(អាមេរិក)៖ នៅក្រោយសេចក្តីប្រកាសអំពីរបកគំហើញដ៏អស្ចារ្យមួយនាពេលថ្មីៗនេះរបស់មនុស្សជាតិ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបញ្ចេញផ្ទាំងរូបភាពដ៏គួរឲ្យទាក់ទាញជាច្រើនសន្លឹកស្តីពី «ការធ្វើដំណើរទេសចរណ៍នៅទីអវកាស» ដើម្បីកត់ចំណាំពីការរកឃើញនៃភពចំនួន០៧ ដែលវិលជុំកូនផ្កាយតូចមួយឈ្មោះថា TRAPPIST-1 ស្ថិតនៅចម្ងាយប្រមាណជា៣៩ឆ្នាំពន្លឺពីភពផែនដី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។

ផ្កាយ TRAPPIST-1 មានសីតុណ្ហភាពទាបជាងឆ្ងាយបើធៀបទៅនឹងព្រះអាទិត្យរបស់យើង និងត្រូវបានគេចាត់ទុកថាជា «កូនផ្កាយមានកម្តៅទាបជាងគេបំផុតមួយ» ដែលមានន័យថាគេអាចនឹងរកឃើញ «វត្តមាននៃទឹក» នៅក្នុងទម្រង់ជាសារធាតុរាវលើភពទាំងប៉ុន្មានដែលស្ថិតនៅកៀកនឹងវាបំផុត។ តាមពិតទៅភពទាំង០៧ដែលទើបត្រូវបានរកឃើញថ្មីនេះ ស្ថិតនៅជិតផ្កាយរបស់ពួកវា ជាជាងភពពុធដែលស្ថិតនៅក្បែរនឹងព្រះអាទិត្យជាងគេបង្អស់ទៅទៀត ហើយភពចំនួនបីក្នុងចំណោមនោះស្ថិតនៅក្នុង «តំបន់ដែលអាចទ្រទ្រង់ជីវិត» បានដែលមានលក្ខខណ្ឌសាកសមសម្រាប់ឲ្យទឹកអាចបង្ហាញវត្តមានបាននៅទីនោះ។ អ្វីដែលពិសេសជាងនេះទៅនោះ ភពក្រៅប្រព័ន្ធព្រះអាទិត្យទាំង០៧នេះស្ថិតក្បែរគ្នាខ្លាំងរហូតដល់ថ្នាក់អាចនរណាម្នាក់ដែលឈរនៅលើភពមួយ អាចមើលឃើញលក្ខណៈភូមិសាស្រ្តរបស់ភពដទៃមួយទៀតបាន។

គួរបញ្ជាក់ថាថ្លែងក្នុងសន្និសីទសារព័ត៌មានក្នុងរដ្ឋធានីវ៉ាស៊ីនតោននាថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ទីភ្នាក់ងារអវកាស NASA បានប្រកាសអំពីរបកគំហើញនៃភពក៏ដូចជាប្រព័ន្ធផ្កាយថ្មីខាងលើនេះ ហើយវាបានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលនិងកក្រើកយ៉ាងខ្លាំង។ ហើយនាពេលនេះ NASA បានបញ្ចេញផ្ទាំងរូបភាពដ៏គួរឲ្យទាក់ទាញមួយចំនួនបង្ហាញពីភពផ្សេងៗនៅក្នុងក៏ដូចជានៅក្រៅប្រព័ន្ធព្រះអាទិត្យរបស់យើង ព្រមទាំងព្រះច័ន្ទជាច្រើនផ្សេងទៀតមកពីគ្រប់ទិសទីនៃចក្រវាឡ ដោយចាត់ទុកពួកវាថាជាគោលដៅទេសចរណ៍នាថ្ងៃឈប់សម្រាកនៅទីអវកាស។

សម្រាប់ព្រះអាទិត្យ TRAPPIST-1 គឺមានទំហំធំជាងភពព្រហស្បតិ៍របស់យើងតែបន្តិចប៉ុណ្ណោះ (ធំជាងផែនដីជាង ១,៣០០ដង) ហើយពន្លឺរបស់វាក៏ខ្សោយជាងព្រះអាទិត្យយើង ២,០០០ដងផងដែរ។ វាមានន័យថាទោះបីជាភពទាំង ០៧ គោចរកៀកនឹងផ្កាយនេះជាងភពពុធ ដែលនៅជិតហ្នឹងព្រះអាទិត្យយើងជាងគេបំផុតនោះ ក៏ទំនងជាមិនមានបញ្ហាក្តៅខ្លាំងនោះដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី