បាត់បង់ជីវិតទៅហើយ ទើបប្តី និងសាច់ញាតិ នាំសពនាងយកទៅធ្វើបុណ្យ និងបូជា នៅស្រុកកំណើត នៅតំបន់អ្នក លឿង ។ ពេលដឹកសពទៅដល់ស្រុកកំណើត រៀបចំធ្វើបុណ្យដើម្បីបូជា ហើយនៅថ្ងៃទី២៣ ខែធ្នូ ខណៈក្រុមគ្រួសាររៀបចំលាងសំអាតសព ដើម្បីលើកដាក់មឈូស ធ្វើការបូជាស្រាប់តែសាច់សពនៅក្តៅមិន ហើម ហើយបេះដូងនៅដើរ ទើបសាច់ញាតិមានការភ្ញាក់ផ្អើល ហៅគ្រូពេទ្យមកពិនិត្យ និងព្យួរសេរ៉ូមបញ្ចូលអុកស៊ី ហ្សែនឲ្យ ។ មិនតែប៉ុណ្ណោះ សាច់ញាតិក៏បាននិមន្តព្រះសង្ឃ មកសូត្រមន្តអន្ទងព្រលឹងផងដែរ ។

យោងតាមសង្ឃដីកា ពីព្រះចៅអធិការវត្តពងពស់ ដែលនិមន្តមកសូត្រមន្តអន្ទងព្រលឹងខាងលើនេះ បានឲ្យដឹងថា ស្រ្តី ខាងលើ នឹងបើកភ្នែកដឹងខ្លួនឡើងវិញ នៅម៉ោង ១២យប់ ថ្ងៃទី២៣ ខែធ្នូ ។ លុះដល់ព្រឹកថ្ងៃទី២៤ ខែធ្នូ បើតាមការពិនិត្យទៅលើស្រ្តីខាងលើ គឺមិនបានបើកភ្នែក ឬក៏កក្រើកដៃជើងអ្វីនោះឡើយ ដងខ្លួននៅតែមិនកំរើក គ្រាន់តែមាន ចង្វាក់ដង្ហើមតែប៉ុណ្ណោះ តែឪពុកស្រ្តីខាងលើនេះ បានធ្វើការអះអាងប្រាប់អ្នកកាសែតថា នៅម៉ោង ១២យប់មិញ ខណៈបងប្អូននាំគ្នារង់ចាំមើលកូនស្រីរបស់គាត់ ហាក់ដូចជាបើកភ្នែកបន្តិចមែន តែមិនបានដឹងខ្លួនកំរើកដៃជើងនោះ ទេ រហូតដល់ម៉ោង ៣ទៀបភ្លឺ នាងបានផោមម្តង និងរាគលាមកម្តង ចំណែកសេរ៉ូមដែលព្យួរ ដែលពីមុនស្រកយឺតៗ នោះ បែរជាស្រកលឿនដូចការព្យួរសេរ៉ូមឲ្យអ្នកជំងឺធម្មតា ជាហេតុធ្វើឲ្យក្រុមគ្រួសារចាត់ទុកថា ស្ថានភាពហាក់ដូចជា បានប្រសើរឡើង ដោយក្រុមគ្រួសារនៅតែសង្ឃឹមថា នាង ចាន់ ស្រីរ័ត្ន មិនបានស្លាប់នោះទេ គឺរស់ឡើងវិញហើយ ដែលអាចនឹងដឹងខ្លួននាពេលឆាប់ៗខាងមុខនេះ ។ ប៉ុន្តែ គ្រូពេទ្យមួយរូបបានអះអាងថា ករណីនាង ចាន់ ស្រីរ័ត្ន ស្លាប់ ហើយ រស់ឡើងវិញនេះ គឺរូបគាត់មិនហ៊ានធ្វើការបកស្រាយនោះទេ ដោយគ្រាន់តែអះអាងថា ការវិវត្តន៍បន្តិចបន្តួចនេះ គឺដោយសារតែប្រតិកម្មជាតិថ្នាំនៅក្នុងខ្លួន របស់នាងតែប៉ុណ្ណោះ ហើយបើសង្ឃឹមថា រស់ឡើងវិញនោះគឺតិចណាស់។

រហូតមកដល់ព្រឹកថ្ងៃទី២៤ ខែធ្នូ ដដែលនេះ បើទោះបីជាក្រុមគ្រួសារចាត់ទុកថា កូនស្រីរបស់ខ្លួនរស់ឡើងវិញក៏ដោយ តែនៅផ្ទះ គេនៅតែឃើញមានរៀបចំធ្វើបុណ្យសពដដែល គ្រាន់តែសពដែលគេធ្វើបុណ្យនោះ កំពុងត្រូវបានក្រុមគ្រួសារដាក់ដេកនៅលើកន្ទេលក្នុងផ្ទះ ដោយមានបញ្ចូលអុកស៊ីហ្សែន និងព្យួរសេរ៉ូមឲ្យ ហើយការវិវត្តន៍យ៉ាងណាទៀតនោះ គេនឹងរង់ចាំមើលបន្ត នៅថ្ងៃស្អែកៗទៀត ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល