(ប៉េកាំង)៖ ពីឡុតជនជាតិចិនមួយរូបទទួលបានរង្វាន់លើកទឹកចិត្ត សម្រាប់ជោគជ័យរបស់លោក ក្នុងការបញ្ជៀសការប៉ះទង្គិចគ្នាមួយ រវាងយន្តហោះពីរគ្រឿងដែលស្ទើរតែនឹងបានកើតឡើងទៅហើយនោះ នៅឯអាកាសយានដ្ឋាន Hongiao ក្នុងទីក្រុង Shainghai ប្រទេសចិន កាលពីខែតុលាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រលប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក He Chao ដែលជាពីឡុតយន្តហោះ A320 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern ត្រូវបានប្រគល់ជូនរង្វាន់ជាសាច់ប្រាក់ចំនួន ៣លានយ័នដែលស្មើនឹង៤៤៤,៥០០ដុល្លារអាមេរិកពីក្រុមហ៊ុន ហើយសហសេវិករបស់យន្តហោះនោះក៏ទទួលបានទឹកប្រាក់ចំនួន៦០០,០០០យ័ន (ជិត៩ម៉ឺនដុល្លារ) ផងដែរ នៅថ្ងៃព្រហស្បតិ៍នេះ។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១១ ខែតុលា នៅពេលដែលយន្តហោះ A320 បម្រុងនឹងធ្វើការហោះហើរចាកចេញពីអាកាសយានដ្ឋាន Hongiao ក៏ស្រាប់តែ មានយន្តហោះ A330 មួយគ្រឿងផ្សេងទៀតបានឆ្លងកាត់ពីមុខនៅលើផ្លូវធ្វើដំណើរតែមួយ ហើយខណៈពេលនោះដោយសារលោក Chao អាចរកដំណោះស្រាយបានយ៉ាងឆាប់រហ័ស ក៏បានសម្រេចចិត្តធ្វើការហោះឡើងជាបន្ទាន់ ដើម្បីបញ្ជៀសការបុកគ្នាដែលអាចនឹង ឆក់យកជីវិតមនុស្សរាប់រយនាក់ នៅលើយន្តហោះដឹកអ្នកដំណើរទាំងពីរនោះ។

ជាមួយគ្នានេះដែរ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញនៅរយៈពេល១០ថ្ងៃក្រោយ រដ្ឋបាលអាកាចរណ៍ស៊ីវិល នៃប្រទេសចិន បានអះអាងថា ហេតុការណ៍នោះបានបង្កឡើងដោយសារតែកំហុសមកពីខាងស្ថានីយ៍គ្រប់ការហោះហើរ ហើយបុគ្គលិកចំនួន១៣នាក់ បានទទួលរងការពិន័យ និងត្រូវបានដកហូតអាជ្ញាប័ណ្ណ សម្រាប់ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសថែមទៀតផង៕

ប្រភព ៖ ស៊ិនហួរ