(កំពង់ឆ្នាំង)៖ លោក ងិន ហ៊ុន ប្រធានមន្ទីរសកម្ម ខេត្តកំពង់ឆ្នាំងបានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ពាក់ព័ន្ធនិងការចោទប្រកាន់ ថាមន្ត្រីពេទ្យសត្វទទួលលុយពី ប្រជាពលរដ្ឋជាអាជីវករ កាប់ជ្រូកថ្មីចំនួន៦នាក់ ចន្លោះ៣ពាន់ទៅ៥ពាន់ដុល្លារនោះ ជារឿងមិនពិតឡើយ។

ប្រធានមន្ទីររូបនេះបានបញ្ជាក់ថា មន្ត្រីរបស់លោកបើអញ្ជឹងនោះ មានអស់ហើយម្នាក់ៗនោះ ហើយចំពោះបញ្ហាការតវ៉ារបស់អាជីវករចាស់ សុំមិនឲ្យបញ្ចូលអាជីវករថ្មី ហាក់ដូចជាខ្លាំងគួរសមពេកហើយ តែបើទោះយ៉ាងណា ខាងក្រសួងកសិកម្ម បានចេញដីកាអមប្រគល់ការងារមកដល់ នាយកដ្ឋានបសុពេទ្យ និងមន្ទីរកសិកម្មខេត្ត ដើម្បីធ្វើការដោះស្រាយ អាចធ្វើនៅថ្ងៃទី០៣ ខែកុម្ភៈ ស្អែកនេះ ខាងមន្ទីររង់ចាំតែខាងនាយកដ្ឋាន ចុះមកប៉ុណ្ណោះ។

លោក ងិន ហ៊ុន ប្រធានមន្ទីរសកម្ម ខេត្តកំពង់ឆ្នាំងថ្លែងប្រាប់ Fresh News បែបនេះបន្ទាប់ពីមានប្រភពបែកធ្លាយចេញ ពីមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានលួចបង្ហើបប្រាប់នៅព្រឹកថ្ងៃទី២ ខែកុម្ភៈឆ្នាំ២០១៦ថា មន្ទីរពេទ្យសត្វកំពុងតែព្យាយាមការពារ ក្រុមអាជីករថ្មី ខណៈទទួលបានសំណែនដ៍សន្ធឹកសន្ធាប់។

ប្រភពខាងលើបានបន្តថា នៅថ្មីៗនេះ មានសារព័ត៌មានក្នុងស្រុក បានចេញផ្សាយនៅលើគេហទំព័រ ក៏ដូចជា តាមបណ្តាញសង្គម ហ្វេសប៊ុក ចំពោះក្រុមអាជីវករចាស់ប្រតិកម្មតវ៉ា ចំពោះមន្ត្រីពេទ្យសត្វ ដែលបានដាក់បន្ថែមអាជីវករថ្មី ចំនួន៦នាក់ ចូលមកកាប់ជ្រូកលក់នៅទីសត្តឃាតភូមិទី១ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង ដោយករណីនេះ ក្រុមអាជីវករសង្ស័យមន្ត្រីពេទ្យសត្វទាំងនោះ ទទួលសំណែនពីអាជីវករក្នុងម្នាក់ៗ ចាប់ពី៣ពាន់ ទៅ៥ពាន់ដុល្លារ។

នៅព្រឹកនេះ មន្ត្រីពេទ្យសត្វ លោក ធួក គឹមឈៀង និងប្រធានការិយាល័យ លោក ក្រឹង សំអាត បានបង្គាប់ឲ្យក្រុមអាជីវករថ្មីផ្តិតមេដៃអះអាងថា ការចូលមកសុំច្បាប់អនុញ្ញាត សត្តឃាត២០១៦នេះ មិនមានការរត់ការបង់លុយឡើយ គឺគ្រាន់តែបង់ប្រាក់ចំនួន៨ពាន់រៀល ប៉ុណ្ណោះសម្រាប់ឯកសារ។ ករណីទាំងនេះ ត្រូវបានគេសរសេរលិខិតបដិសេធមួយច្បាប់ ចំពោះការចេញផ្សាយ របស់កាសែតក្នុងស្រុក ថាជារឿងមិនពិតឡើយ ដែលក្នុងអត្ថន័យលិខិតទាំងនោះ គឺជាសំដីរបស់ពេទ្យសត្វសុទ្ធសាត ប្រជាពលរដ្ឋចាំតែផ្តិតមេដៃ រួចជាការស្រេច។

ដោយឡែក ក្រុមអាជីវករចាស់ចំនួន១២នាក់ ក្នុងនោះ ភាគច្រើន៨នាក់សុទ្ធតែអះអាងដូចៗគ្នាថា ទោះជាក្មេងបៀមដៃ ក៏គេមិនជឿដែរ ដោយហេតុថា ខណៈដែលគាត់ចូលជាអាជីវករ កាលពីជាង១០ឆ្នាំមុន ក៏ពួកគាត់អស់លុយជើងការ សន្ធឹកសន្ធាប់ដែរ។ ស្ត្រីជាអាជីវករម្នាក់ បានអះអាងថា កាលពីគាត់ចូលមកសុំច្បាប់អាជីវកម្ម កាប់ជ្រូកកាលនោះ ដោយមានការដោះដូរឈ្មោះ ងែត ចិ រកស៊ីក្ស័យធន់ ទើបបញ្ចូលឈ្មោះគាត់ជំនួស គាត់បានចំណាយលុយអស់ ៤ពាន់៥រយដុល្លារ លើជើងការនៃការបញ្ចូលឈ្មោះគាត់ ជាអាជីវករកាប់ជ្រូក។

ក្រុមអាជីវករចាស់ដាក់សំណួរសួរថា បើមន្ត្រីពេទ្យសត្វមិនទទួលលុយពីក្រុមអាជីវករថ្មី បើត្រឹមតែ៨ពាន់រៀលប៉ុណ្ណោះ ចុះមូលហេតុអ្វីបានជាលោក ក្រឹង សំអាត ជាពិសេសលោក ធួក គឹមឈៀង នៅក្នុងកិច្ចប្រជុំកាលពីពេលកន្លងទៅថ្មីៗ ខំការពារមានៈដាក់បញ្ចូលអាជីវករថ្មី ខណៈពួកគាត់តវ៉ា រហូតដល់កើតជាជម្លោះពាក្យសំដី ដែលជាទង្វើរបស់មន្ត្រីរាជការខាងលើ ចេញឬកពារច្រង៉េងច្រង៉ាង ទះតុសំឡុតគំរាមកំហែងស្រែក តែអញជាជំនាញ ត្រូវតែដាក់បញ្ចូល អាជីវករបន្ថែមអញ្ជឹង ដែលមានវីដេអូឃ្លីបខាងក្រោម ជាភសត្តុតាង។

ចំណុចមួយចំនួនទៀត តាំងពីពួកគាត់ជាអាជីវករ កាប់ជ្រូកជិត២០ឆ្នាំកន្លងមកនេះ មិនដែលឃើញមន្ត្រីពេទ្យសត្វ ទៅឈរការពារត្រៀបត្រា នៅទីសត្តឃាដឡើយ ប៉ុន្តែគ្រាន់តែដាក់បញ្ចូលអាជីវករ ថ្មីភ្លាម មន្ត្រីពេទ្យសត្វ បានទៅឈរយាមការពារអាជីវករថ្មី មិនតែប៉ុណ្ណោះបាន ខ្សិបចង្អុលបង្ហាញឲ្យក្រុមអាជីវករថ្មី ឆ្លើយប្រាប់អ្នកកាសែតថា មិនមានការបង់លុយបង់កាក់ ឲ្យអ្នកណាទេ។

ជារឿយៗក្រុមមន្ត្រីពេទ្យសត្វខាងលើ បានធ្វើការបដិសេធ ចំពោះក្រុមអ្នកកាសែតថា មិនមានការប្រព្រឹត្តអំពើពុករលួយ និងច្រានចោលការចោទប្រកាន់ទាំងស្រុង ករណីនេះក្រុមអាជីវករចាស់ ចំនួន៨នាក់ បានធ្វើការអំពាវនាវ និងស្នើសុំអធិការកិច្ចរបស់ក្រសួងកសិកម្ម ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ គួរចាត់វិធានការដាក់កម្លាំងរបស់ខ្លួន ចុះស៊ើបអង្កេតអោយបានស៊ីជម្រៅ។ ដោយកន្លងមក ក្រុមអាជីវករចាស់ ជារៀងរាល់ដងប្រចាំថ្ងៃគឺជ្រូក១ក្បាល ដែលកាប់នៅទីសត្តឃាដគេយកតម្លៃផាស៊ី៥ពាន់រៀល និងបង់អោយពេទ្យសត្វ៤ពាន់រៀល ពន្ធដារ១៥០០រៀល និងក្នុងម្នាក់ៗបង់ជូនសាច់ចំឡក១ដើម និងមានថ្លៃសាំងផងដែរ គឺ៣ថ្ងៃ១២០០០រៀល៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី