អ្នកជំនាញជប៉ុន បានបង្កើតសំណួរចម្លែកមួយថា “តើហេតុផលអ្វី ដែលអ្នកត្រូវក្រោកពីគេង នៅព្រឹកព្រលឹម? គ្រាន់តែព្យាយាមឆ្លើយសំនួរធំមួយនេះ អាចធ្វើឱ្យអ្នកចង់ត្រលប់ទៅគ្រែគេងវិញទៅហើយ។ ប្រសិនបើវាធ្វើឱ្យអ្នកចង់ត្រឡប់ទៅគេងវិញមែននោះ ទ្រឹស្ដី ikigai របស់ជប៉ុន អាចជួយបាន។

ដោយមានប្រភពមកពីប្រទេសមួយ ដែលមានប្រជាជនអាយុវែងជាងគេបំផុត នៅលើពិភពលោកនោះ ទ្រឹស្ដី ikigai នេះ កំពុងទទួលបានការពេញនិយម នៅក្រៅប្រទេសជប៉ុន ដែលជាវិធីមួយដើម្បីឱ្យមានអាយុវែង និងមានជីវិតល្អប្រសើរជាងមុន។

ខណៈពេលដែល ពុំមានការបកប្រែជាភាសាអង់គ្លេសដោយផ្ទាល់ ពាក្យ ikigai នេះ ត្រូវបានគេសន្មត់យកទៅប្រើផ្សំជាមួយពាក្យជប៉ុន” ikiru” ដែលមានន័យថា "រស់នៅ" និង kai មានន័យថា "ការសម្រេចនូវអ្វី ដែលមនុស្សម្នាក់ប្រាថ្នាចង់បាន " ។ ពេលប្រើរួមបញ្ចូលគ្នា និយមន័យនេះបង្កើតបានជាទស្សនៈទានមួយថា "ហេតុផលដែលត្រូវរស់នៅ" ឬគំនិតនៃការមានគោលគោលដៅ នៅក្នុងជីវិត”។

ពាក្យ Ikigai នេះក៏មានការជាប់ពាក់ព័ន្ធជាប្រវត្តិសាស្ត្រផងដែរ ដោយពាក្យ gai មានប្រភពចេញពីពាក្យ kai ដែលមានន័យថា សំបកខ្យង។ យោងតាមលោក Akihiro Hasegawa អ្នកចិត្តសាស្ត្រ និងជាសាស្ត្រាចារ្យ នៅសាកលវិទ្យាល័យ Toyo Eiwa បានឱ្យដឹងថា សំបកខ្យងទាំងនេះ ត្រូវបានគេចាត់ទុកថា ជាវត្ថុមានតម្លៃខ្លាំងបំផុត ក្នុងយុគសម័យ Heian (ឆ្នាំ ៧៩៤-១១៨៥) ដោយវាបន្ថែមអត្ថន័យដល់តម្លៃនៃការរស់នៅ ។ ដើម្បីស្វែងយល់ពីហេតុផល ឬគោលបំណងនេះ អ្នកជំនាញណែនាំឱ្យចាប់ផ្តើមសួរខ្លួនឯងនូវសំណួរចំនួនបួន៖

តើអ្នកស្រឡាញ់ចូលចិត្ដអ្វី?

តើអ្នកពូកែខាងអ្វី?

តើអ្វីអាចផ្ដល់អ្វីខ្លះដល់ពិភពលោក?

តើអ្វី ដែលអ្នកធ្វើដើម្បីដូរយកប្រាក់កម្រៃ?

ការស្វែងរកចម្លើយ និងតុល្យភាពរវាងសំណូរទាំង ៤ នេះ អាចជាមាគ៌ាឆ្ពោះទៅកាន់ទ្រឹស្ដី ikigai សម្រាប់ជនបរទេស ដែលស្វែងរកការបកស្រាយយ៉ាងឆាប់រហ័សនៃទស្សនវិជ្ជានេះ។ ប៉ុន្តែនៅប្រទេសជប៉ុនពាក្យ ikigai ជាដំណើរការដ៏យឺត ហើយជារឿយៗមិនទាក់ទងនឹងការងារឬប្រាក់ចំណូលនោះទេ។

នៅក្នុងការស្ទង់មតិមួយ កាលពីឆ្នាំ ២០១០ ដែលធ្វើឡើងលើបុរស និងស្ត្រីជប៉ុនចំនួន ២,០០០ នាក់ គឺមានតែអ្នកចូលរួម ៣១% ប៉ុណ្ណោះ បានចាត់ទុក ការងារជា ikigai របស់ពួកគេ។

លោក Gordon Matthews សាស្ត្រាចារ្យផ្នែកនរវិទ្យា នៅសាកលវិទ្យាល័យចិនហុងកុង និងជាអ្នកនិពន្ធសៀវភៅ What Makes Life Worth Living?: How Japanese and Americans Make Sense of Their Worlds” បានប្រាប់ Telegraph ថា របៀបដែលមនុស្សយល់អំពីពាក្យ ikigai ប្រាកដណាស់ អាចបង្កើតជាមាគ៌ាឆ្ពោះទៅកាន់ទស្សនៈទានពីរផ្សេងទៀតបស់ជប៉ុនគឺ ittaikan និង jiko jitsugen ។ Itaikkan មានន័យថា "អារម្មណ៍នៃការឯកភាពជាមួយ ឬការប្តេជ្ញាចិត្តចំពោះក្រុម ឬតួនាទី" ខណៈដែលពាក្យ jiko jitsugen មានការសង្កត់ន័យបន្ថែម ចំពោះ”ការសាងសក្តានុពលឱ្យខ្លួនឯង”។

យោងតាមលោក Dan Buettner អ្នកឯកទេស នៅតំបន់ខៀវ(Blue Zones ) ជាតំបន់ ដែលមនុស្ស មានអាយុវែងជាងគេនោះ បានឱ្យដឹងថា ទស្សនៈ ikigai នេះបានធ្វើឱ្យជីវិតរបស់ប្រជាជនលើដីកោះនេះ មានភាពល្អប្រសើរ។ លោក បាននិយាយថា ដោយមានការរួមបញ្ចូលជាមួយរបបអាហារល្អៗ និងបណ្តាញគាំទ្រពីមិត្តភក្តិនោះ "moai", ikigai នេះ កំពុងជួយមនុស្សឱ្យរស់នៅបានយូរ នៅលើកោះអូគីណាវ៉ា ព្រោះតែវាផ្តល់គោលគោលដៅដល់ពួកគេ ដោយកោះនេះ មានទាំងគ្រូបង្វឹកការ៉ាតេ អ្នកនេសាទ លោកយាយវ័យចំណាស់បំផុត ដែលអ្នកទាំងនោះ មានអាយុវែងជាង ១០០ ឆ្នាំ ជាឧទាហរណ៍ស្រាប់ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ weforum