(ញូយ៉ក)៖ អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ បានប្រកាសច្រានចោលនូវការលើកឡើងថាអន្តរជាតិគួរតែបង្កើតកិច្ចចរចាដោយបើកចំហរជាមួយកូរ៉េខាងជើង ដើម្បីរំដោះភាពតានតឹងនៅក្នុងតំបន់ ដោយអះអាងថាមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន មិនមែនជាមនុស្សមានហេតុផលដែលយើងត្រូវទៅអង្គុយពិភាក្សាជាមួយនោះឡើយ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។

អគ្គរដ្ឋទូតអាមេរិកលោកស្រី Nikki Haley អះអាងដូចខាងលើនេះ ក៏ជាការឆ្លើយតបផងដែរទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យីង ដែលបានប្រាប់ឲ្យទីក្រុងព្យុងយ៉ាងបញ្ឈប់ការបាញ់គ្រាប់មីស៊ីល-នុយក្លេអ៊ែរ និងទាមទារឲ្យអាមេរិក-កូរ៉េខាងត្បូងបញ្ឈប់សមយុទ្ធយោធាប្រចាំឆ្នាំដ៏ធំដែលគ្រោងនឹងបញ្ចប់នៅខែមេសានោះដែរ។ លោកស្រីបានអះអាងថា «ពេលនេះសហរដ្ឋអាមេរិកកំពុងតែពិនិត្យមើលចំពោះជំរើសដែលមាននៅលើតុទាំងអស់»។

លោកស្រី Nikki បញ្ជាក់យ៉ាងដូច្នេះទៀតថា «ខ្ញុំសូមកោតសរសើរចំពោះសមភាគីខ្ញុំទាំងអស់ដែលចង់ឲ្យមានកិច្ចពិភាក្សា និងចរចាគ្នាកើតឡើង ប៉ុន្តែយើងមិនអាចដោះស្រាយអ្វីជាមួយមនុស្សឥតហេតុផលនោះឡើយ។ ប្រសិនបើនោះជាប្រទេសផ្សេងវិញ យើងប្រាកដជាអាចនិយាយអំពីរឿងនេះ ហើយវានឹងមិនអាចជាបញ្ហានោះឡើយ។ នោះមិនមែនជាមនុស្សមានហេតុផល ដែលអាចធ្វើសកម្មភាពណាមួយដែលប្រកបដោយហេតុផលនោះឡើយ ហើយរូបគេ (លោក គីម ជុងអ៊ុន) ក៏មិនអាចគិតជ្រៅជ្រះដែរ»។

គួរបញ្ជាក់ថាប្រទេសកូរ៉េខាងជើងបានធ្វើតេស្តគ្រាប់មីស៊ីលចំនួន ០៤គ្រាប់កាលពីថ្ងៃព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ដើមសប្តាហ៍នេះ ស្របពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងកំពុងធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំប្រចាំឆ្នាំ។ ការបាញ់មីស៊ីលនេះបានបង្កជាការព្រួយបារម្ភពីសំណាក់ប្រទេសទាំងអស់ព័ទ្ធជុំវិញកូរ៉េខាងជើង ហើយជាហេតុដែលជម្រុញឲ្យអាមេរិក និងកូរ៉េខាងត្បូងសម្រេចជម្រុញល្បឿនបំពាក់ប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD ដែលកំពុងបង្កការខឹងសម្បារយ៉ាងខ្លាំងពីប្រទេសចិន៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី