ការពេញចិត្ដ ឬជាប់ចិត្ដទៅលើរបស់អ្វីមួយដែលធ្វើឱ្យចិត្ដ និងគំនិតគិតឃើញថាល្អ ហើយស្រឡាញ់ដក់ជាប់នៅក្នុងដួងចិត្ដ ដោយមិនចង់ឱ្យរបស់ដែលខ្លួនស្រឡាញ់នោះបាត់បង់ឡើយ។ តែការស្រឡាញ់ប៉ុនប៉ងនូវអ្វីដែលខ្លួនស្រឡាញ់ គឺអ្នកខ្លះបានទទួល លទ្ធផលសមតាមសេចក្ដីប្រាថ្នា។ អ្នកខ្លះត្រូវទទួលបរាជ័យដូចជានៅក្នុងន័យរឿងស្នេហា ដោយមានសង្សារក្បត់ចិត្ដបោះបង់ចោល រីឯអ្នកខ្លះទៀតត្រូវមានស្វាមីមិនសមប្រកប វាយដំធ្វើបាបស្ទើររាល់ថ្ងៃ។

ប៉ុន្ដែការខូចចិត្ដដូចខាងលើ មិនបានធ្វើឱ្យអ្នកទទួលនូវការ ឈឺចាប់ ចាត់ទុកជាមេរៀនជូរចត់ហើយរាងចាលទេ បែរជាសិក្សាមេរៀនដ៏ជូរចត់នេះម្ដងហើយម្ដងទៀតទៅវិញ។ នៅពេលដែលត្រូវ បានគេលួងលោម បណ្ដាលឱ្យចិត្ដខ្លួនឯងមិនរឹងប៉ឹងទៅជាអាណិតអាសូរគេ។ ដូច្នេះ កត្ដាដែលធ្វើឱ្យមាន
ចិត្ដទន់ជ្រាយគឺបណ្ដាលមកពីកត្ដាដូចតទៅ៖

អបិយជំនឿ ៖ ខ្មែរយើងតែងតែចំណាំបែបជំនឿសាសនាថា មនុស្សប្រុសស្រីទាំងឡាយដែលកើតនៅថ្ងៃច័ន្ទ និងថ្ងៃពុធ គឺមានចិត្ដទន់។

ផ្លូវចិត្ដ ៖ នារីម្នាក់ចេះតែគិតថា ខ្លួនឯងកើតមកជាកូនអ្នកក្រ រៀនក៏មិនបានខ្ពស់ ហើយឪពុកម្ដាយមានជម្ងឺជាទម្ងន់ទៀត តើធ្វើម្ដេចនឹងមានប្រាក់មកព្យាបាលជម្ងឺឪពុកម្ដាយ និងជួយជីវភាពគ្រួសារឱ្យបានធូរធារ។ ការគិតទាំងអស់នេះត្រូវបានជនដែលមានគំនិតខូចឆ្លៀតឱកាសមកលួងលោម ចង់យកទៅលក់។ ដោយជនអាក្រក់នោះពូកែនិយាយថា នឹងរកការងារឱ្យធ្វើហើយ ទទួលបានប្រាក់ច្រើនអាចមកជួយគ្រួសារ រហូតដល់ពង្វក់ចិត្ដនារីម្នាក់នេះដល់ទន់ចិត្ដ ជឿលើសម្ដីបោកប្រាស់គេ។

លួងលោម ៖ គេសង្កេតឃើញថា នៅក្នុងគ្រួសារដែលមានអំពើហិង្សា ប្ដីវ៉ៃប្រពន្ធស្ទើររៀងរាល់ថ្ងៃ បែរជាមានកូន ច្រើនទៅវិញ។ នេះដោយតែប្ដីវ៉ៃប្រពន្ធហើយ មកលួងលោមប្រពន្ធវិញរាល់ពេលដែលវ៉ៃហើយ រួចប្រពន្ធចិត្ដទន់លើកលែងទោសឱ្យប្ដី ក៏បង្កើតបានជាកូនច្រើន(ខ្មែរយើងច្រើនហៅថា កូនមួយកន្ទេល)។

គ្មានការពិចារណា ៖ កុមារអាចក្លាយជាឃាតករដោយមិនដឹងខ្លួន នៅពេលដែលមនុស្សធំមកលួងលោមឱ្យធ្វើអំពើមិនគប្បី ដោយសន្យាថានឹងឱ្យរបស់អ្វីមួយដែលកុមារពេញចិត្ដ។ ភាពលួងលោមនេះធ្វើឱ្យកុមារមិនបានគិតវែងឆ្ងាយដូចមនុស្សធំទេ បណ្ដាលឱ្យកុមារចិត្ដទន់ប្រព្រឹត្ដតាមបញ្ជាគេ។

ការបង្ខិតបង្ខំ ៖ អ្នកខ្លះចិត្ដទន់ដោយសារការបង្ខិតបង្ខំ ជាឧទាហរណ៍ ដូចជាចៅហ្វាយនាយ និងកូនចៅ។ ការងារ លំបាកខ្លាំងដែលកូនចៅមិនចង់ធ្វើ បើសិនចៅហ្វាយប្រើឱ្យធ្វើកូនចៅត្រូវតែធ្វើទាំងមិនពេញចិត្ដ។

ចិត្ដទន់ជ្រាយអាចបង្កឱ្យមានផលវិបាកជាច្រើន ៖

១. ងាយរងគ្រោះក្លាយជាឃាតករ

២. រស់នៅដោយគ្មានសេរីភាព

៣. ធ្វើឱ្យការរស់នៅមានការលំបាក

៤. ធ្វើឱ្យបាត់បង់ជីវិតជាដើម។

គួរធ្វើបែបណាដើម្បីដោះស្រាយបញ្ហានេះ?

តាមការស្រាវជ្រាវគេឃើញថា អ្នកដែលមានចិត្ដទន់ជ្រាយច្រើនគឺជាស្ដ្រី។ ដូចនេះ ដើម្បីចៀសវាងផលវិបាកទៅថ្ងៃ ក្រោយដោយសារមានចិត្ដទន់ជ្រាយ ស្ដ្រីត្រូវយល់ដឹងពីអត្ដចរិត និងចិត្ដខ្លួនឯងឱ្យបានច្បាស់ជាមុនសិន ទើបយល់ច្បាស់ពីអត្ដចរិត និងចិត្ដអ្នកដទៃជាក្រោយ។ ការធ្វើដូចនេះអាចជួយកាត់បន្ថយចិត្ដទន់ជ្រាយបាន៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ HC