(ក្រុងអាយរេស)៖ កាសែតក្នុងស្រុក La Nacional របស់អាហ្សង់ទីន បានចេញផ្សាយព្រឹកថ្ងៃចន្ទ ទី០៤ ខែកក្កដាថា កីឡាករខ្សែប្រយុទ្ធជួរមុខ Lionel Messi បានសម្រេចវិលចូលក្រុមជម្រើសជាតិអាហ្សង់ទីនវិញហើយ បន្ទាប់ពីប្រកាស ចូលនិវត្តន៍ពីជម្រើសជាតិបាន ១សប្តាហ៍។

សារព័ត៌មានដ៏ល្បីរបស់អាហ្សង់ទីន ដដែលបានបញ្ជាក់ថា កីឡាករវ័យ២៩ឆ្នាំ ដែលកំពុងប្រកបអាជីពក្នុងយក្ស អេស្ប៉ាញ FC Barcelona វិលមកវិញជាលើកទី២នេះ គឺដើម្បីជួយក្រុមរងជើងឯក World Cup 2014 លេងក្នុង World Cup 2018 នៅប្រទេសរុស្ស៊ី និងត្រៀមធ្វើការប្រកួតជម្រុះពាន ៤ឆ្នាំម្តងនេះក្នុងខែកញ្ញាខាងមុខបន្តទៀត។

សូមរំលឹកផងដែរថា បុរសកូន ២នាក់ Lionel Messi បានប្រកាសចូលនិវត្តន៍ភ្លាមៗ បន្ទាប់ពីមិនអាចជួយក្រុមពពកស អាហ្សង់ទីន ឈ្នះពានជើងឯកប្រចាំទ្វីបអាមេរិក Copa America Centenarion 2016 បន្ទាប់ពីចាញ់ ក្រុមមកពីតំបន់អាមេរិកឡាទីនដូចគ្នា ឈីលី ដោយបាល់ប៉េណាល់ទីកាត់សេចក្តី ៤-២ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ ដែលមានអាមេរិកធ្វើម្ចាស់ផ្ទះ។

តែយ៉ាងណាក៏ដោយ កាសែត La Nacional មិនបានបញ្ជាក់ថា Messi នឹងមកចូលរួមក្រុមហ្វឹកហាត់ជុំគ្នាពេលណានោះទេ ដើម្បីធ្វើជាប្រធានក្រុមដឹកនាំអាហ្សង់ទីន លេងជម្រុះ World Cup 2018 ជាបន្តទៀតប្រចាំតំបន់អាមេរិកខាង ត្បូង តែច្បាស់ថា Messi បានសម្រេចចិត្តមិនចូលនិវត្តន៍ពីក្រុមជម្រើសជាតិឡើយ បន្ទាប់ពីទទូចសុំពីប្រធានាធិបតីអាហ្សង់ទីន Mauricio Macri និងអតីតគ្រូបង្វឹករបស់ខ្លួន Diego Maradona និងបងប្អូនជនរួមជាតិអាហ្សង់ទីនថែមទៀតនោះ ព្រោះថារូបគេ ជាកីឡាករស្នូលក្នុងក្រុម និងជាបច្ច័យអាក្រក់ផងដែរ សម្រាប់កីឡាករឯទៀត ក្នុងការសម្រេចចិត្តដើរចេញពីក្រុមជម្រើសជាតិទាំងឆាប់រហ័សបែបនេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង