(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត បានប្រើសិទ្ធិក្នុងការបញ្ចេញមតិរបស់ខ្លួន នៅក្រៅក្របខណ្ឌ ដែលច្បាប់បានកំណត់ ហើយប៉ះពាល់ដល់អ្នកដទៃ។

លោក សុខ ឥសាន បានបញ្ជាក់បែបនេះ បន្ទាប់ពីលោកបានចូលផ្តល់ចម្លើយ និងភស្តុតាងជូន តុលាការក្រុងភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦នេះ ជុំវិញការដាក់ពាក្យប្តឹង លោក អ៊ូ វីរៈ ពីបទបរិហារកេរ្តិ៍គណបក្សប្រជាជនកម្ពុជា តាមរយៈប្រព័ន្ធផ្សព្វផ្សាយ។

ឆ្លើយនឹងសំណួរអ្នកសារព័ត៌មាន លោក សុខ ឥសាន្ត បានលើកយកទិដ្ឋភាពច្បាប់មកបង្ហាញថា «ប្រជាពលរដ្ឋ មានសិទ្ធិក្នុងការបញ្ចេញមតិ ក្នុងការសរសេរ ក្នុងការនិពន្ធផ្សេងៗ ហើយសិទ្ធិនេះ មិនត្រូវឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃទេ អញ្ចឹងគាត់ (លោក អ៊ូ វីរៈ) បានបញ្ចេញសិទ្ធិនេះ ក្រៅក្របខណ្ឌ ដេលច្បាប់បានកំណត់ គឺច្បាប់មិនបានបញ្ជាក់ថា ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិបរិហារកេរ្តិ៍គេនោះទេ»។

លោកបានបន្ថែមថា «អ្វីដែលច្បាប់មិនបានកំណត់ គាត់មិនត្រូវធ្វើនោះទេ ប៉ុន្តែបើគាត់ធ្វើនោះមានន័យថា គាត់រំលោភច្បាប់ និងសិទ្ធិអ្នកដទៃ»។

កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ គណបក្សប្រជាជនកម្ពុជា តំណាងដោយលោក សុខ ឥសាន បានដាក់ពាក្យប្តឹង លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ទៅសាលាដំបូងរាជធានីភ្នំពេញពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដោយទាមទារសំណងប៉ះពាល់ដល់គណបក្ស ចំនួន៤០០លានរៀល។

ដើមហេតុដែលឈានដល់ការដាក់ពាក្យប្តឹងអ្នកវិភាគរូបនេះ ត្រូវបានមន្រ្តីគណបក្សប្រជាជនបញ្ជាក់ថា ដោយសារតែ លោក អ៊ូ វីរៈ បាននិយាយ វាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា តាមរយៈវិទ្យុអាស៊ីសេរី ចំពោះករណីស្នេហារវាង លោក កឹម សុខា និង កញ្ញា ខុម ចាន់តារាទីហៅស្រីមុំ ដែលថាគណបក្សប្រជាជនបានព្យាយាមសង្កត់បក្សប្រឆាំង តាមមធ្យោបាយនេះ។

លោក សុខ ឥសាន បាននិយាយថា គណបក្សប្រជាជនកម្ពុជា មិនបានទៅពាក់ព័ន្ធនឹងរឿងបុគ្គល ដូចដែលលោក អ៊ូ វីរៈ លើកឡើងនោះទេ។

ទោះជាយ៉ាងនេះក្តី តាមបណ្តាញសារព័ត៌មានមួយចំនួន លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតកម្ពុជា ដែលរងនូវពាក្យបណ្តឹងនេះ បានអះអាងថា លោកនឹងចូលបំភ្លឺតាមការកោះហៅរបស់តុលាការ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ខាងមុខនេះ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី