ភ្នំពេញ៖ ស្ពានអ្នកលឿង ឬស្ពាន «ត្សឹបាសា» តម្លៃប្រមាណ ៩៥លានដុល្លារអាម៉េរិក ដែលជាជំនួយឥតសំណង នៃចំណងដ៏ស្អិតល្មួតរាជរដ្ឋាភិបាលជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នឹងបើកសម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការហើយនាព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០១៥នេះ។ «ត្សឹបាសា» សមិទ្ធផលប្រវត្តិសាស្រ្ត ដ៏ថ្មីសន្លាងនេះ នឹងបញ្ចប់ទាំងស្រុងនូវបញ្ហាកកស្ទះសាឡាងអ្នកលឿង ដែលបន្លឺចេញពីមាត់ពលរដ្ឋខ្មែរច្រើនទស វត្សរ៍កន្លងទៅ ជាពិសេសពេលមានបុណ្យទានធំៗ ចូលឆ្នាំ និងភ្ជុំបិណ្ឌ។

ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកខេត្តព្រៃវែង និងស្វាយរៀង នៅពេលធ្វើដំណើរទៅស្រុកកំណើត លេងបងប្អូន សាច់ញាតិ មិត្តភក្តិ ឬក៏ត្រូវទៅប្រកបរបរជំនួញ ដំណើរកម្សាន្ត ព្យាបាលជំងឺ នៅប្រទេសវៀតណាម តែងតែនាំគ្នា រអ៊ូរទាំអំពីបញ្ហាកកស្ទះចរាចរនៅកំពង់ចម្លងអ្នកលឿង តម្រូវឲ្យពួកគេចំណាយពេលវេលាមិនតិចជាងកន្លះម៉ោង ឡើយ ដើម្បីឆ្លងសាឡាងអ្នកលឿង។ កាន់តែធ្វើឲ្យមានអារម្មណ៍ធុញទ្រាន់ថែមទៀតនោះ នារដូវបុណ្យទានធំៗ ដូចជាចូលឆ្នាំថ្មី ឬបុណ្យភ្ជុំបិណ្ឌ ពួកគេត្រូវចំណាយពេលមិនតិចជាង ២-៤ម៉ោងឡើយ ដើម្បីរង់ចាំឆ្លងសាឡាង ព្រោះតែការកកកុញដោយអ្នកដំណើរ។

នៅព្រឹកថ្ងៃទី៦ ខែមេសា នេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក អាគីហ្ស៉ូនី ស៊ីម៉ូរ៉ា អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនា សម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ប្រទេសជប៉ុន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន អ្នកលឿង ឬស្ពាន «ត្សឹបាសា» ប្រវែងជាង ២គីឡូម៉ែត្រ ដែលជាស្ពានឆ្លងទន្លេមេគង្គក្រោម មានប្រវែងវែងជាងគេ នៅកម្ពុជា។

ស្ពាន ដែលបានចំណាយពេលសាងសង់អស់រយៈជិត ៥ឆ្នាំ ហើយដាក់ឲ្យប្រើប្រាស់នៅមុនពេលបុណ្យចូលឆ្នាំថ្មី ឈានមកដល់តែមួយសប្តាហ៍នេះ នឹងក្លាយជាសមិទ្ធផលដ៏ត្រកាលសម្រាប់ចងភ្ជាប់ខេត្តកណ្តាលទៅ ខេត្តព្រៃវែង និងស្វាយរៀង ជាពិសេសប្រជាពលរដ្ឋខេត្តព្រៃវែង និងស្វាយរៀង អាចធ្វើដំណើរទៅកាន់ស្រុកកំណើតជួបជុំអ្នក មានគុណ បងប្អូនញាតិមិត្ត ដោយចិត្តសប្បាយរីករាយ។ ពួកគេលែងមានអារម្មណ៍មួរហ្មងធុញថប់ នៃការរង់ចាំ សាឡាងអ្នកលឿង ដូចឆ្នាំកន្លងទៅទៀតហើយ។

សមិទ្ធិផលកើតចេញពីតម្លៃ នៃសន្តិភាព «ត្សឹបាសា» មិនត្រឹមតែជាសមិទ្ធផលប្រវត្តិសាស្រ្តនាំមកនូវភាពរីករាយ ស្រស់ស្រាយសប្បាយចិត្ត បម្រើប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ តែស្ពានដ៏វែងនៅកម្ពុជាមួយ នេះ ក៏នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ច ដ៏សំខាន់មួយសម្រាប់ប្រទេសជាសមាជិកអាស៊ានផងដែរ។ «ត្សឹបាសា» ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន នឹងចូលរួមបម្រើប្រយោជន៍យ៉ាងសំខាន់បម្រើដល់វិស័យ ទេសចរណ៍ និងការដឹកជញ្ជូនពីប្រទេសមួយទៅកាន់ប្រទេសមួយទៀត នៅក្នុងតំបន់អាស៊ាន។

នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ បានប្រកាសនៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីខែ កន្លងទៅថា ស្ពាន «ត្សឹបាសា» នឹងក្លាយជាប្រព័ន្ធគមនាគមន៍ដ៏សំខាន់បម្រើដល់វិស័យដឹកជញ្ជូនក្នុងតំបន់អា ស៊ាន។ ដោយមើលឃើញពីសារៈសំខាន់ នៃការដឹកជញ្ជូននេះ នាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ក៏បានប្រកាស ផ្តល់ប្រាក់កម្ចីការប្រាក់ទាបបន្ថែមទៀត ដើម្បីកែលំអរផ្លូវជាតិលេខ ៥ ដែលជាផ្លូវជាតិសំខាន់បំផុតមួយតភ្ជាប់រាជ ធានីភ្នំពេញ និងព្រំដែនកម្ពុជា-ថៃ។ គម្រោងកែលំអរផ្លូវមានទឹកប្រាក់ប្រហែល ១៦០លានដុល្លារអាម៉េរិកនេះ ត្រូវ បានចុះហត្ថលេខារួចរាល់ហើយរវាងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា លោក គូម៉ាម៉ារូ យូជិ កាលពីព្រឹកថ្ងៃទី៣០ ខែមីនា កន្លងទៅថ្មីៗនេះ។

ស្ពាន «ត្សឹបាសា» ដែលដាក់សម្ពោធឲ្យប្រើប្រាស់នៅចំឆ្នាំខួបទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ក៏បាន បង្ហាញឲ្យឃើញពីទំនាក់ទំនង ដ៏ស្និទ្ធស្នាលផងដែររវាងរាជរដ្ឋាភិបាលជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជារបស់សម្តេច តេជោ ហ៊ុន សែន។ ក្នុងឱកាសចាក់បេតុងភ្ជាប់ស្ពានកាលពីខែមករា សម្តេចតេជោ បានបញ្ជាក់ថា ស្ពាន «ត្សឹបា សា» ដែលមានខ្សែកាប្លិ៍យោងសងខាង ប្រៀបដូចបក្សីមួយគូ តំណាងឲ្យកម្ពុជា-ជប៉ុន កាន់ដៃគ្នាហោះលើវេហា ឈានទៅរកចំណងសាមគ្គីភាពដ៏ស្អិតល្មួត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយគ្នា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្រៅពីការសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន «ត្សឹបាសា» នេះ នៅមានសមិទ្ធផលជាច្រើនផ្សេងទៀត សុទ្ធសឹងបម្រើដល់ការដឹកជញ្ជូន និងធ្វើដំណើររបស់ប្រជាពលរដ្ឋខ្មែរ ក៏ ត្រូវបានដាក់សម្ពោធដាក់ឲ្យប្រើប្រាស់រួចរាល់ហើយផងដែរនៅក្នុងឆ្នាំចាស់ ដែលជិតកន្លងផុតនេះ មានដូចជា៖ ផ្លូវលេខ ៥៧បេ ប្រវែងជិត ២០០គីឡូម៉ែត្រ ស្ថិតក្នុងខេត្តបាត់ដំបង ស្ពានអាកាសស្ទឹងមានជ័យ ស្ពានជ្រោយ ចង្វារទី២ ឆ្លងកាត់ទន្លេសាប ប្រវែង ជាង ៧០០ម៉ែត្រ ស្ពានតាខ្មៅ ប្រវែងជាង ៨៥៥ម៉ែត្រ ឆ្លងកាត់ទន្លេបាសាក់ ស្ពានស្ទឹងត្រែងប្រវែងជាង ១គីឡូម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គលើ តភ្ជាប់ផ្លូវជាតិលេខ៩ (ស្ទឹងត្រែង-ព្រះវិហារ) ។

សមិទ្ធផលទាំងអស់ ដែលបានកើតមានក្នុងឆ្នាំចាស់ ឆ្នាំមមី ឆស័ក ព.ស២៥៥៨ និង ក្លាយជាមធ្យោបាយ ដ៏សំ ខាន់បំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេស ការធ្វើដំណើរទៅជួបជុំគ្រួសារនាឱកាសឆ្នាំថ្មី ឆ្នាំ មមែ សប្តស័ក ព.ស ២៥៥៩ ដែលនឹងចូលមកដល់នាសប្តាហ៍ក្រោយនេះ។

សមិទ្ធផលខាងលើ រួមទាំងស្ពាន «ត្សឹបាសា» ផងដែរ ពិតជាមិនអាចបំពេញមហិច្ឆតា នៃការស្រេកឃ្លានភាពរីក ចម្រើនរបស់ប្រជាពលរដ្ឋកម្ពុជា ដែលធ្លាប់រស់ដ៏លំបាកវេទនាក្នុងភ្នក់ភ្លើងសង្រ្គាមបាននោះឡើយ។ តែទោះជា យ៉ាងណាសមិទ្ធផលទាំងអស់ ក្នុងសតវត្សរ៍ទី២១នេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ សម្រាប់ប្រជា ពលរដ្ឋកម្ពុជា ព្រោះជាសមិទ្ធផលកើតចេញពីតម្លៃសន្តិភាព ដែលរកបានមកដោយលំបាក នៃការរួបរួម និងខិតខំ របស់ប្រជាពលរដ្ឋខ្មែរ ក្រោយពេលបញ្ចប់ការកាប់សម្លាប់គ្នាជាង ៣០ឆ្នាំចុងក្រោយនេះ។ ដូចដែលនាយករដ្ឋមន្រ្តី កម្ពុជា បានបញ្ជាក់ថា «ដរាបណារក្សាបាននូវសន្តិភាព មិនខ្លាចខ្វះឱកាសក្នុងការអភិវឌ្ឍន៍នោះឡើយ!»។

សមិទ្ធផលទាំងអស់នេះ រំពឹងថា នឹងក្លាយជាអំណរសាទរ ដ៏ធំមួយសម្រាប់ប្រជាពលរដ្ឋខ្មែរនាឱកាសឆ្នាំថ្មី។ ប្រជា ពលរដ្ឋខ្មែរ ក៏សូមថ្លែងអំណរ គុណដល់រាជរដ្ឋាភិបាលជប៉ុន ប្រជាជនជប៉ុន រួមនិងបណ្តាប្រទេស ប្រជាជនជា មិត្តជាច្រើនទៀត ដែលតែងតែផ្តល់ជំនួយអភិវឌ្ឍ និងជ្រោមជ្រែងរក្សាសន្តិភាពក្នុងប្រទេស ដ៏កម្សត់ ក្នុងតំបន់ អាស៊ី-អាគ្នេយ៍មួយនេះ។

សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិថែរក្សាចក្រវាឡ ទេវតាថែរក្សាស្វេតឆត្រ ព្រលឹងបុព្វវីរជនខ្មែរ ទេវតាឆ្នាំថ្មី ព្រះនាង រាក្សសាទេវី សូមជួយតាមរក្សាបីបាច់មាតុភូមិកម្ពុជាឲ្យជួបតែសុខសន្តិភាព។ តាមជួយឃុំគ្រងថ្នាក់ដឹកនាំកម្ពុជា គ្រប់ស្រទាប់វណ្ណៈ និងនិន្នាការនយោបាយ ប្រកបដោយសេចក្តីសុខសប្បាយ បញ្ញាប្រកបដោយការឈ្លាសវៃ ស្រុះស្រួលមូលមតិរួមគ្នាអភិវឌ្ឍនាំមកនូវឧត្តមប្រយោជន៍សម្រាប់សង្គម និងប្រជាពលរដ្ឋកម្ពុជា បញ្ចៀសឲ្យអស់ គ្រោះកាច់ចង្រៃ និងការប៉ុនប៉ងនាំអន្តរាយពីបុគ្គល និង ប្រទេសអមិត្តទាំងឡាយ។ សូមឲ្យកម្ពុជា ស្គាល់តែភាពរីក ចម្រើនលូតលាស់ និង ការអភិវឌ្ឍន៍គ្រប់ពេលវេលា៕

<object width="500" height="300" data="http://www.youtube.com/v/ncn_wnx54E0&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/ncn_wnx54E0&rel=1" /></object>

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល