អង្គការនីតិបញ្ញត្ដិរបស់ប្រទេស El Salvador កាលពីថ្ងៃពុធ បានអនុម័តលើសេចក្ដីស្នើច្បាប់របស់លោកប្រធានាធិបតី Nayib Bukele ដើម្បីយល់ព្រមយករូបិយប័ណ្ណ Bitcoin ធ្វើជារូបិយប័ណ្ណជាតិស្របច្បាប់ ។ ច្បាប់ស្ដីពីរូបិយប័ណ្ណ ដែលត្រូវបានអនុម័ត មានប្រសិទ្ធភាពការពាររូបិយប័ណ្ណ cryptocurrency ប្រកបដោយអំណាចអភ័យឯកសិទ្ធិយ៉ាងទូលំទូលាយ និងអនុញ្ញាតឱ្យមានការប្រើប្រាស់ឥតដែនកំណត់ នៅក្នុងដំណើរការទូទាត់ប្រាក់ ។

ផែនការ រូបិយប័ណ្ណ cryptocurrency របស់លោក Bukele មានគោលដៅលើកកំពស់សេដ្ឋកិច្ចរបស់ប្រទេស El Salvador ដោយការធ្វើសមាហរណកម្មសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ តាមរយៈផែនការលើកទឹកចិត្ដ និងបច្ចេកវិទ្យា ។ ផែនការរបស់លោក រួមបញ្ចូលទាំងការផ្ដល់ទីលំនៅអចិន្រ្ដៃជូនដល់ប្រជាពលរដ្ឋ ដែលបើកអាជីវកម្មពាក់ព័ន្ធនឹងរូបិយប័ណ្ណ Bitcoin នៅក្នុងប្រទេស El Salvador ។ យោងតាមផែនការរបស់លោកប្រធានាធិបតី រូបិយប័ណ្ណ Bitcoin នឹងត្រូវបានទទួលស្គាល់ និងប្រើប្រាស់ នៅក្នុងប្រតិបត្ដិការទូទាត់ប្រាក់ទាំងអស់ ប៉ុន្ដែនឹងមិនត្រូវជំនួសរូបិយប័ណ្ណ(ប្រាក់ដុល្លារអាមេរិក)ផ្លូវការរបស់ប្រទេស El Salvador ឡើយ។

សមាជិកស្ថាប័ននីតិបញ្ញត្ដិ បានអនុម័តលើច្បាប់ស្ដីពីរូបិយប័ណ្ណ Bitcoin ដើម្បីបង្កើនឱកាសកាងារ និងលើកកម្ពស់ការដាក់បញ្ចូលបន្ថែមផ្នែកហិរញ្ញវត្ថុចូលក្នុងប្រទេស ដោយសារតែបច្ចុប្បន្នប្រជាជន Salvador ប្រមាណ ៧០% ជួបកង្វះខាតនូវការគាំពារពីស្ថាប័នធានាគារ ។ លោក Bukele បានអបអរសាទរជ័យជម្នះរបស់ខ្លួន នៅលើបណ្ដាញ Twitter ដោយប្រកាសថា អង្គការនីតិបញ្ញត្ដិរបស់ Salvador បានអនុម័តលើពង្រាងច្បាប់ស្ដីពី រូបិយប័ណ្ណ Bitcoin របស់លោក ដោយសម្លេងភាគច្រើនរហូត ៦២ សម្លេង ពីសម្លេងឆ្នោតសរុប ៨៤ ។

ដូចដែលព័ត៌មាន Forbes បានកត់សម្គាល់នាពេលថ្មីៗនេះ បើទោះប្រទេស Salvador មានទំហំតូចក៏ដោយ កិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Bukele គឺជាព្រឹត្ដិការណ៍សំខាន់មួយ នៅក្នុងប្រវត្ដិសាស្រ្ដគោលនយោបាយរូបិយវត្ថុ ដែលជាកិច្ចខិតខំប្រឹងប្រែងមួយដ៏លំបាក សម្រាប់ប្រព័ន្ធហិរញ្ញវត្ថុសកល ។ តាមរយៈយុទ្ធសាស្រ្ដសេដ្ឋកិច្ចរបស់លោក លោក Bukele សង្ឃឹមថា ប្រជាជន Salvador ទាំងអស់ នឹងទទួលបានផលប្រយោជន៍ រួមវិភាគទានដល់ការរំពឹងទុកថានឹងរីកចម្រើននាថ្ងៃអនាគត និងបង្ហាញ ថា ប្រទេស El Salvador គឺជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាព ក្នុងការទស្សនកិច្ចកម្សាន្ដ និងវិនិយោគ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist