ភ្នំពេញ ៖ នៅក្នុងរយៈពេល ចុងក្រោយនេះ មន្រ្តីមួយចំនួន រាប់ទាំងមន្រ្តី នៅក្នុងជួរស៊ីវិល និងនៅ ក្នុងជួរកងកម្លាំង ប្រដាប់អាវុធ ត្រូវបានចាប់ខ្លួន ជាបន្តបន្ទាប់ ពីសំណាក់កម្លាំងសមត្ថកិច្ច និងអង្គ ភាព ប្រឆាំងអំពើពុករលួយ ដោយជាប់ពាក់ព័ន្ធ និងអំពើពុករលួយ បញ្ហាដីធ្លី និងបទល្មើសផ្សេងៗ។

សកម្មភាពទាំងនេះ ជាយុទ្ធសាស្រ្ត និងជាការកែទម្រង់ ដ៏ស៊ីជម្រៅបណ្តើរៗ របស់រាជរដ្ឋាភិបាល អាណត្តិទី៥ ដែលមានសម្តេចតេជោ សែន ជានាយករដ្ឋមន្រ្តី ក្នុងគោលបំណង បំបាត់នូវអំពើ អយុត្តិធម៌ នៅក្នុងសង្គម ព្រមទាំងជួយជំរុញ ឲ្យមានលទ្ធិប្រជាធិបតេយ្យ និងសមធម៌ពិតប្រាកដ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមាន ឫអ្នកក្រនោះទេ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ ជាច្រើននាក់ នៅតែចង់ឃើញ រាជរដ្ឋាភិបាល តាមរយៈ ក្រសួង មហាផ្ទៃ អង្គភាពប្រឆាំង អំពើពុករលួយ និងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ តាមចាប់ខ្លួន មន្រ្តីជាន់ខ្ពស់ បន្ថែមទៀត ជាពិសេស នៅក្នុងជួរតុលាការ និងកងកម្លាំង ប្រដាប់អាវុធ ដែលបានប្រព្រឹតិ្តអំពើ ពុករលួយ និងបទល្មើសធំៗ ។

ជាក់ស្តែង មន្រ្តីយោធាពាក់ ផ្កាយ២ម្នាក់ទៀត ត្រូវបានកម្លាំង សមត្ថកិច្ចពាក់ព័ន្ធ បាន និងកំពុង តាមចាប់ខ្លួន តបតាមដីកា របស់ស្ថាប័នតុលាការ ដើម្បីយកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ដោយ ជាប់ ពាក់ព័ន្ធ និងរឿងបរិហាកេរ្តិ៍ នៃសំណុំរឿងដីធ្លី ជាមួយភាគីម្ខាងទៀត ដែលគេដឹងថា ជាអតីត មន្រ្តីនគរបាល ពាក់ផ្កាយ៣ នៅក្រសួងមហាផ្ទៃ ត្រូវបានដកហូតតំណែង។

មន្រ្តីនគរបាលជាន់ខ្ពស់ រាជធានីភ្នំពេញមួយរូប បានឲ្យដឹងថា លោកឧត្តមសេនីយ៍ទោ ជា តារា ជាមន្រ្តីយោធានៅ ក្រសួងការពារជាតិ ត្រូវបានកម្លាំង សមត្ថកិច្ច ជាប់ពាក់ព័ន្ធ បាននិងកំពុងតាម ចាប់ខ្លួន ក្រោយពេលដែល ជនចាប់ចោទរូបនេះ ត្រូវបានតុលាការ កំពូលសម្រេចចេញ សាលដីកា ជាស្ថាពរ ឲ្យជាប់ពន្ធនាគារ ចំនួន៨ខែ ជាប់ពាក់ព័ន្ធ និងបទបរិហាកេរ្តិ៍ ក្រោយពេលតុលាការកំពូល បានបើកសវនាការ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ កន្លងទៅនេះ ហើយធ្វើការសម្រេចតាម ការសាលក្រម របស់សាលាដំបូង និងសាលដីកា របស់សាលាឧទ្ធរណ៍ ។

ប្រភព័ត៌មានពី មន្រ្តីនគរបាលខាងលើ បានបន្តទៀតថា ជនជាប់ចោទ ជា តារា អាយុ៤៥ឆ្នាំ ជាមន្រ្តី យោធា នៅក្រសួងការពារជាតិ រស់នៅផ្ទះលេខ២០៣ ផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌ ចំការមន ត្រូវបានសាលាដំបូង សាលាឧទ្ធរណ៍ សម្រេចចោទប្រកាន់ និងផ្តន្ទាទោសដាក់ ពន្ធនាគារ ចំនួន៨ខែ រួចហើយ ។

បើតាមមន្រ្តី នគរបាលរូបនេះ បានថ្លែងឲ្យដឹងថា មូលហេតុដែលនាំឲ្យ មានការចោទប្រកាន់ មន្រ្តីយោធាពាក់ផ្កាយ២ រូបនេះ គឺបានកើតឡើងកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០១០ ជនជាប់ចោទ បានដាក់ពាក្យបណ្តឹង លើមន្រ្តីនគរបាល នៅក្រសួងមហាផ្ទៃម្នាក់ ពាក់ផ្កាយ៣ និងដៃគូម្នាក់ទៀត ទៅកាន់តុលាការ ចោទពីបទបន្លំ អាជ្ញាធរ ក្លែងលិខិតសាធារណៈ និងឆបោកប្រាក់ ជុំវិញការលក់ ដីមួយកន្លែងនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ប៉ុន្តែក្រោយពីមានការ ស្រាវជ្រាវ និងតាមដាន រួចមក សាលាដំបូង រាជធានីភ្នំពេញ បានសម្រេចកម្កល់រឿង ឥតចាត់ការ រួចហើយ មន្រ្តីនគរបាល ខាងលើ ដែលត្រូវមន្រ្តីយោធាប្តឹងនោះ បានដាក់ពាក្យបណ្តឹងជំទាស់វិញ ដោយចោទប្រកាន់ ពីបទ បរិហាកេរ្តិ៍ ។

ប្រភព័ត៌មាន បានឲ្យដឹងថា ក្រោយពីភាគីម្ខាងបាន ដាក់ពាក្យបណ្តឹង ទៅកាន់តុលាការដំបូងរួច មន្រ្តីយោធាពាក់ផ្កាយ២ លោក ជា តារា ត្រូវបានតុលាការ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ ចំនួន៨ ខែ និងជម្ងឺចិត្តចំនួន៨០លានរៀល ដល់ដើមបណ្តឹង។

ដោយជំទាស់នឹងការ សម្រេចរបស់សាលាដំបូង រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ជា តារា តាមរយៈមេធាវីទាំង២រូបរបស់ខ្លួន បានដាក់ពាក្យបណ្តឹងបន្តទៀត នៅសាលាឧទ្ធរណ៍ តែត្រូវ សា លាឧទ្ធរណ៍ទាត់ចោលទៀត ។

ទើបចុងក្រោយ លោកឧត្តមសេនីយ៍ទោ ជា តារា បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូល តែត្រូវតុលាការកំពូល កាលពីថ្ងៃទី២៧ ខែវិច្ចិកា ឆ្នាំ២០១៣ បានសម្រេចជាស្ថាពរ ដោយចោទ ប្រកាន់ ជននេះដាក់ពន្ធនាគារ ចំនួន៨ខែ ពីបទបរិហាកេរ្តិ៍ តាមមាត្រា ៣១១ និងមាត្រា៣១២ នៃក្រមព្រហ្មទណ្ឌ ហើយបង្គាប់ឲ្យសងជំងឺចិត្តដល់ភាគីដើមបណ្តឹង ចំនួន២០លានរៀល ។

យ៉ាងណាក៏ដោយ មន្រ្តីនគរបាលរូបនេះបានបញ្ជាក់ថា រហូតមកដល់ពេលនេះ គេមិនទាន់ដឹងថា តើមន្រ្តីយោធាពាក់ផ្កាយ២ ជា តារា ស្ថិតនៅទីណាឡើយ តែសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ បាននិង កំពុងតាមចាប់ខ្លួនហើយ ដើម្បីយកមកផ្តន្ទាទោស តាមផ្លូវច្បាប់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល