កោះកុង : បុរសពិកាម្នាក់ បានស្រែកថា តុលាការខេត្តកោះកុង ពិតជាអយុត្តិធម៏ណាស់ ដោយបានធ្វើការ ចោទប្រកាន់ និងផ្តន្ទាទោស កូនប្រុសរបស់លោក ឲ្យជាប់ពន្ធនាគារពី៣ទៅ៤ឆ្នាំ ដោយជាប់ពាក់ព័ន្ធការ ឈ្លោះប្រកែកគ្នាមួយ ជាមួយក្រុមមន្រ្តីបរិស្ថានកាលពីអំឡុងឆ្នាំ២០១៣កន្លងទៅ ដែលធ្វើឲ្យកាម៉េរ៉ាថតរូប និងទូរស័ព្ទរបស់មន្រ្តីបរិស្ថានធ្លាក់ ហើយខូចខាតប៉ុណ្ណោះ ។

ជាមួយគ្នានេះ ខាងភាគីជនរងគ្រោះដែលមានពិការភាព និងជីវភាពក្រីក្រផងនោះ បានឆ្ងល់យ៉ាងខ្លាំងដោយសារ តែក្រោយករណីកើតឡើង លោកបានសម្របសម្រួល រហូតតុលាការចេញដីកាព្យួរទោសកូនប្រុសរបស់លោក ប៉ុន្តែកាលពីពេលថ្មីៗនេះ ស្រាប់តែតុលាការខេត្តកោះកុង ខាងស្ថាប័នអយ្យការបាចេញដីកាបង្គាប់ឲ្យសមត្ថកិច្ច ចាប់ខ្លួន និងផ្តន្ទាទោសកូនប្រុសរបស់លោក ដាក់ពន្ធនាគារចំនួន៤ឆ្នាំទៀតផង ហេតុដូច្នេះហើយ លោកមានតែ លើកម្រាមដៃដប់ សំពះសូមការសណ្តោសប្រណី និងជួយអន្តរាគមន៏ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាក្រកម្ពុជា ឲ្យមានការស៊ើបអង្កេតករណីនេះឡើងវិញ។

ជួបជាមួយភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ប្រចាំខេត្តកោះកុង នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥នេះ បុរសពិការលើកាយសម្បទាលោក មុំ សុធា មានទីលំនៅភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគីរីសាគរខេត្តកោះកុង បាននិយាយពីប្រព័ន្ធតុលាការខេត្តកោះកុងដែលមានភាពអយុត្តិធម៌ ចំពោះការកាត់ទោស កូនរបស់គាត់ដោយ បង្គាប់ឲ្យចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែកុម្ភា: ឆ្នាំ២០១៤ ក្រោមបទចោទប្រកាន់ ហិង្សាដោយចេតនានិង ធ្វើឲ្យខូចខាតដោយចេតនា ដែលប្រព្រឹត្តនៅភូមិពាំកាយ ឃុំកោះស្តេច ស្រុកគីរីសាគី ខេត្តកោះកុង កាលពី ថ្ងៃទី៤ខែធ្នូឆ្នា២០១៣។

ចំពោះដំណើររឿងនេះ លោក មុំ សុធា បានរំលឹកថា កាលពីចុងខែធ្នូ ឆ្នាំ២០១៣ ដោយសារតែផ្ទះកាន់តែឌ្រុទ ទ្រោមនោះ លោកបានសុំការយោគយល់ ពីក្រុមមន្រ្តីបរិស្ថានទៅកាប់ឈើមកធ្វើផ្ទះ ហើយត្រូវបានមន្រ្តីទាំងនោះ ទារលុយថ្លៃបាយចំនួន៥ម៉ឺនរៀល ។

ក្រោយពេលឲ្យលុយ និងសុំការអនុញ្ញាតពីមន្រ្តីបរិស្ថានទាំងនោះ លោក មុំ សុធា និងកូនប្រុសបានទៅកាប់ឈើ ជាង៤០ដើម ដឹកតាមទូក ក៏ត្រូវបានមន្រ្តីបរិស្ថានទាំងនេះ ចាប់ទូកដោយទារលុយបន្ថែម២០ម៉ឺនរៀល ។ ដោយសារតែគ្មានលុយគ្រប់បង់ជូន ក៏ត្រូវបានក្រុមមន្រ្តីបរិស្ថានអូសយកឈើទាំងនោះ ទៅរក្សាទុកនៅទី ស្នាក់ការ ហើយ២ទៅ៣ថ្ងៃក្រោយមក គាត់បានយកលុយ ចំនួន២០ម៉ឺនរៀល ឲ្យទៅមន្រ្តីបរិស្ថាន ដើម្បីសុំយក ឈើទាំងនោះ ប៉ុន្តែពួកគេ មិនត្រឹមតែយកលុយពីគាត់ឡើយ ថែមទាំងយកឈើគាត់ទាំងនោះលក់ទៀតផង ។ ដោយទប់កំហឹងមិនបាន គាត់ក៏បានប្រើពាក្យសម្តី មិនសមរម្យ ដល់មន្រ្តីបរិស្ថានទាំងនោះ រហូតធ្វើឲ្យពួកគេ គុំគួន ហើយ៣ទៅ៤ថ្ងៃក្រោយមក មានកម្មវិធីហូបនំបញ្ចុកនៅផ្ទះមេភូមិ ពេលនោះមន្រ្តីបរិស្ថាន បានយកកាម៉េរ៉ា ទៅថតរូបគាត់ ស្រាប់តែកូនប្រុសគាត់សួរថា ហេតុអីមកថតឪពុកខ្ញុំ គាត់មិនមែនជាជនល្មើសទេ តែមន្រ្តីបរិស្ថានឆ្លើយតបវិញថា ស្រេចតែអញ ។

ដោយសារពាក្យសំដី និងសកម្មភាពទាំងនេះ កូនប្រុសរបស់លោក បានប្រើពាក្យមិនសមរម្យ រហូតមានអំពើ ហិង្សា វាយតប់គ្នារហូត ធ្វើឲ្យកាម៉េរ៉ា និងទូរស័ព្ទ របស់មន្រ្តីបរិស្ថានធ្លាក់បែកតែម្តង ដែលរឿងនេះហើយ នាំឲ្យភាគីមន្រ្តីបរិស្ថានប្តឹងគាត់ទៅតុលាការ ។

លោក មុំ សុធា បាននិយាយថា កាលពីថ្ងៃទី១៧ខែកុម្ភ: ឆ្នាំ២០១៤ តំណាងអយ្យការអមសាលាដំបូង ខេត្តកោះកុង លោក ប៊ូ ប៊ុនហាំង បានចេញដីកាលេខ:៩៧៧ អ.យ/១៤ ឲ្យដំណឹងអំពីសេចក្តីសម្រេច របស់តុលាការធ្វើនៅកោះកុងថ្ងៃទី០៩ខែកញ្ញា ឆ្នាំ២០១៤ ដោយសម្រេចផ្តន្ទាទោសឈ្មោះ មុំ ឌីណា ភេទប្រុស អាយុ២៧ឆ្នាំ កំណត់ដាក់ពន្ធនាគារ០៣ឆ្នាំ(បីឆ្នាំ) ព្យូរទោស ពីបទហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយ ចេតនា ប្រព្រឹត្តនៅភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង កាលពីថ្ងៃទី០៤ ខែធ្នូឆ្នាំ២០១៣ ហើយបង្គាប់ឲ្យកូនគាត់ឈ្មោះ មុំ ឌីណាសងប្រាក់ចំនួន ៤.០០០.០០០ រៀល (បួនលាន់រៀល)ទៅឲ្យឈ្មោះ ឡាយគុណត្រូវជាដើមបណ្តឹងដែលត្រូវខូចខាតកាំម៉ារ៉ា១គ្រឿងទូរស័ព្ទដៃ១គ្រឿងទៅឲ្យម្ចាស់ដើមវិញ។

បុរសពិការម្នាក់នេះ បានបន្តថា ចំពោះសំណុំកូនគាត់នេះ បានដោះស្រាយគ្នារួចរាល់ហើយនិង មានការឯកភាព ភាគីទាំងសងខាង ប៉ុន្តែ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៥កន្លងទៅ ស្រាប់តែមានដីកាបង្គាប់ឲ្យចាប់ខ្លួន របស់អយ្យការអមសាលាដំបូងខេត្តកោះកុងលេខ:១៧.អ យ.១៥ធ្វើនៅកោះកុងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ មានត្រានិងហត្ថលេខាតំណាងអយ្យការ ប៊ូ ប៊ុនហាង ព្រះរាជ្ញាទៅចាប់ខ្លួនកូនគាត់ម្តងទៀត ដោយចោទ ប្រកាន់បទហឹង្សាដោយចេតនានិងធ្វើឲ្យខូចខាតដោយចេតនាដដែល ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ០៤ឆ្នាំទៅវិញ។

ហេតុដូច្នេះគាត់មានចម្ងល់និងសូមឲ្យ សម្តេចតេជោ ហ៊ុន សែន និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មេត្តាជួយរកភាព យុត្តិធម៌ឲ្យក្រុមគ្រួសារគាត់ផងព្រោះគ្រួសារគាត់រាល់ថ្ងៃមានភាពក្រីក្រណាស់ តើតុលាការយុត្តិធម៌ ចំពោះក្រុម គ្រួសារគាត់ដែរអត់ហើយគាត់បានបញ្ជាក់ថា ផ្តន្ទាទោសដាក់ពន្ធនាគារ៣ឆ្នាំ ហើយឥឡូវដីការមួយទៀត៤ឆ្នាំ ដោយឥឡូវកូនគាត់នៅក្នុងនៅក្នុងគុក ។

យ៉ាងណាក៏ដោយ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចស្វែងរកការបកស្រាយបាននៅឡើយទេ ពីតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល