(វ៉ាស៊ីនតោន)៖ ទីប្រឹក្សានយោបាយជាន់ខ្ពស់មួយរូប របស់សហរដ្ឋអាមេរិក បានលើកឡើងថា ប្រសិនបើលោកស្រី ហ៊ីលឡារី គ្លីនតុន ជាប់ឆ្នោតក្លាយជាប្រធានាធិបតីនោះ រដ្ឋាភិបាលអាមេរិកថ្មីនេះ នឹងបង្កើតទណ្ឌកម្មថ្មីៗថែមទៀត ដែលនឹងផ្តល់ភាពឈឺចាប់យ៉ាងពិតប្រាកដ ទៅដល់របបដឹកនាំទីក្រុងព្យុងយ៉ាង ក្នុងន័យបង្ខំឲ្យរដ្ឋដ៏ឯកោនេះ លះបង់ចោលកម្មវិធីនុយក្លេអ៊ែរតែម្តង ដែលគោលនយោបាយនេះ គឺផ្ទុយទៅនឹងអ្វីលោក ដូណាល់ ត្រាំ ចង់បាន។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយសារព័ត៌មាន យ៉ុនហាប់ នាព្រឹកថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

ការវិភាគខាងលើនេះធ្វើឡើង ដោយលោកស្រី Laura Rosenberger ទីប្រឹក្សាជំនិតរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ទទួលបន្ទុកផ្តល់ប្រឹក្សានយោបាយ ហើយលោកស្រីបានសង្កត់ធ្ងន់ ទៀតថា «លោកស្រី គ្លីនតុន ជឿជាក់ថា យើងមិនអាច និងអនុញ្ញាតងាយៗឲ្យកូរ៉េខាងជើង ធ្វើការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ដោយជោគជ័យ ដែលនឹងក្លាយជា ការគំរាមកំហែងដ៏ធំធេង ចំពោះអាមេរិកនោះឡើយ។ លោកស្រី គ្លីនតុន ជឿជាក់ថា អាមេរិកនឹងត្រូវតែធ្វើការ ជាមួយសម្ព័ន្ធមិត្តនានា ដើម្បីបន្ថែមសម្ពាធទៅលើ កូរ៉េខាងជើង។ កន្លងមកទណ្ឌកម្មត្រូវបានដាក់ ប៉ុន្តែលើកនេះយើងត្រូវតែ បង្កើតទណ្ឌកម្មដែលនឹងបង្កក្តីឈឺចាប់ពិតៗ តែម្តងលើទីក្រុងព្យុងយ៉ាង»។

គួរបញ្ជាក់ថា ប្រសិនបើលោកស្រី គ្លីនតុន ជាប់ឆ្នោតនោះ វាប្រាកដជារឿងភាគមួយ ដែលបន្តពីលំនាំនៃការដឹកនាំ របស់ប្រធានាធិបតីជិតផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា ប៉ុន្តែអ្វីដែលនឹងក្តៅគគុក ជាងនេះទៅទៀតនោះ លោកស្រី គ្លីនតុន ត្រូវបានអ្នកវិភាគនានាអះអាងថា នឹងដឹកនាំដោយប្រើឥទ្ធិពលខ្លាំងជាងលោក អូបាម៉ា ទៅទៀត ជាក់ស្តែងគឺ ចំណាត់ការទៅលើកូរ៉េខាងជើង តែម្តង។ ងាកទៅមើលលោក ដូណាល់ ត្រាំ វិញកាលពីពេលលោកឃោសនា រកសំឡេងឆ្នោតដំបូងៗ លោកធ្លាប់បង្ហាញចេតនា ចង់កែសម្រួលទំនាក់ទំនងឲ្យជិតស្និទ្ធ ជាមួយនឹងកូរ៉េខាងជើង ហើយជាការឆ្លើយតបកូរ៉េខាងជើង ក៏បានកោតសរសើរលោក ត្រាំ ផងដែរថា ជាមេដឹកនាំចេះយល់កាលៈទេសៈ៕

ប្រភព ៖ យ៉ុនហាប់

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង